លើកឡើងនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ហើយ។
បើតាម លោក ពុង ឃាវសែ ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១,៥០០លានដុល្លារ ហើយចំណាយពេលសាង់សង់៣ឆ្នាំ ពោលគឺគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២៣។ តាមផែនការដែលបានគ្រោង ព្រលានថ្មីនេះ នឹងសាងសង់លើផ្ទៃដីជាង ២,៦០០ ហិកតា។
បើតាមប្រសាសន៍របស់ លោក ពុង ឃាវសែ លោកបានបញ្ជាក់ថាទីតាំងសាងសង់ព្រលានយន្តហោះថ្មី គឺស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងមួយផ្នែកទៀត អាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
តម្លៃដីបន្តកើនឡើងដែរឬទេ?
ភ្លាមៗបន្ទាប់ការប្រកាសពីទីតាំងព្រលានយន្តហោះថ្មីនេះ តម្លៃដីនៅក្នុងតំបន់នោះ បានហក់ឡើងយ៉ាងខ្លាំង ដោយសារតែទាំងវិនិយោគិន និងអ្នកក្នុងស្រុកបានសំរុកនាំគ្នាទិញដី។ ប៉ុន្តែប្រតិបត្តិការទិញ-លក់ ហាក់បានស្ងប់ស្ងាត់ទៅវិញ ក្នុងមួយរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា អ្នកជំនាញអចលនទ្រព្យនៅតែមើលឃើញថា តម្លៃដីនៅជុំវិញទីតាំង ព្រលានថ្មីនេះនឹងនៅតែបន្តកើនឡើង។
លោក ប៉ាន់ ដារ៉ា ជាប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ BZ Properties បានប្រាប់ Realestatate.com.kh ថាតម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះ បានបន្តកើនឡើងគួរឲ្យកត់តសម្គាល់។ ជាក់ស្តែងរហូតមកដល់ពេលនេះ តំបន់មួយចំនួនតម្លៃដី បានហក់ឡើងខ្ពស់ខ្លាំង តួយ៉ាងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ ២។
លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់តំបន់ឃុំបឹងខ្យាងមានតម្លៃ ៣០០ ទៅ ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០ ទៅ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិកតា និងតម្លៃជាង ៧០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិកតាឡើងទៅ។
លោក ដារ៉ា ជឿជាក់ថា តម្លៃនឹងនៅតែបន្តកើនឡើងថែមទៀត នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានតភ្ជាប់ ដូចជាផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវសំខាន់ៗដែលត្រូវតភ្ជាប់ទៅកាន់ព្រលានថ្មីនេះ។
សម្រាប់ការទិញទុកវិនិយោគ ឬទិញទុកចំណេញ លោក ដារ៉ា បានណែនាំថា វិនិយោគិនគួរងាកទៅទិញនៅប៉ែកខាងកើត គម្រោងព្រលានក្នុងស្រុកស្អាង ដោយសារដីនៅទីនេះ នៅមានតម្លៃទាបចាប់ពី ២៥ ទៅ ៣៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
(អត្ថបទពាណិជ្ជកម្ម)