អន្តរជាតិ
អ្នកការទូតចិនប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកតាមទូរសព្ទឲ្យឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន លោក Yang Jiechi មន្រ្តីជាន់ខ្ពស់ចិន និយាយនៅក្នុងសន្និសីទកាសែតមួយក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៩។ រូបភាព៖ Reuters
× មន្ត្រីការទូតជាន់ខ្ពស់ចិនលោក Yang Jiechi នៅថ្ងៃទី៧ ខែធ្នូ បានប្រាប់ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ តាមទូរសព្ទថា អាមេរិកគួរតែបញ្ឈប់សកម្មភាពជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិនបែបនេះ គឺសំអាងទៅលើការចុះហត្ថលេខរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើសំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សក្នុងទីក្រុងហុងកុង និងការអនុម័តច្បាប់របស់រដ្ឋសភាអាមេរិកស្តីពីជនជាតិភាគតិចវីហ្គ័រ។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Yang Jiechi ដែលជាមន្ត្រីការទូតជាន់ខ្ពស់មួយរបស់ចិន បានលើកឡើងយ៉ាងដូច្នេះថា ការអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ និងច្បាប់ស្តីពីជនជាតិភាគតិចវីហ្គ័រកន្លងមក គឺជាការជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយសកម្មភាពរបស់អាមេរិកបែបនេះ គឺវាជាការបំពានច្បាប់ទំនាក់ទំនងអន្តរជាតិ។ បើតាមលោក Yang អាមេរិកគួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្ទាន់ និងចេះកែប្រែកំហុសរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន។
ក្នុងពេលជាមួយគ្នានេះដែរ លោកYang ក៏បានរិះគន់មន្ត្រីអាមេរិកផងដែរ។ ជាក់ស្តែងមន្ត្រីការទូតជាន់ខ្ពស់ចិនរូបនេះ បានគូសបញ្ជាក់ថា មន្ត្រីអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍វាយប្រហារប្រព័ន្ធនយោបាយ និងគោលនយោបាយការបរទេសចិនម្តងហើយម្តងទៀត ហើយច្បាស់ណាស់ថា វាគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ដូចនេះទីក្រុងប៉េកាំង មិនអាចទទួលយកអំពើបែបនេះបានឡើយ និងរិះគន់យ៉ាងដាច់អហង្ការលើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា បន្ទាប់សំណើច្បាប់ទីក្រុងហុងកុងត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសេចក្តីស្នើច្បាប់ស៊ីនជាំង ត្រូវបានអនុម័តដោយរដ្ឋសភាអាមេរិកមក ទីក្រុងប៉េកាំង បានចេញប្រតិកម្មប្រឆាំងជាបន្តបន្ទាប់ ខណៈពេលអាមេរិក និងចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com