អន្តរជាតិ
សមាជិកសភា​សូ​ឡូ​ម៉ុ​ន​ទម្លាយ​ថា តៃវ៉ាន់ និង​ចិន​សន្យា​ឲ្យ​លុយ​សំណូក​រាប់ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការគាំទ្រ​ការទូត​
09, Dec 2019 , 8:29 am        
រូបភាព
ដោយ:
​ការផ្លាស់ប្តូរ​ទំនាក់ទំនង និង​ចំណង​ការទូត​រវាង​បណ្តា​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​ទៅរក​ចិន មិនទាន់​ស្ងប់ស្ងាត់​ឡើយ​។ ថ្មីៗ​នេះ មាន​អ្នកនយោបាយ​របស់​ប្រទេស​កោះ​ប៉ាស៊ីហ្វិក បាន​អះអាង និង​រៀបរាប់​ពី​រឿង​ក្រោយ​ឆាក​នៃ​ទំនោរ​នេះ ថា មាន​ពាក់ព័ន្ធ​ការផ្តល់​សំណូក ដើម្បី​ជា​ថ្នូរ​នឹង​ការគាំទ្រ ដែល​ផ្តល់​ដោយ​ទាំង​ភាគី​តៃវ៉ាន់​ផង និង​ចិន​ផង​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី The Guardian នៅ​ថ្ងៃ​៨ ធ្នូ វា​មានការ​លើកឡើង​ផ្សេងៗ​គ្នា​រវាង​ក្រុម​សមាជិកសភា​បក្សប្រឆាំង និង​ក្រុម​សមាជិកសភា​ខាង​បក្ស​កាន់អំណាច​។ ការលើកឡើង​នោះ​ពាក់ព័ន្ធ​ការផ្តល់​សំណូក​ជា​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​ដើម្បី​ជា​ថ្នូរ​ក្នុងការ​គាំទ្រ​ការរក្សា​ចំណង​ការទូត​ជាមួយនឹង​កោះ​តៃវ៉ាន់ និង​ការផ្លាស់ប្តូរ​ទៅ​គាំទ្រ​ចិន​។ 
 
​តាម​ប្រភព​ដដែល​នោះ អនុប្រធាន​បក្សប្រឆាំង លោក Peter Kenilorea Jr បាន​បង្ហើប​ឲ្យ​ដឹងថា លុយ ត្រូវបាន​ប្រើប្រាស់​ដោយ​បើកចំហ ដើម្បី​ជាការ​ទិញ​ទឹកចិត្ត​ពី​សមាជិកសភា​ក្នុងការ​បោះបង់​តៃវ៉ាន់ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់កោះ​សូ​ឡូ​ម៉ុ​ន​ជា​យូរ​មកហើយ​នោះ​។ 
 
​លោក Kenilorea ដែលមាន​ជំហរ​ប្រឆាំង​ការ​ងាក​ទៅរក​ចិន​នោះ បាន​ឲ្យ​ដឹងថា លោក បាន​លេចលឺ​ពី​សមាជិកសភា​មួយចំនួន ថា មានការ​ផ្តល់ជូន​ថវិកា​ចន្លោះ​ប្រមាណ​ពី​២០​ម៉ឺន​ដុល្លារ​ទៅ​៦០​ម៉ឺន​ដុល្លារ ដើម្បី​ជា​ថ្នូរ​នឹង​ការសម្រេចចិត្ត​គាំទ្រ​ចិន​។ 
 
​បន្ថែម​ពីនេះ តាម​ការអះអាង​របស់​អភិបាលខេត្ត Malaita នៃ​កោះ​សូ​ឡូ​ម៉ុ​ន លោក Daniel Sudaini មុនពេល​នៃ​ការសម្រេច​ផ្លាស់ប្តូរ​ជំហរ​ការទូត​នេះ មាន​គេ​ទំនាក់ទំនង​ទៅ​លោកតា​មរយៈ​ទូរ​សព្ទ័ ដោយបាន​សន្យា​ផ្តល់​ថវិកា​មួយកញ្ចប់​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ជំហរ​ប្រឆាំងនឹង​ចិន​របស់លោក​។ ក៏ប៉ុន្តែ​លោក បាន​បដិសេធ ដោយ​បញ្ជាក់ថា ប្រសិនបើ​លោក ធ្វើបែបនេះ លោក មិនអាច​តំណាង​ប្រជាជន​បាន​ទៀតឡើយ​។​
 
​យ៉ាងណាមិញ បើ​ស្តាប់​ការលើកឡើង​របស់​សមា​ជិ​ក​សភា​បក្ស​កាន់អំណាច លោក Titus Fika​វិញ ការលើកឡើង​បែបនេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ លោក អះអាងថា ការសម្រេច​របស់​រដ្ឋា​ភិ​បា​លកោះ​សូ​ឡូ​ម៉ុ​ន​ក្នុងការ​ផ្លាស់ប្តូរ​ចំណង​ការទូត​ពី​តៃវ៉ាន់ ទៅរក​ចិន​វិញ​នោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​ទឹកប្រាក់​នោះទេ​។ ផ្ទុយ​ពី​ការអះអាង​ខាងលើ លោក ចោទថា ភាគី​តៃវ៉ាន់ បាន​ព្យាយាម​ទឹកចិត្ត​លោក​ដើម្បី​រក្សា​ជំហរ​ប្រទេស​ដដែល​។ 
 
​លោក សង្កត់ធ្ងន់ថា តៃវ៉ាន់ ចង់​ផ្តល់​ឲ្យ​ក្រុម​របស់លោក​ប្រមាណ ១​លាន​ដុល្លារ ក៏ប៉ុន្តែ​បំណង​នេះ មិនបាន​សម្រេច​ឡើយ ដ្បិត​លោក អះអាងថា នេះ គឺជា​រឿង​ផលប្រយោជន៍​ជាតិ មិនមែន​បុគ្គល ឬ​ក្រុម​ណាមួយ​ឡើយ​។​
 
​គួរ​ជម្រាប​ថា នៅ​ខែកញ្ញា​កន្លងទៅ រដ្ឋាភិបាល​កោះ​សូ​ឡូ​ម៉ុ​ន បានប្រកាស​កាត់​ផ្តាច់ចំណង​ការទូត​ជាមួយនឹង​តៃវ៉ាន់ ហើយ​បាន​កសាង​ចំណង​ការទូត​ថ្មី​ជាមួយនឹង​ចិន ដោយបាន​សន្យា​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ​៕ 

Tag:
 ចិន​
  តៃវ៉ាន់​
  សូ​ឡូ​ម៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com