ពីនេះ ពីនោះ
តៀម​កាហ្វេ​ថ្មីៗ​៖ ចុះ​អ្ហែង​ធ្វើ​អ្វីខ្លះ​ឲ្យ​ជាតិ​?
15, Dec 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អា​សុធីរ និង​អា​សំណាង គឺជា​សម្លាញ់​នឹង​គ្នា​។ អា​សុធីរ​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​។ វា​មាន​ជីវភាព​សមរម្យ រីឯ​អា​សំណាង វា​គឺជា​មន្ត្រីរាជការ​ផង ជា​អ្នកជំនួញ​ផង អ្នករត់​ការ​ផង ហើយ​មានទ្រព្យ​សម្បត្តិ​ច្រើន​អនេក​។ មិត្តភក្តិ​ទាំងពីរ តែងតែ​ឈ្លោះ​ទាស់សម្តី​គ្នា​នៅពេលដែល​និយាយ​អំពី​រឿង​បម្រើ​ជាតិ​។ ប៉ុន្តែ​ពួកគេ​មិន​យក​មិត្តភាព​ទៅ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ពាក្យសម្តី​នោះឡើយ​។ ព្រឹក​មួយ នា​តុ​កាហ្វេ សម្លាញ់​ទាំងពីរ​ជួបគ្នា ព្រោកប្រាជ្ញ​គ្រប់​រឿង​ហើយ អា​សំណាង​ហៅ​ម្ចាស់​ហាង គិតលុយ​។ ពេល​គេ​កំពុង​គិតលុយ អា​សំណាង ទាញ​ប៊ិច​ពី​ហោប៉ៅ​អាវ ដាក់​លើ​តុ ហើយ​បង្វិល​ប៊ិច​។​

 
​អា​សុធីរ​៖ អ្ហែង​ធ្វើ​អី​?
 
​អា​សំណាង​៖ ព្រឹក​នេះ​មិនដឹង​ទៅខាង​ណា​ទេ​អ្ហា​! ក្រសួង​ផង​! ក្រុមហ៊ុន​ផង​! គេ​ណាត់​ផង​! 
 
​អា​សុធីរ​៖ អញ​ឃើញ អ្ហែង​ដូច​មិនសូវ​នៅ​ក្រសួង​ទេ​។ ទាន់​មានឱកាស ហើយ​មាន​លុយ​ទៀត ធ្វើ​ការងារ​កសាង​ស្នាដៃ​ទុក​ឲ្យ​ក្រសួង ទុក​ឲ្យ​ជាតិ​ខ្លះ​ផង​ទៅ​!
 
​អា​សំណាង​៖ អ្ហែង​ថា​ឲ្យ​អញ ចុះ​អ្ហែង​ធ្វើ​អ្វីខ្លះ​ឲ្យ​ជាតិ​?
 
​អា​សុធីរ​៖ អញ​មិន​បានធ្វើ​អ្វី​ឲ្យ​ជាតិ​ផ្ទាល់​ទេ តែ​លុយ​ពន្ធ​របស់​អញ រដ្ឋ​យកទៅ​បើក​ឲ្យ​មន្ត្រី​ដូច​អ្ហែង ដើម្បី​ឲ្យ​អ្ហែង​ធ្វើការ​ឲ្យ​ជាតិ​។​
 
​អា​សំណាង​៖ អញ​ទៅហើយ​។ ប៊ិច​ចង្អុល​ឲ្យ​ទៅ​ជួប​ភ្ញៀវ​។ គេ​ពឹង​អញ​រត់ការ​ជួល​ដី​ឲ្យ​ចិន​។ ពេល​អញ​បាន​លុយ អញ​ហៅ​ផឹក​កាហ្វេ​ទៀត​។​
 
 

Tag:
 សុធីរ​
  សំណាង​
  កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com