ជាតិ
ក្រសួងបរិស្ថានណែនាំឲ្យមន្ត្រីជំនាញចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ
× ភ្នំពេញ៖ ក្រសួងបរិស្ថានប្រាប់ឲ្យមន្ត្រីជំនាញការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ខណៈកម្ពុជាកំពុងទទួលរងនូវបាតុភូត អែលនីណូដែលបង្កឲ្យអាកាសធាតុប្រែប្រួល។
ក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានទទួលរងឥទ្ធិពលពីបាតុភូត អែល នីណូ (El Nino) ដែលបង្កឲ្យអាកាសធាតុក្ដៅខ្លាំង រដូវវស្សាមានភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួល ពិសេសទឹកជំនន់មានតែមួយលើកហើយស្រកចុះដល់កម្រិតទាបបំផុត។
តាមសេចក្ដីណែនាំរបស់ក្រសួងបរិស្ថាន ស្ថានភាពបែបនេះ នឹងងាយបង្កឲ្យមានភ្លើងឆេះព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនានាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។
ដើម្បីបញ្ចៀសនូវបញ្ហានេះ ក្រសួងបរិស្ថាន ប្រាប់ឲ្យមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ចាត់វិធានការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃដូចជា៖ ទប់ស្កាត់ការកាប់ព្រៃដុតរានព្រៃធ្វើជាកម្មសិទិ្ធដើម្បីដាំដំណាំកសិកម្មផ្សែងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ ជាដើម ។
ចំពោះអ្នកដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥-១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល៕
Tag:
ព្រៃ
ធម្មជាតិ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com