ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គម្រោង​សហគ្រិន​នារី​សកម្ម​ជំរុញ​ស្ដ្រី​ឱ្យមាន​ភាពរឹងមាំ​ក្នុងការ​បង្កើត​អាជីវកម្ម​ខ្លួនឯង​
07, Dec 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) គឺជា​គម្រោង​អនុវត្ត​រយៈពេល​៥​ឆ្នាំ ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្ដរជាតិ (USAID) ដើម្បី​ជួយ​ឱ្យ​ស្ដ្រី​ខ្មែរ​វ័យក្មេង​នៅតាម​តំបន់​ទីប្រជុំជន អាច​ឈ្វេងយល់​ពី​វិថី​ឆ្ពោះទៅ​ទទួលបាន​សិទ្ធិអំណាច និង​ភាពជោគជ័យ​ក្នុងនាម​ជា​សហគ្រិន​និង​ជា​ស្ដ្រី​អ្នកដឹកនាំ ក្នុង​សហគមន៍​របស់​ពួកគេ​។ គម្រោង​នេះ នឹង​ជំរុញ​ឱ្យ​ស្ដ្រី​មាន​ភាពរឹងមាំ​ក្នុងការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
 
​នាពេល​បច្ចុប្បន្ននេះ ស្ដ្រី​ជាច្រើន​បានចេញ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង ក្នុងនោះ​មាន​ទាំង​ខ្នាតតូច​និង​មធ្យម​។ យោងតាម​របាយការណ៍​ពី​អង្គការ ផេ​ក (Pact) ដែល​គាំទ្រ​និង​លើកកម្ពស់​សហគ្រិន​ស្ដ្រី​កម្ពុជា ស្ដ្រី​ជាង ៦០​ភាគរយ​នៅ​កម្ពុ​ជាមាន​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​ភាគច្រើន​ជា​អាជីវកម្ម​ខ្នាតតូច​។ ស្ដ្រី​ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ឬ​មធ្យម ដែលមាន​បុគ្គលិក​ចាប់ពី​១០​នាក់ ឬ​ច្រើនជាង​នេះ មាន​ត្រឹមតែ​២៦​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្នុងនោះ​ជាង​២​ភាគរយ​តែប៉ុណ្ណោះ​ដែល​ចុះបញ្ជី​ផ្លូវការ​។ តួលេខ​នេះ​បង្ហាញ​ពី​ឧបសគ្គ​មិនទាន់បាន​ដោះស្រាយ ចំពោះ​សហគ្រិន​ស្ដ្រី ដែលជា​គម្លាត​សេវាកម្ម​និង​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​គាំទ្រ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ដល់​ការរីកចម្រើន​នៃ​អាជីវកម្ម​របស់​ស្ដ្រី​ដែលជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​។​


 
​ដើម្បី​ជំរុញ​កិច្ចការ​ទាំងនេះ អង្គការ ផេ​ក បាន​បើកសម្ពោធ​ការិយាល័យ​និង​គម្រោង​សហគ្រិន​នារី​សកម្ម ដែល​ហៅថា WE Act នៅ​ខេត្តសៀមរាប សម្រាប់​គាំទ្រ​សហគ្រិន​ស្ដ្រី​ទៅលើ​វិស័យ​ទាំងនេះ​។ គម្រោង​នេះ ក៏​នឹង​ធ្វើឱ្យមាន​ភាពងាយស្រួល​ដល់​សហគ្រិន​ទាំងអស់ ដើម្បី​ទទួល​បានការ​ប្រឹង​សារ​មួយ​ទាក់ទង​នឹង​អាជីវកម្ម​ពួកគេ​ផងដែរ​។​


 
​លោក Carlos Lamadrid នាយក​បេសកម្ម និង​ជា​តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ បានលើកឡើង​ក្នុង​ពិធី​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នោះ​ថា គម្រោង WE Act មានបំណង​ជំរុញ​សក្កា​នុព​ល​ដល់​សហគ្រិន​ស្ដ្រី​វ័យក្មេង ដើម្បីឱ្យ​ពួកគេ​មាន​ភាពជា​ដៃគូ មាន​ធនធាន និង​សមត្ថ​ភាពរឹងមាំ​លើ​ផ្នែក​អាជីវកម្ម​ពួកគេ​។ តាមរយៈ​អ្នកបកប្រែ លោក Carlos បន្ថែមថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​សំឡេង​ស្ដ្រី​នៅក្នុង​សហគមន៍ ក៏ដូចជា​បង្កើន​សិទ្ធិ​ជា​មូលដ្ឋាន​ដើម្បី​រៀបចំ​គោលការណ៍​នានា​ទាក់ទង​នឹង​អាជីវកម្ម​របស់​ពួកគេ​។ 


 
​លោក​បន្តថា​៖« ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ ផ្តោតលើ​ការពង្រឹង​សហគ្រិនភាព​សម្រាប់​សហ​គ្រិន​ស្ដ្រី​ចាប់ពី​ការកែទម្រង់​ទៅលើ​ក្របខណ្ឌ​នយោបាយ​នានា​ដើម្បីឱ្យ​ស្ដ្រី​អាច​ចូលរួម​ប្រកួតប្រជែង​ទៅលើ​ភាព​ស្មើភាព​គ្នា​ជាមួយនឹង​សមភាព​បុរស​ដើម្បី​ផ្តល់​លទ្ធភាព​ទទួល​ការ​ហិរញ្ញវត្ថុ​និង​ដើមទុន​ស្មើគ្នា​នឹង​បុរស​ដែរ​។ ម្យ៉ាងទៀត​គម្រោង​នេះ​បានរួម​បញ្ចូល​ទាំង​ការណែនាំ និង​កម្មវិធី​បង្វឹក​ដោយ​សហគ្រិន​ទាំង​បុរស​និង​ស្ដ្រី​ក្នុង​ការធ្វើ​សមារ​ហណកម្ម​ជាមួយគ្នា​នៅក្នុង​សហគមន៍​សហគ្រិន​ដើម្បី​បង្កើត​នូវ​អាជីវកម្ម​ផ្សេងៗ​»​។​


