ជាតិ
កូរ៉េបន្តជួយកម្ពុជាលើការពង្រឹងសុខភាពនិងសុវត្ថិភាពការងាររយៈពេល៣ឆ្នាំទៀត
× សៀមរាប៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយតាំងពីឆ្នាំ២០១០។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េជាលើកទី៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះចាប់ផ្តើមពីឆ្នាំ២០១០មក។ ការងារនេះធ្វើឡើងក្នុងបំណងដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុខភាពនិងសុវត្ថិភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុខភាពនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំងពីរ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ធ្នូ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ បានឱ្យដឹងថា ការអនុវត្តគម្រោង៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះបណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។ លោក ឡេង តុង បន្ថែមថា ដើម្បីឱ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបច្ចេកទេសអនុវត្តឱ្យបានទទួលជោគជ័យបន្ថែមទៀត ក្រសួងការងារ បាស្នើសុំដល់ទីភ្នាក់ងារ KOSHA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េគិតគូរនូវលទ្ធភាព ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីអធិការកិច្ចការងារលើការចុះអធិការកិច្ចការងារក្នុងវិស័យសំណង់ ការជួយក្នុងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ផ្តល់វគ្គបណ្តុះបណ្តាលរយៈវែងដល់មន្ត្រីនាយកដ្ឋានពេទ្យការងារ និងមន្ត្រីពាក់ព័ន្ធអំពីសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងផ្តល់ការឧបត្ថម្ភនូវឧបករណ៍ និងបរិក្ខាមន្ទីរពិសោធន៍ដែលប្រើប្រាស់រួចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បម្រើការងារសុខភាព និងសុវត្ថិភាពការងារ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះក៏ស្របនឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដែលចង់រៀបចំប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនេះឱ្យបានល្អប្រសើរចាប់ពីថ្នាក់ជាតិរហូតដល់សហគ្រាស៕
Tag:
ការងារ
សុវត្ថិភាពការងារ
កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com