អន្តរជាតិ
ករណី​ផ្ទុះ​ភ្នំភ្លើង​នៅ​នូ​វែ​ល​សេ​ឡង់​៖ យ៉ាងតិច ៥​នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស​
09, Dec 2019 , 4:51 pm        
រូបភាព
ដោយ:
​យ៉ាងហោចណាស់ មនុស្ស​៥​នាក់​បាន​បាត់​បង់ជីវិត​, ដល់​២០​នាក់ រងរបួស ហើយ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​រាយការណ៍​ថា បាត់​ខ្លួន ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ បន្ទាប់ពី​ភ្នំភ្លើង​កោះ ស (White Island ) បាន​ផ្ទុះ​ភ្លាមៗ នៅ​ថ្ងៃ​ចន្ទ ៩ ធ្នូ ។ ការផ្ទុះ​នេះ បាន​ហុយ​ផ្សែ​យ​យ៉ាងខ្លាំង​លើ​អាកាស​។

 
​មនុស្ស​ប្រមាណ ៥០​នាក់ ដែល​រួមមាន អ្នកដំណើរ​តាម​នាវា​ជនជាតិ​នូ​វែ​ល​សេ​ឡង់​និង​ជនបរទេស ត្រូវបាន​គេ​ជឿជាក់ថា នៅលើ ឬ នៅក្បែរ​កោះ ស នៅ​ខណៈពេល ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​។  ប្រាប់​អ្នកសារព័ត៌មាន នៅ​រដ្ឋធានី វែ​លីង​តោន ស្នងការរង​ប៉ូលិស លោក John Tims លើកឡើងថា វា​នៅមាន​មនុស្ស​ដែល​នៅជាប់​លើ​កោះ ហើយ​ខណៈ​នេះ វា​មាន​គ្រោះថ្នាក់​ពេក​ហើយ​សម្រាប់​ប៉ូលិស និង​សេវាកម្ម​ជួយសង្គ្រោះ ធ្វើដំណើរ​ទៅកាន់​កោះ​នេះ​។ 
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tims អះអាងថា ប៉ូលិស​កំពុង​សិក្សា​វាយតម្លៃ​អំពី​ពេលវេលា​ដែល​ពួកគេ​អាច​ចូលទៅ​ដល់​កោះ​ដែល​ភ្នំភ្លើង​កំពុង​ផ្ទុះ​នោះ​។ ក៏ប៉ុន្តែ​លោក ដឹង​ពី​ភាព​បន្ទាន់​នៃ​ការចូល​ត្រលប់​ទោ​កាន់​កោះ​មួយ​នេះ ដើម្បី​ជួយសង្គ្រោះ​មនុស្ស​។ ប៉ូលិស និយាយទៀតថា ពួកគេ ពុំមាន​ការទាក់ទង​ណាមួយ​ជាមួយ​មនុស្ស​ដែល​ជាប់គាំង​នៅលើ​កោះ ស នោះឡើយ​។ 
 
 
​ភ្នំភ្លើង​នេះ បាន​ផ្ទុះ​នៅវេលា​ម៉ោង ២៖១០​នាទី ពេល​រសៀល (​ម៉ោង​ក្នុងស្រុក​) ដែល​ផ្សែងហុយ​ឡើងលើ​មេឃ​ជាង ៣,៦​គីឡូម៉ែត្រ​។ ក្រោយ​ដឹង​ដំណឹង​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Jacinda Ardern បាន​បញ្ជាក់ថា កោះ​ភ្នំភ្លើង​នេះ​បាន​ផ្ទុះឡើង ខណៈ​ក្រុម​ភ្ញៀវទេសចរ​កំពុង​ដើរ​កម្សាន្ត​នៅ​ទីនោះ​។ ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ លោកស្រី Ardern លើកឡើងថា​៖«​យើង​ដឹងថា វា​មាន​ចំនួន​អ្នកទេសចរ​នៅលើ ឬ​នៅក្បែរ​កោះ​នោះ នៅពេលនោះ ទាំង​ប្រជាជន នូ​វែ​ល​សេ​ឡង់ និង​ភ្ញៀវទេសចរ​បរទេស​»​។ 
 
​លោក ស្រី សង្កត់ធ្ងន់ថា លោកស្រី ទទួលស្គាល់ថា វា​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ធំធេង​ចំ​ពោ​ហ​អ្នក​ដែលមាន​មនុស្ស​ដែល​ពួកគេ​ស្រលាញ់ នៅលើ ឬ​ក្បែរ កោះ ស នៅពេលនេះ​។ លោកស្រី ធានាថា ប៉ូលិស នឹងធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ពួកគេ​អាច ដើម្បី​ជួយសង្គ្រោះ​ពួកគេ​។ បន្ថែម​ពីនេះ លោកស្រី Ardern ក៏បាន​អះអាងថា លោកស្រី នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ នៅពេល​ល្ងាច ថ្ងៃ​ចន្ទ ដើម្បី​ធានាថា ប៉ូលិស និង​សេវាកម្ម​ជួយសង្គ្រោះ​មាន​ធនធាន​គ្រប់គ្រាន់​តាម​តម្រូវការ​ពួកគេ​។​
 
​ដំបូង​ឡើយ លោកស្រី​នាយករដ្ឋមន្ត្រី បាន​និយាយថា វា​អាចមាន​មនុស្ស​ប្រហែល​១០០​នាក់ នៅលើ ឬ​នៅក្បែរ​កោះ​នោះ​។ ក៏ប៉ុន្តែ លោក​ស្នងការរង​ប៉ូលិស Tims អះអាងថា ប៉ូលិស បាន​ជឿជាក់ថា តួលេខ​គឺមាន​ទាប​ជាង​៥០​នាក់ ហើយ​មនុស្ស​២៣​នាក់ ត្រូវបាន​ដឹក​មកកាន់​ច្រាំង​រួចរាល់​ហើយ​៕

Tag:
 នូ​វែ​ល​សេ​ឡង់​
  ផ្ទុះ​ភ្នំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com