 
​ការដាក់​សម្ពោធ​គម្រោង​សហគ្រិន​នារី​សកម្ម​នៅ​ខេត្តសៀមរាប នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​សហគ្រិន​នៅទីនេះ ដែល​កន្លងមក​គម្រោង​ជាច្រើន​បាន​ប្រមូលផ្តុំ​នៅ​រាជធានី​ភ្នំពេញ​។ លោក Carlos យល់ថា កន្លងមក​ទាំង​សហគ្រិន​ស្ដ្រី និង​បុរស​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​ទៅកាន់​ទីក្រុង​ដើម្បី​ទទួល​អត្ថប្រយោជន៍​និង​សេវា​នានា តែ​ពី​ពេលនេះ​ទៅ ពួកគេ​អាច​ទទួលបាន​សេវាកម្ម​ទាំងនោះ​នៅ​ខេត្តសៀមរាប​បាន​។​


 
​កញ្ញា ដា​នី សហគ្រិន​នារី​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​ដំណើរការ​គម្រោង​សហគ្រិន​នារី​សកម្ម​នៅពេល​នោះដែរ ចាប់អារម្មណ៍​ចំពោះ​គម្រោង​នេះ​ជាខ្លាំង​។ ម្ចាស់​អាជីវកម្ម​ផ្នែក​សាឡ​ន​នេះ​យល់ថា គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ដល់​ស្ដ្រី​ក៏ដូចជា​លើកទឹកចិត្ត​ពួកគេ​ឱ្យមាន​ភាពរឹងមាំ​ផ្នែក​អាជីវកម្ម  និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​ពួកគេ​ឱ្យ​កាន់តែ​រឹងមាំ​។​
 
​ចំណែក​កញ្ញា ហោ ស៊ុន​ស្រស់ ម្ចាស់​សិប្បកម្ម​រុក្ខៈ ដែល​កែច្នៃ​កំប្លោក​ធ្វើជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​មាន​កាបូប​ជាដើម​នោះ ក៏​ចាប់អារម្មណ៍​ទៅនឹង​គម្រោង​ខាងលើ​នេះដែរ​។ កញ្ញា ស្រស់ យល់ថា គម្រោង​នេះ​មាន​សារសំខាន់ និង​ជា​គម្រោង​ដំបូង​ដែល​ធ្វើការ​លើកកម្ពស់​សហគ្រិន​ស្ដ្រី​នៅ​ខេត្តសៀមរាប​។ កញ្ញា​ជឿថា គម្រោង​នេះ​នឹង​ជួយ​ឱ្យ​សហគ្រិន​ស្ដ្រី​មាន​បណ្ដាញ​ជាមួយគ្នា និង​បាន​រៀនសូត្រ​ចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក​។​
 
​សម្រាប់​កញ្ញា ដា​នី ការបង្កើត​ទំនាក់ទំនង​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​ដើម្បីឱ្យ​អាជីវកម្ម​មួយ​មានការ​រីកចម្រើន​។ កញ្ញា​បន្តថា ការបង្កើត​ទំនាក់ទំនង​មិន​ថា​ទៅលើ​អ្នក​ជោគជ័យ​ឬ​មិនទាន់​ជោគជ័យ​ទេ គឺ​សំខាន់​សម្រាប់​សហគ្រិន​គ្រប់រូប​គួរ​ធ្វើ ព្រោះថា​ពួកគេ​ទាំងនោះ​ហើយនឹង​ជួយ​គាំទ្រ​រាល់​អាជីវកម្ម​របស់​យើង​។​
 
​ចំណែក​អាជីវកម្ម​របស់​កញ្ញា ស្រស់ ដែល​ធ្វើការ​ជាមួយ​ស្ដ្រី​នៅតាម​សហគមន៍ ក៏មាន​ការលំបាក​ខ្លះ​ដែរ ដែល​កញ្ញា​បាន​លើក​មក​ចែករំលែក​។ ជា​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើការ​ជាមួយ​ស្ដ្រី​នៅ​ជនបទ គឺ​ពិបាក​ក្នុងការ​ផ្លាស់ប្ដូរ​បរិបទ​ការរស់នៅ​។ កញ្ញា ស្រស់ ពន្យល់ថា ស្ដ្រី​ទាំងនោះ​ងាយ​នឹង​បោះបង់​ការខិតខំ​ប្រឹងប្រែង ទន់ជ្រាយ ពេល​ជួប​បញ្ហា​ម្ដងៗ​។ បន្ថែម​ពី​នោះ បរិយាកាស​ខាងក្រៅ​ក៏មាន​ច្រើន​ដែរ ដូចជា​ការចំណាយ​ច្រើន និង​កង្វះ​ថវិកា​ក្នុងការ​ពង្រីក​អាជីវកម្ម និង​ការចុះបញ្ជី​អាជីវកម្ម​ជាដើម​៕
 
 

Tag:
 WE Act
  អង្គការ Pact
© រក្សាសិទ្ធិដោយ thmeythmey.com