ជាតិ
សេដ្ឋកិច្ច
តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​ចំណាយ​១០​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ឲ្យ​ដំណើរការ​
10, Dec 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ភីភី ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៩​ខែធ្នូ​។ ការដាក់​សម្ពោធ​នេះ ធ្វើឡើង​ក្រោម​អ​ធីប​តី​លោក សុខ ចិន្ដា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​


 
​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ភីភី (PoiPet PP SEZ) គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​អភិវឌ្ឍន៍ និង​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន PoiPet PPSEZ ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ក្រុមហ៊ុន​បានប្រកាស​ផ្ទៃដី ៦៥​ហិកតា និង​ទឹកប្រាក់​វិនិយោគ​ពីដំបូង​ចំនួន ១០​លាន​ដុល្លារ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ មាន​គោលដៅ​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម ផ្នែក​គ្រឿងបន្លាស់ គ្រឿង​បង្គុំ បរិក្ខា​អេឡិចត្រូនិក កាត់ដេរ វេច​ខ្ចប់ ប្លា​ស្ទីក ជាដើម​។​


 
​គួរ​បញ្ជាក់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវបាន​សម្ពោធ​ជាមួយគ្នា​នឹង​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Sumitronics Manufacturing(Cambodia) ។​
​លោក សុខ ចិន្ដា​សោភា លើកឡើងថា ការវិនិយោគ​ខាងលើនេះ​នឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ក៏ដូចជា​បង្កើត​ការងារ​នៅនឹងកន្លែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ជាពិសេស​ចក្ខុវិស័យរ​បស់​ប្រមុខ​រដ្ឋាភិបាល ក្នុងការ​ពង្រាយ​រោងចក្រ​ទៅកាន់​តំបន់​ជាយដែន​។​
 
 ឯកអគ្គរដ្ឋទូត​ជប៉ុន​លោក មិ​កា​មិ បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​ខ្ពស់ បរិយាកាស​វិនិយោគ​ល្អ និង​ទីតាំង​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជប៉ុន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។ ប្រកាស​ព័ត៌មាន​នេះ​បន្ត​ដូច្នេះ​ថា​ទៀតថា​៖«​ឯកអគ្គរដ្ឋទូត​ជឿជាក់ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹងចូលរួម​ចំណែក​ដល់​ការទាក់ទាញ​វិនិយោគ​ប្រភេទ ថៃ​បូក​១ បន្ថែមទៀត​»​។ ជាមួយគ្នានេះ លោក មិ​កា​មិ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិនិយោគិន​ជប៉ុន និង​បានស្នើ​ឲ្យ​បន្ត​កិច្ចសហការ​នេះ​ទៀត​ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ​សំដៅ​ទាក់ទាញ​ការវិនិយោគ​ជប៉ុន​បន្ថែ​ម​ទៀត​។​
 
​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ទូទាំងប្រទេស មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមាន​ដំណើរការ​ចំនួន​២៣ ដែលមាន​រោងចក្រ​ចំនួន​៤៩០ និង​បង្កើត​ការងារ​ចំនួន​ប្រមាណ​ជាង​១៣​ម៉ឺន​កន្លែង​។ ដោយឡែក​ក្រុង​ប៉ោយប៉ែត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​កន្លែង​ដែលមាន​រោងចក្រ​ចំនួន​១៧ (​រោងចក្រ​របស់​ជប៉ុន​៨​កន្លែង​) និង​បង្កើត​ការងារ ៧៥០០​កន្លែង​៕




រូបភាពពីលោក Hiroshi Uematsu អ្នកគ្រប់គ្រងតំបន់សេដ្ឋពិសេសប៉ោយប៉ែតភីភី


Tag:
 តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ភីភី​
© រក្សាសិទ្ធិដោយ thmeythmey.com