ជាតិ
នយោបាយជាតិ
ទិវាសិទ្ធិមនុស្ស៖ HRW ទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា រូបពី AFP
× ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញសេចក្តីថ្លែងការណ៍ទទូចជាថ្មីឲ្យរដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ទម្លាក់បទចោទចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាបន្ទាន់និងឥតលក្ខខណ្ឌ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស លើកឡើងថា សហភាពអឺរ៉ុប ក៏គួរតែជួយជំរុញឲ្យមានការទម្លាក់បទចោទចេញពីលោក កឹម សុខា ផងដែរ។
សេចក្តីថ្លែងការណ៍ មានសរសេរពីសម្តីរបស់លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី យ៉ាងដូច្នេះថា៖«ការចោទប្រកាន់លោក កឹម សុខា គ្រាន់តែជាលេសប៉ុណ្ណោះ ដើម្បីវាយប្រហារលើក្រុមប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែបង្ហាញដល់សហភាពអឺរ៉ុបថា គាត់ បានត្រៀមខ្លួនបញ្ចប់ការបង្ក្រាបសំឡេងប្រឆាំង»។
អង្គការសង្គមស៊ីវិលនានានៅកម្ពុជា បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សមនុស្សអន្តរជាតិលើកទី៧១នេះ នៅទីលានប្រជាធិបតេយ្យថ្មី ដោយមានអ្នកចូលរួមប្រមាណ១ពាន់នាក់។
១០ធ្នូ ឆ្នាំ២០១៩នេះ គឺជាថ្ងៃចុងក្រោយនៃការឈប់សម្រាកនៅកម្ពុជា សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកសម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ ចាប់ពីឆ្នាំ២០២០ទៅ។ ប៉ុន្តែការប្រារព្ធទិវាសិទ្ធិមនុស្សនេះ នៅតែមានដដែល។
ក្នុងទិវាសិទ្ធិមនុស្សនេះ លោក កឹម សុខា ក៏បានបញ្ចេញមតិដែរ។ តាមរយៈសំណេលើទំព័រហ្វេសប៊ុក លោក ចាត់ទុក ការការពារសិទ្ធិមនុស្ស ថាជាការថែរក្សាសន្តិភាព។ លោក សរសេរដូច្នេះថា៖«ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថិរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាព»។
ប្រធានអតីតគណបក្សប្រឆាំង បន្តថា សង្គមមួយ មានស្ថិរភាពទៅបាន លុះត្រាតែមនុស្សគ្រប់រូប ទទួលបានយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព និងមិនត្រូវបានគេរំលោភបំពាន។ លោក បានហៅ សិទ្ធិមនុស្ស ថាជាគឺជាមរតករបស់មនុស្សជាតិ ហើយវា មិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។
លោក យល់បែបនេះថា៖«ការចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ។ ហើយយើងក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិតបរទេសនោះដែរ។ ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព»។
ក្រោយឆ្លងកាត់ការស៊ើបសួរអស់២ឆ្នាំ តុលាការ កំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដើម្បីបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា។ លោក ត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com