អន្តរជាតិ
ក្រោយ​ជំនួប​មេដឹកនាំ​លើកដំបូង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ព្រមព្រៀង​ដោះដូរ​អ្នកទោស​ទៅមក​
10, Dec 2019 , 9:19 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, លោកស្រីអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល,ប្រធានាធិបតីបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទី។ រូបភាព៖ Reuters
(ពីឆ្វេងទៅស្តាំ) លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, លោកស្រីអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល,ប្រធានាធិបតីបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទី។ រូបភាព៖ Reuters
​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ខ្លះ ខណៈពេល​ភាគី​ទាំងពីរ​នៅមាន​បញ្ហា​ជាច្រើន​ទៀត ត្រូវ​ដោះស្រាយ​។ តាមរយៈ​ជំនួប​តទល់​លើកដំបូង​នេះ មេដឹកនាំ​ទាំងពីរ នៅ​ថ្ងៃទី​១០ ខែធ្នូ បាន​យល់ព្រម​ដោះដូរ​អ្នកទោស​ទៅវិញទៅមក និង​ប្តេជ្ញា​ជាថ្មី ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្កិ៍ (Minsk)​ឆ្នាំ ២០១៥ ពីបទ​ឈប់​បាញ់ ។


 
​ក្នុង​វត្តមាន​ប្រធានាធិបតី​ប​តី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ជា​អន្តរការី ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ជួប​តទល់​គ្នា​ជា​លើកដំបូង​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ព្រំដែន​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​។ 
 
​តាមរយៈ​ជំនួប​ដែល​ប្រព្រឹត្តទៅ​រយៈពេល​៩​ម៉ោង ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ដោះដូរ​អ្នកទោស​ជាមួយគ្នា​ទៅវិញទៅមក និង​ការប្តេជ្ញាចិត្ត​ជាថ្មី ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្កិ៍ ឆ្នាំ​២០១៥ ស្តី​ពីបទ​ឈប់​បាញ់ នៅ​តំបន់​ព្រំដែន​ភាគ​ខាងកើត ជាពិសេស​គឺ​តំបន់​ដុន​បាស (Donbass) អ៊ុយ​ក្រែ​ន ដែល​មិន​ធ្លាប់មាន​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពីបទ​ឈប់​បាញ់​គ្នា បាន​ត្រឹមត្រូវ​ឡើយ​។ 
 
​ក្រៅពី​ការដោះដូរ​អ្នកទោស និង​ការគោរព​កិច្ចព្រមព្រៀង វា​នៅមាន​បញ្ហា​ជាច្រើន ដែល​ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវ​ដោះស្រាយ ជុំវិញ​តំបន់​ព្រំដែន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ភាគី​ទាំង​ពីរបាន​យល់ព្រម​គ្នា រយៈពេល ៤​ខែ ដើម្បី​ធ្វើការ​ជាមួយគ្នា ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅក្នុង​តំបន់​ដុន​បាស ខណៈពេល​មិនទាន់មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ និយាយ​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​ការបោះឆ្នោត ថា​តើ​ត្រូវ​រៀបចំ​បែបណា​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ថ្លែង​ក្នុង​សន្និសីទកាសែត ដែលមាន​វត្តមាន​មេដឹកនាំ​អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ប្រធានាធិបតី​បារាំង បាន​បញ្ជាក់ថា ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន នៅតែមាន​ការខ្វែងគំនិត​លើ​ការរៀបចំ​ការបោះឆ្នោត​នេះ​។ បើតាម​លោក ម៉ា​ក្រុង បារាំង នឹង​ឲ្យ​រដ្ឋមន្ត្រី​របស់ខ្លួន​ជួយ​សម្របសម្រួល​ក្នុង​កិច្ចការ​បោះឆ្នោត​មួយ​នេះ​។ 
 
​ទន្ទឹម​ជាមួយគ្នានេះដែរ ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏បាន​សិក្សា​ពី​គម្រោង ក្នុងការ​បើកផ្លូវ​ឲ្យ​រុស្ស៊ី បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ឆ្លងកាត់​ទឹកដី​ខ្លួន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ស្តី​ពីបទ​ឈប់​បាញ់ ត្រូវបាន​រ៉ុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ចុះហត្ថលេខា នៅ​ទីក្រុង​មីន​ស្កិ៍ បេឡា​រុស ឆ្នាំ ២០១៥​។ កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្កិ៍​នេះ គឺជា​កិច្ចព្រមព្រៀង ដែល​អំពាវនាវ​ឲ្យ​ដក​អាវុធ​ធុន​ធ្ងន់ ការរៀបចំ​ការបោះឆ្នោត​ក្នុង​តំបន់ ការបង្កើន​ស្វយ័តភាព​ធំ​ជាង​មុន និង​ការអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែង​គ្រប់គ្រង​ព្រំដែន​របស់ខ្លួន​ឡើងវិញ​។ បើទោះបី​ជាមាន​កិច្ចព្រមព្រៀង​ក៏ដោយ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នៅតែ​កើតមាន​ដដែល​។ ជាពិសេស នៅ​តំបន់​ដុន​បាស នៅតែ​កើតមាន​សង្គ្រាម​ក្នុង​រយៈពេល ៤​ឆ្នាំ​កន្លងមកនេះ​។​
 
​ជាការ​ពិតណាស់ ក្នុងជំនួប​នេះ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ត្រូវបាន​គេ​មើលឃើញថា មានការ​បង្ហាញ​កាយវិការ​មិន​សមរម្យ​ដាក់គ្នា​ជាច្រើន​ដូចជា ការ​មិនបាន​ចាប់ដៃគ្នា​ជា​សាធារណៈ និង​ការមិន​មើលមុខ​គ្នា​ចំ​ជាដើម​៕

Tag:
 ​រុស្ស៊ី​
  អ៊ុយ​ក្រែ​ន​
  ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com