UCL៖ Lampard ជួយ Chelsea ឡើង​វគ្គ​១៦​ក្រុម ឯ Ajax, Inter ធ្លាក់​ទាំង​ប្រផុតប្រផើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Lampard ជួយ Chelsea ឡើង​វគ្គ​១៦​ក្រុម ឯ Ajax, Inter ធ្លាក់​ទាំង​ប្រផុតប្រផើយ​
11, Dec 2019 , 11:52 am        
រូបភាព
Chelsea ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​យកឈ្នះ Lille ២-១ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៃ​ក្របខណ្ឌ UEFA Champions League​។ ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ដែលជា​ពូ​ល​ដ៏​ស្វិតស្វាញ ក្រុម​ដឹកនាំ​ដោយ​លោក Frank Lampard មានប្រៀប​លើ Ajax ដែល​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ពួកគេ​ចាញ់ Valencia ដែលជា​ក្រុម​ឈរ​កំពូល​តារាង ១-០​។​


 
​ជ័យជម្នះ​របស់​តោ​ខៀវ កើតឡើង​បន្ទាប់ពី​ខ្សែប្រយុទ្ធ​វ័យក្មេង Tammy Abraham សម្រេច​គ្រាប់​បាល់​នាំមុខ​ដំបូង​នៅ​នាទី​១៩ មុន​ខ្សែការពារ Cesar Azpilicueta រកបាន​នៅ​នាទី​៣៥​។ Loic Remy ដែលជា​អតីត​កីឡាករ Chelsea បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ចាស់​នៅ​នាទី​៧៨ សម្រាប់​ក្រុម Lille​។​
 
៣​ពិន្ទុ​ចុងក្រោយ​នេះ បាន​នាំ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស Lampard ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពូ​ល​ដោយ​រកបាន​១១​ពិន្ទុ និង​ឈានទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​២០១៩-២០​នេះ ឯ Lille បញ្ចប់ទៅ​នៅ​បាត​តារាង​។​
 
​ចំណែក Ajax ដែលជា​ក្រុម​មានប្រៀប​មុន​ការប្រកួត​ចុងក្រោយ​នេះ បែ​ជា​ទទួលបាន​លទ្ធផល​ខ​ក​ចិត្ត តាមរយៈ​ការ​ចាញ់ Valencia ១-០​។ បរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​ពី​ក្របខណ្ឌ​កំពូល​ហូ​ឡង់ Ajax បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣ ដោយ​សល់​កៅអី​លេង UEFA Europa League ខណៈដែល Valencia ឡើងទៅ​វគ្គ​បន្ត​ជាមួយ Chelsea ដោយ​ឈរ​លេខ​១​ពូ​ល H​។​
 
​ដោយឡែក ពូ​ល F ក៏​ជា​ពូ​ល​ប្រទាញប្រទង់​គ្នា​ខ្លាំងក្លា​ដូច​ពូ​ល H ដែរ ដ្បិត​មាន​ក្រុម​ល្អៗ​ដល់​ទៅ​៣​ក្រុម​ដូចគ្នា​។ យ៉ាងណាក៏ដោយ Inter Milan ទទួលបាន​ត្រឹម​លទ្ធផល​ខកចិត្ត​ក្រោយ​ចាញ់​ក្រុម​កំពូល​តារាង Barcelona ២-១ ក្នុង​ដី​ខ្លួនឯង នា​ជំនួប​កាត់សេចក្តី​ចុងក្រោយ ស្របពេល Borussia Dortmund យកឈ្នះ Slavia Prague ២-១​។​
 
​ដូច្នេះ Barca ដែលមាន​១៤​ពិន្ទុ ត្រូវ​ចាប់ដៃគ្នា​ជាមួយ​ក្រុម​លេខ​២ Dortmund ដែលមាន​១០​ពិន្ទុ ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ Inter សល់​សិទ្ធិ​លេង Europa League ក្រោយ​រកបាន​៧​ពិន្ទុ​។​
 
​ក្រុម​ដែល​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​មានដូចជា Liverpool, Napoli, Chelsea, Valencia, Barca, Dortmund, RasenBallsport Leipzig, Lyon, Paris Saint-Germain, Real Madrid, FC Bayern München, Tottenham Hotspur, Manchester City, និង Juventus​។ 
 
​សម្រាប់​ក្រុម​ធ្លាក់​ទៅលេង​ក្របខណ្ឌ​ទី​ពីរ​អឺរ៉ុប Europa Leage មាន Ajax, Benfica, Inter Milan និង Salzburg៕



Tag:
 UEFA Champions League
  Chelsea
  Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com