កីឡាអន្តរជាតិ
អន្តរជាតិ
Zidane និយាយ​បែប​លេងសើច​ថា Real នឹង​ទម្លាក់ Liverpool នៅ​វគ្គ​១៦​ក្រុម UCL
12, Dec 2019 , 8:39 pm        
រូបភាព
​លោក Zinedine Zidane និយាយ​បែប​កំប្លែង​លេង​ថា​ក្រុម​របស់លោក Real Madrid នឹង​មិនមាន​បញ្ហា​អ្វី​ទេ​ក្នុងការ​ទម្លាក់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool នៅត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League ប្រសិនបើ​ក្រុម​ទាំងពីរ​ប៉ះគ្នា​។​


 
​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នៃ​ក្របខណ្ឌ LaLiga មួយ​នេះ ទទួល​កៅអី​ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​រួចហើយ​ដោយ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២ ពូ​ល A ជាមួយ Paris Saint-Germain ដែល​ឈរ​កំពូល​តារាង​។​
 
Real ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង Zidane នឹងត្រូវ​ចាប់ឆ្នោត​រើស​ក្រុម​ដើម្បី​ប៉ះគ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ក្រុម​ដែល​បញ្ចប់ទៅ​នៅ​កំពូល​តារាង​ផ្សេងទៀត លើកលែងតែ​ក្រុម​មក​លី​គ​ដូចគ្នា​។ ក្រុម​ដែលមាន​ភាគរយ​ខ្ពស់​អាច​នឹងត្រូវ​ជួប Real គឺ Liverpool ដែលមាន​លោក Jurgen Klopp ជា​អ្នកចាត់ការ​។ ហង្ស​ក្រហម​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១​ពូ​ល E​។​
 
​ការចាប់​ឆ្នោត​រើស​ក្រុម វគ្គ​១/៨​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ នា​ក្រុង Nyon ប្រទេស​ស្វ៊ី​ស​។​
 
​នៅពេល​សួរថា​តើ Liverpool ជា​ក្រុម​ដែល​ត្រូវ​ចៀសវាង​សម្រាប់ Real នៅ​វគ្គ​១៦​ក្រុម ដែល​ឬទេ​? Zidane ញញឹម​ហើយ​ឆ្លើយថា ប្រសិនបើ​យើង​លេង​ទល់ Liverpool យើង​នឹង​ទម្លាក់​ពួកគេ​។​
​បុរស​វ័យ​៤៧​ឆ្នាំ ដែល​បាន​ជួយ Real លើក​ពាន Champions League បី​រដូវ​កាល​ជាប់​គ្នា បានបង្ហាញ​ពី​ការជឿជាក់​លើ​កូនក្រុម​របស់លោក បើ​ទោះ​ផ្តើម​រដូវ​កាល​ជាមួយ​ភាពរ​អាក់រ​អូ​ល​បន្តិច​ក៏ដោយ​។​
 
«​យើង​សប្បាយចិត្ត​ជាមួយនឹង​ជ័យជំនះ និង​របៀប​លេង​របស់​យើង​។ យើង​មានការ​លំបាក​ខ្លះ​នៅពេល​ប្តូរ​ទម្រង់​លេង​។ យើង​ត្រូវ​ចំណាយពេល ១០​ទៅ​១៥ នាទី​សម្រាប់​កីឡាករ​កែសម្រួល​»​។ នេះ​ជាការ​លើកឡើង​របស់ Zidane​។​
 
​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ច្រើនជាង Real បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​តារាង La Liga ដោយ​ទទួលបាន​៣៤​ពិន្ទុ ពី​ការប្រកួត​១៥​លើក ស្មើ​ក្រុម​គូប្រជែង Barcelona ដែល​នៅ​កំពូល​តារាង ដោយ​ចាញ់​តែ​គ្រាប់​ស៊ុត​ប៉ុណ្ណោះ​។​
 
​ដោយឡែក Liverpool ឯណោះ​វិញ ពួកគេ​បាន​ក្លាយជា​ក្រុម​ខ្លាំង​បំផុត​នៅ​លី​គ​កំពូល​អង់គ្លេស​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Liverpool មាន​ពិន្ទុ​ដាច់​គេ​ក្នុង​តារាង Premier League រដូវ​កាល​នេះ ដោយ​រកបាន​៤៦​ពិន្ទុ ពី​ការប្រកួត​១៦​លើក លើស Leicester City ដែល​នៅ​លេខ​២​ចំនួន​៨​ពិន្ទុ និង​ម្ចាស់​ជើងឯក​ចាស់ Manchester City ដល់​ទៅ​១៤​ពិន្ទុ​។ 
​តាមរយៈ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ចាប់តាំងពី​រដូវ​កាល​មុន​មក​នោះ Liverpool ត្រូវបាន​គេ​ជឿ​ង​ជាក់​ថា​នឹង​អាច​លើក​ពាន Premier League រដូវ​កាល​២០១៩-២០ នេះ​មិន​ខាន​៕

Tag:
 UEFA Champions League
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com