ជាតិ
សង្គមជាតិ
ប៉ូលិស៣៦រូប ត្រូវបានដកងារ«ឧកញ៉ា»
× តាមសំណើរបស់នាយករដ្ឋមន្ត្រី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជាឧកញ៉ា ចេញពីនគរបាលកម្ពុជា៣៦រូប (ក្របខណ្ឌក្រសួងមហាផ្ទៃ)។ ព្រះរាជក្រឹត្យនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមព្រះរាជក្រឹត្យ នគរបាល ដែលត្រូវបញ្ចប់គោរមងារជាឧកញ៉ាទាំងនោះ រួមមាន នាយឧត្តមសេនីយ៍២រូប ឧត្តមសេនីយ៍ឯក១០រូប ឧត្តមសេនីយ៍ទោ១០រូប ឧត្តមសេនីយ៍ត្រី៤រូប វរសេនីយ៍ឯក២រូប វរសេនីយ៍ទោ៦រូប វរសេនីយ៍ត្រី១រូប និង អនុសេនីយ៍ឯក១រូប។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជាឧកញ៉ាចេញពីកងកម្លាំងប្រដាប់អាវុធ៧៥រូប ក្នុងក្របខណ្ឌក្រសួងការពារជាតិ (យោធា កងរាជអាវុធហត្ថ និង កងអង្គរក្ស)។ កងកម្លាំងប្រដាប់អាវុធទាំងនោះ រួមមាន នាយឧត្តមសេនីយ៍៦រូប ឧត្តមសេនីយ៍ឯក-ឧត្តមនាវីឯក២០រូប ឧត្តមសេនីយ៍ទោ២២រូប ឧត្តមសេនីយ៍ត្រី១៥រូប វរសេនីយ៍ឯក៦រូប និង វរសេនីយ៍ទោ៦រូប។
ប្រមុខរដ្ឋាភិបាល បានប្រកាសកន្លងមកថា នឹងមិនឲ្យមានគោរមងារជាឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធទៀតឡើយ។ ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានគោរមងារជាឧកញ៉ា សម្រេចចិត្តជ្រើសរើសយកមួយ (បើចង់បន្តធ្វើជាកងកម្លាំងប្រដាប់អាវុធ ត្រូវបោះបង់គោរមងារជាឧកញ៉ា តែបើចង់ធ្វើជាឧកញ៉ា ត្រូវឈប់ធ្វើជាកងកម្លាំងប្រដាប់អាវុធ)៕
Tag:
នគរបាល
បញ្ចប់ងារឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com