អត្ថបទ៖ ស៊ីធី
ជើងខ្លាំង SAM-A GAIYANGHADAO ឈ្នះខ្សែក្រវាត់ ONE STRAWWEIGHT WORLD TITLE បន្ទាប់ពីផ្តួលកីឡាករជំនាញកណ្ដាប់ដៃមកពីចិន Wang Jung Junguang ខណៈដែល Alaverdi Ramaznov ឈ្នះពិន្ទុកីឡាករចិន Zhang Chenglong ដើម្បីក្រសោបយកខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នាថ្ងៃ ទី៦ ខែ ធ្នូ កន្លងទៅនេះ។
១-SAM-A គ្រងខ្សែក្រវាត់ ONE STRAWWEIGHT WORLD TITLE
វីរបុរសរបស់ថៃ SAM-A GAIYANGHADAO គ្រងខ្សែក្រវាត់ ONE STRAWWEIGHT WORLD CHAMPIONSHIP បន្ទាប់ពីឈ្នះកីឡាករចិន WANG JUNGUANG ដោយពិន្ទុជាឯកច្ឆន្ទ។ កីឡាករចិន WANG JUNGGUANG ឬ Golden Boy ចូលចិត្តដើរចូលនិងប្រើកម្លាំងក្នុង៣ទឹកដំបូង ប៉ុន្តែ Sam-A ជាកីឡាករមានបទពិសោធន៍ច្រើនហើយអាចរកចន្លោះវ៉ៃសងវិញទោះថយក្ដី។ ចូលទឹកទី៤ WANG នៅតែដើរចូលឥតខ្លាចក្រែងឡើយ ប៉ុន្តែ Sam-A លួចបោះជង្គង់ផង ទាត់ផង និងម៉ាត់ចំគោលដៅច្រើនជាង។ ដោយដឹង Sam-A ថមថយកម្លាំង Wang នៅតែដើរចូលដើម្បីម៉ាត់ឆ្វេងស្ដាំស្វែងរកពិន្ទុ ប៉ុន្តែមិនបានដូចចិត្តពេកទេ ព្រោះត្រូវឡងកណ្ដាប់ដៃ និង ជង្គង់មកវិញជារឿយៗ។ ទីបំផុតម្ចាស់ខ្សែក្រវាត់ថ្មី ONE STRAWWEIGHT WORLD CHAMPIONSHIP។ នេះជាជ័យជម្នះលើកដំបូងរបស់ Sam-A ក្នុងការបង្ហាញខ្លួនប្រកួត Kickboxing លើកដំបូងដែរ។
២- Alaverdi Ramaznov គ្រងខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship
ទឹកទី១និងទី២ កីឡាករទាំងពីរប្រើក្បាច់វ៉ៃប្រយោល ខណៈដែល Ramaznov ចូលចិត្តយកជង្គង់អុកទប់ស្កាត់ការវ៉ៃរបស់ Zhang Chenglong ។ បែបណាក្ដី កីឡាករមកពីរុស្សី Ramaznov ម៉ាត់មួយដៃស្ដាំពេញទំហឹងធ្វើឲ្យ Chenglong ដួលទៅក្ដាររេញប៉ុន្តែអាចងើបមកប្រកួតវិញបាន។ Chenglong ត្រូវបានកីឡាករ រុស្សីវ៉ៃសន្ធាប់ហៀបនឹងផ្ដាច់ ប៉ុន្តែ កីឡាករចិនអាចប្ដូរស្ដារស្ថានការណ៍ទៅល្អវិញ នៅសល់ពីរទៀត។ ជើងខ្លាំងមកពីចិនដើរចូលសម្រុករហូតប៉ុន្តែ ត្រូវបោះជង្គង់កាត់ដោយកីឡាករកម្ពស់ខ្ពស់ Ramaznov។ Ramaznov យ៉ាប់កម្លាំងនៅចុងទឹកទី៥ ប៉ុន្តែ Chenglong មិនអាចរកក្បាច់ដើម្បីផ្ដួលរូបគេបានឡើយ។ ទីបំផុតម្ចាស់ខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship គឺ Ramaznov។ ម្ចាស់ខ្សែក្រវាត់ថ្មីបានថ្លែងថា៖«ខ្ញុំហត់ ខ្ញុំប្រើកម្លាំងខ្ញុំអស់រលីង ដូច្នេះខ្ញុំជាម្ចាស់ជើងឯក»។
៣-កូនខ្មែរនៅអាមេរិកចាញ់ឃ្លេ របស់ Rayane Bastos
កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ដែលប្រកួតតំណាងឲ្យកម្ពុជាចាញ់កីឡាការិនីប្រេស៊ីល Rayane Bastos ត្រឹមទឹកទី១នាទីទី ២នាទី និង ៤០ វិនាទី។ គ្រាប់ចាប់ផ្ដើមនាទីដំបូងនៅទឹកទី១ កីឡាការិនីទាំង២ចាប់ផ្ដើមសម្រុកគ្នាមិនថាក្បាច់ដៃនិងជើងហើយថែមទាំងចូលចាប់គ្នាទៅវិញទៅមកទៀតផង។ យ៉ាងណាក្ដី សុវណ្ណារី ការពារមិនបានល្អភ្លាត់ចូលឃ្លេរបស់ Rayane Bastos ទាំងជំហរ និងបន្តអុកទៅក្តាររេញទៀតផង។ សុវណ្ណារី មិនអាចរើរួចឡើយរហូតដល់គោះខ្នង Rayane សុំចុះចាញ់។ ជ័យជម្នះនេះបានធ្វើឲ្យ Rayane Bastos កើនកំណត់ត្រាមិនដែលចាញ់នៅក្នុងកម្មវិធីគុនចម្រុះ ដោយឈ្នះ ៥ ដងនិងស្មើ ១ដង។ នេះជាជ័យជម្នះដំបូងនៃការបង្ហាញខ្លួនរបស់កីឡាការិនីប្រេស៊ីលនៅសង្វៀន ONE Championship ស្របពេលដែល សុវណ្ណារី ចាញ់លើកដំបូងនៅសង្វៀនអន្តរជាតិមួយនេះ។
៤- Jihin Radzuan ចាញ់ពិន្ទុ Denice Zamboanga
កីឡាការិនីម្ចាស់ផ្ទះ ម៉ាឡេស៊ី Jihin Radzuan ចាញ់ពិន្ទុជាឯកច្ឆន្ទលើអ្នកចំណូលថ្មីនៅសង្វៀន ONE កីឡាការិនី Denice Zamboanga មកពីហ្វីលីពីន។ Jihin មិនអាចចេញក្បាច់បានល្អឡើយទាំង៣ទឹកព្រោះ Denice តែងតែទប់ជាប់ និងនៅពីលើសឹងតែ៣ទឹក។ Denice ទទួលបានជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងលើសង្វៀនកម្រិតពិភពលោក។ យ៉ាងណាក្ដី Denice កើនកំណត់ត្រាប្រកួតគុនចម្រុះ ៣ លើក ឈ្នះទាំង ៣លើក។ ចំណែក Jihin មានកំណត់ត្រាលើសង្វៀននេះចំនួន ៦ ដងក្នុងនោះឈ្នះ ៤ ដង និង ចាញ់ ២ដង។
លទ្ធផលទាំងអស់នៅ ONE: MARK OF GREATNESS
ONE Strawweight Kickboxing World Championship: Sam-A Gaiyanghadao ឈ្នះពិន្ទុឯកច្ឆន្ទលើ Wang Junguang Bantamweight Kickboxing World Championship: Alaverdi Ramazanov ឈ្នះពិន្ទុឯកច្ឆន្ទលើ Zhang Chenglong
Mixed Martial Arts Atomweight: Denice Zamboanga ឈ្នះពិន្ទុឯកច្ឆន្ទលើ Jihin Radzuan
Mixed Martial Arts Welterweight: Agilan Thani ឈ្នះពិន្ទុមិនឯកច្ឆន្ទលើ Dante Schiro
Mixed Martial Arts Flyweight: Reece McLaren បញ្ចប់ដោយឃ្លេក Gurdarshan Mangat ទឹកទី១
Kickboxing Light Heavyweight: Andrei Stoica ផ្ដួល Anderson Silva ឲ្យសន្លប់ទឹកទី១
Mixed Martial Arts Strawweight: Bokang Masunyane ឈ្នះពិន្ទុឯកច្ឆន្ទលើ Ryuto Sawada
Muay Thai Flyweight: Elias Mahmoudi ឈ្នះពិន្ទុឯកច្ឆន្ទលើ Lerdsila Phuket Top Team
Mixed Martial Arts Bantamweight: Chen Rui ឈ្នះពិន្ទុឯកច្ឆន្ទលើ Muhammad Aiman
Mixed Martial Arts Bantamweight: Tial Thang ឈ្នះពិន្ទុឯកច្ឆន្ទលើ Kim Woon Kyoum
Mixed Martial Arts Catchweight (77 KG): Yoon Chang Min ឈ្នះ Rodian Menchavez ដោយអជ្ញាកណ្ដាលបញ្ឈប់ទឹកទី២
Muay Thai Flyweight: Taiki Naito ឈ្នះពិន្ទុឯកច្ឆន្ទលើ Rui Botelho
Mixed Martial Arts Atomweight: Rayane Bastos បញ្ចប់ អែម សុវណ្ណារីដោយក្បាច់ឃ្លេទឹកទី១
កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