អន្តរជាតិ
ចិន បន្ត​បដិសេធ​ជជែក​រឿង​គ្រប់គ្រង​អាវុធ​ជាមួយ​អាមេរិក​និង​រុស្ស៊ី​
12, Dec 2019 , 2:45 pm        
រូបភាព
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទព័ត៌មានថ្ងៃទី១១ ខែធ្នូ។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទព័ត៌មានថ្ងៃទី១១ ខែធ្នូ។ រូបភាពពីវេបសាយក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១១ ខែធ្នូ បានបញ្ជាក់​ជំហរ​ជំទាស់​របស់ខ្លួន​ម្ដងទៀត​ទាក់ទង​ការចរចា​ត្រីភាគី​ដើម្បី​គ្រប់គ្រង​ការ​សាយភាយ​អាវុធ​មហា​ប្រល័យ​ដែល​អាមេរិក និង​រុស្ស៊ី​ចង់​ឲ្យ​មាន​។ តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន ប៉េកាំង​អះអាងថា ខ្លួន​មាន​ជំហរ​ច្បាស់​ខ្លួនឯង​ហើយ​លើ​រឿង​គ្រប់គ្រង​អាវុធ​នេះ ហើយក៏​អំពាវនាវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បើក​ការជជែក​ទ្វេភាគី​ជាមួយ​ក្រុង​មូ​ស្គូ​ទៅ​ចុះ ព្រោះ​ជា​ប្រទេស​មាន​ក្បាល​នុយក្លេអ៊ែរ​ច្រើនជាងគេ​។​

 
​អាមេរិក និង​រុស្ស៊ី​ចរចា​លក្ខណៈ​ទ្វេភាគី​មុន ហើយ​ចិន​ទៅតាម​ក្រោយ​។ នេះ​ជា​ជំហរ​របស់​ទីក្រុង​ប៉េកាំង​តប​នឹង​ការអំពាវនាវ​របស់​អា​មេ​រិ​ក​ដែល​ចង់​បញ្ចូល​ចិន​ទៅក្នុង​ការចរចា​ត្រីភាគី​អាមេរិក​-​រុស្ស៊ី​-​ចិន​លើ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ថ្ងៃទី​១០  ខែធ្នូ លោក ប៉ុ​ម​ប៉េ​អូ និយាយ​ចំពោះមុខ​សម​ភាគី​រុស្ស៊ី សេ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ ថា ចិន​ត្រូវតែ​ចូលមកក្នុង​ការជជែក​ពី​ការគ្រប់គ្រង​អាវុធ ព្រោះ​ការគំរាមកំហែង​លើ​សន្តិសុខ​ពិភពលោក​មាន​ហួស​ពី​អាវុធ​នុយក្លេអ៊ែរ ហើយ​ប្រព័ន្ធ​បាញ់​អាវុធ​នេះ​ក៏​រីកចម្រើន​ទៅមុខ និង​មាន​ប្រភេទ​ខុសគ្នា​។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បញ្ជាក់ថា ចិន​គ្មាន​បំណង​ចូលរួម​ក្នុង​ការចរចា​ត្រីភាគី​ជាមួយ​អាមេរិក និង​រុស្ស៊ី​ឡើយ​។ បើតាម​អ្នកស្រី Hua អាមេរិក កំពុង​យក​ចិន​ជា​លេស​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងការ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ ដែល​បញ្ហា​នេះ​ជា​កាតព្វកិច្ច​មុនគេ​របស់​អាមេរិក​ដែលជា​មហាអំណាច​មាន​នុយក្លេអ៊ែរ​ច្រើន​។ 
 
«​ក្នុងនាម​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទំនើប​ជាងគេ និង​ធំជាងគេ អាមេរិក​គួរ​បំពេញ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ឲ្យ​ពេញលេញ ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​រុស្ស៊ី​ដើម្បី​បន្ត​សុពលភាព​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (STRAT) កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ថែមទៀត ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ប្រទេស​មាន​នុយក្លេអ៊ែរ​ដទៃទៀត​ចូលរួម​ក្នុង​ការចរចា​ពហុភាគី​។​» នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែធ្នូ​។​
 
​ទន្ទឹមនឹង​ការបដិសេធ​ការចរចា អ្នកស្រី Hua ក៏​ឆ្លៀត​និយាយ​ផ្លែផ្កា​ឲ្យ​អាមេរិក​ដែល​លើកឡើង​ពី​ផលប៉ះពាល់​ដោយសារ​អាវុធ​ប្រល័យ​លោក​នេះ​។ បើតាម​មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ បើ​បារម្ភ​ពី​ស្ថិរភាព​អន្តរជាតិ​មែន ទីក្រុង​វ៉ាស៊ីនតោន គួរ​បញ្ឈប់​សកម្មភាព​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ស្ថិរភាព ឈប់​បង្កើន​ការប្រឈមមុខ​ជាមួយ​ម​ហា​អំណាច​នានា ហើយ​លែង​ដកខ្លួន​ជា​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​។  
 
​មិន​ចូលរួម​ក្នុង​ការចរចា​ត្រីភាគី​មែនពិត ទីក្រុង​ប៉េកាំង នឹង​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លើ​ការគ្រប់គ្រង​អាវុធ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Hua ដែល​បន្តថា ចិន​តែង​តែង​រក្សា​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ស្របតាម​ប្រព័ន្ធគ្រប់គ្រង​ការ​សាយភាយ​អាវុធ​អន្តរជាតិ ក៏ដូចជា​ការពារ​ស្ថិរភាព និង​តុល្យភាព​យុទ្ធសាស្ត្រ​ពិភពលោក​ផងដែរ​៕ 

Tag:
 ចិន​
  អាមេរិក​
  រុស្ស៊ី​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com