កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ជាប់​ឈ្មោះ​អ្នករៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ល្អ​បំផុត​
04, Dec 2019 , 10:19 pm        
រូបភាព
​ពានរង្វាន់​ឧស្សាហកម្ម​កីឡា​អាស៊ី ហៅ​កាត់​ថា (SPIA Asia) បានដាក់​ឈ្មោះ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ហ្វីលីពីន (PHISGOC) ជា​អ្នករៀបចំ​កីឡា​ស៊ី​ហ្គេម (SEA Games2019) ល្អ​បំផុត​។ ពានរង្វាន់​នេះ​ទទួលស្គាល់​ពី​សមិទ្ធិផល​របស់ PHISGOC ក្នុងការ​រៀបចំ​ពិធី​បើក​ការប្រកួត​ល្អ​កម្រិត​ពិភពលោក ដោយមាន​កីឡា​ចំនួន​៥៦​ប្រភេទ ក្នុង​មាន​៥៣០​វិញ្ញាសា​។​

 
SPIA Asia ជា​ស្ថាប័ន​ផ្តល់​ពានរង្វាន់​នៅ​អាស៊ី​ដែល​ផ្តោតលើ​ការទទួលស្គាល់​និង​សមិទ្ធផល​ក្នុងការ​រៀបចំ​ពិធី​នៃ​ឧស្សាហកម្ម​កីឡា​អាស៊ី​សម្រាប់​ឆ្នាំកន្លងមក​។ SPIA Asia ក៏​រៀបចំ​ផ្តល់​ពានរង្វាន់​សម្រាប់​ជ័យលាភី​កំពូល​ទាំង​១០​ក្នុង​ទ្វីបអាស៊ី ដែល​រួមមាន​ប្រភេទ​កីឡា​បុរស​ឆ្នើម​និង​នារី​នារី​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី ដែល​ទទួលបាន​មេ​ដា​មាស ប្រាក់ និង​សំរិទ្ធ​ផងដែរ​។​
 
​នាយក​ប្រតិបត្តិ SPIA លោក Eric Gottschalk បានប្រគល់​ពានរង្វាន់​នេះ​ដល់​ប្រធាន PHISGOC លោក Alan Peter Cayetano និង​ប្រធាន​ប្រតិបត្តិការ PHISGOC លោក Ramon Suzara ក្នុងអំឡុងពេល​សន្និសីទ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Grand Hyatt ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ លោក Suzara បាន​ថ្លែងអំណរគុណ​ដល់ SPIA និង​បាន​សង្កត់ធ្ងន់ថា​ការទទួលស្គាល់​នេះ​នឹង​ជំរុញ​ទឹកចិត្ត PHISGOC ឲ្យ​ខិតខំ​បន្ថែមទៀត​និង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​នៅក្នុង​ថ្ងៃ​នៅសល់​នៃ​ការប្រកួត​។​


 
​មិន​ត្រឹមតែ​ជាប់​ឈ្មោះ​ជា​ម្ចាស់ផ្ទះ​ដែល​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០១៩​នេះ​ល្អ​ប៉ុណ្ណោះ​ទេ ហ្វីលីពីន​ថែមទាំង​ត្រូវបាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ស្នើ​ឲ្យ​ដាក់​ដេញថ្លៃ​រៀប​កីឡា​អាស៊ី (Asian Games) ឆ្នាំ​២០៣០​ទៀតផង​។​
 
​បន្ទាប់ពី​ការប្រកួត​រយៈពេល​៤​ថ្ងៃ អត្ត​ព​លិ​ក​ហ្វីលីពីន​អាច​រកបាន​មេដាយមាស​៥៤ ប្រាក់​៣៦ និង​សំរឹទ្ធ​១៩ សរុប​១០៩​មេដាយ​រួចទៅហើយ ដោយ​មេដាយ​ទាំងអស់នេះ​ទទួលបាន​ស្ទើ​គ្រប់​ប្រភេទ​កីឡា​។ វៀតណាម​នៅ​លំដាប់ថ្នាក់​ទី​២​ក្នុង​តារាង​មេដាយ ដោយ​ឈ្នះ​មេដាយមាស​២៣ ប្រាក់​២៩ និង​សំរឹទ្ធ​២៧ សរុប​៧៩ តាម​ពីក្រោយ​ដោយ ម៉ាឡេស៊ី ដែល​បាន​មាស​២០ ប្រាក់​៩ និង​សំរឹទ្ធ​១៩ សរុប​៤៨៕




 

Tag:
 SEA Games
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com