សិល្បៈអន្តរជាតិ
អន្តរជាតិ
Juice WRLD តារាចម្រៀង​រ៉េ​បដ៏​ល្បី​ក្នុង SoundCloud ស្លាប់​ក្នុង​អាយុ​២១​ឆ្នាំ​
09, Dec 2019 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
Juice WRLD កំពូល​តារាចម្រៀង​រ៉េ​ប​អាមេរិក​ដ៏​ល្បីល្បាញ ត្រូវបាន​ប្រកាសថា​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយ​ដួល​ប្រកាច់ និង​ឈាម​ហូរ​តាម​មាត់ នៅ​អាកាសយានដ្ឋាន Midway International Airport ក្រុង Chicago កាលពី​ថ្ងៃទី​៨ ខែធ្នូ​។ ករណី​រន្ធត់នេះ កើតឡើង​រយៈពេល​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល Juice ប្រារព្ធ​ខួបកំណើត​២១​ឆ្នាំ​របស់ខ្លួន​។​

 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ជំនាញ​ត្រួតពិនិត្យ​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់ Cook County មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​នេះឡើយ ប៉ុន្តែ​កន្លងមក Juice ធ្លាប់មាន​ប្រវត្តិ​ប្រើប្រាស់​ថ្នាំញៀន ហើយ​គេ​ក៏បាន​ប្រកាស​ដោយ​ចំហពី​រឿងនេះ​ផងដែរ​។​
 
​តារាចម្រៀង​រ៉េ​ប​ដែលមាន​កំណើត​នៅ​ក្រុង Chicago រូបនេះ ចាប់​លេង​ព្យា​ណូ​ក្នុង​អាយុ​៤​ឆ្នាំ ហើយ​បន្ត​លេង​ហ្គី​តា និង​ឧបករណ៍​តន្ត្រី​ផ្សេងទៀត​។ នៅ​ឆ្នាំ​២០១៥ Juice បាន​បញ្ចូល​ចម្រៀង​របស់ខ្លួន​នៅ SoundCloud ក្រោម​ឈ្មោះថា JuicetheKidd និង​ទទួលបាន​ការទាញយក​ទៅតាម​ក្នុង​ទូរ​សព្ទ​ជាច្រើន​។​
 
​យោងតាម​ការផ្សាយ​រប​ស់ Yahoo Music, Juice WRLD ដែលមាន​ឈ្មោះ​ដើម​ថា Jarad Anthony Higgin ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង​ជាមួយ​បទ​ចម្រៀង Lucid Dreams នៅ​ឆ្នាំ​២០១៧ ដោយ​មានការ​ស្តាប់​ជាង​២.៥​លាន​ដង​ក្នុង SoundCloud ហើយ​នាំ​ឲ្យ​គេ​ទទួលបាន​ការចុះកិច្ចសន្យា​ ៣​លាន​ដុល្លារ​អាមេរិក ជាមួយ​ក្រុម Interscope​។​
 
​ចម្រៀង​របស់ Juice WRLD ក៏មាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង Billboard Hot 100 ផងដែរ ជាពិសេស​តាមរយៈ​អាល់​ប៊ុ​ម Goodbye & Good Riddance និង All Girls Are the Same​។ Juice មាន​បទ​ចម្រៀង Original ដ៏​ល្បីល្បាញ​មួយទៀត​គឺ «Hide» សម្រាប់​រឿង Spidre-Man៕

Tag:
 Juice WRLD
© រក្សាសិទ្ធិដោយ thmeythmey.com