អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​អឺរ៉ុប នាំគ្នា​បារម្ភ​ពី​ការប្រកួតប្រជែង​ជាមួយ​អង់គ្លេស ក្រោយ​ការចែក​ផ្លូវ​គ្នា​
14, Dec 2019 , 7:39 pm        
រូបភាព
​លទ្ធផល​បោះឆ្នោត​សភា​អង់គ្លេស​នៅ​ថ្ងៃទី​១២ ខែធ្នូ បង្ហាញ​ច្បាស់​ថា ការចាកចេញ​របស់​អង់គ្លេស ជា​រឿង​លែង​លំបាក​ទៀតហើយ ក្រោយ​បក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី បូរី​សន ច​ន​សុន ទទួល​សំឡេង​ភាគច្រើន​។ ការចាកចេញ​របស់​អង់គ្លេស ត្រូវបាន​មេដឹកនាំ​អឺរ៉ុប​ប្រមើល​មើលថា នឹង​បង្កើតជា​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ផ្នែក​ពាណិជ្ជកម្ម​មិន​ខាន​។ ដើម្បី​បង្ការ​ទុក​មុន មេដឹកនាំ​អឺរ៉ុប​តាំងចិត្ត​រក្សា​តម្លៃ​របស់ខ្លួន​ឲ្យ​បាន​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ដែល​នឹង​ផ្ដើម​ចរចា​នៅពេល​ខាងមុខ​។​

 
​ទន្ទឹមនឹង​ការ​សាទរ​លទ្ធផល​បោះឆ្នោត​នៅ​អង់គ្លេស​ដែល​លោក បូរី​ស ច​ន​សុន ទទួល​ជ័យជម្នះ​មិន​ធ្លាប់មាន មេដឹកនាំ​អឺរ៉ុប ក៏​គ្នា​បារម្ភ​ពី​ស្ថានភាព​ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​ផងដែរ​។ ជោគជ័យ​របស់លោក ច​ន​សុន នឹង​បញ្ចប់​បញ្ហា​លែងលះគ្នា​ដែល​អូសបន្លាយ​ជាង​បី​ឆ្នាំ​មកនេះ ដោយ​គ្មានអ្វី​មក​រាំងស្ទះ​អ្វី​ទៀតឡើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​សភា​ហើយ​។ ប៉ុន្តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​ក្លាយជា​រឿង​ឈឺក្បាល​ថ្មី​មួយទៀត​។​
 
​ប្រ​ទេ​អឺរ៉ុប​កំពុង​បារម្ភ​ថា អង់គ្លេស នឹង​ក្លាយជា​ប្រឈម​សម្រាប់​ពួកគេ​ក្រោយ​ការលែង​លះ​នៅ​ថ្ងៃទី​៣១ ខែមករា​ខាងមុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បាន​ព្រមាន​ចំៗ​ថា ចក្រភព​អង់គ្លេស នឹង​ក្លាយជា​គូប្រជែង​ផ្នែក​សេដ្ឋកិច្ច​នៅ​មាត់ទ្វារ​ផ្ទះ​អឺរ៉ុប​តែម្ដង​។ ចំណែក​ប្រធានាធិបតី​បារាំង​វិញ ក៏​ចាត់ទុក​អង់គ្លេស​ជា​គូប្រជែង​មិន​យុត្តិធម៌​សម្រាប់​អឺរ៉ុប​ផងដែរ​។ 
 
​ដឹកមុខ​ដោយ​បារាំង និង​អាល្លឺម៉ង់ បណ្ដា​ប្រទេស​សមាជិក​អឺរ៉ុប​អះអាងថា ពួកគេ​នឹង​សម្រេច​ឲ្យ​បាន​កិច្ច​ព្រម​ពាណិជ្ជកម្ម​មួយ​ជាមួយ​អង់គ្លេស​នៅ​ចុងបញ្ចប់​ឆ្នាំ​២០២០ ហើយ​គោលការណ៍ និង​គុណ​តម្លៃ​របស់​អឺរ៉ុប គឺជា​បញ្ហា​អាទិភាព​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​មេដឹកនាំ​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល និយាយថា កិច្ចព្រមព្រៀង​កំណត់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អឺរ៉ុប និង​អង់គ្លេស នឹងត្រូវ​សម្រេច​ឲ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​
 
​អ្វីដែល​អឺរ៉ុប​បារម្ភ​ខ្លាំង គឺ​អង់គ្លេស​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ​មួយ​នៅជាប់​អឺរ៉ុប ហើយ​ក្លាយជា​ច្រក​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​អាច​ជ្រៀតចូល​ទីផ្សារ​អឺរ៉ុប​ដ៏​ធំ​ទូលាយ​បាន​ដោយ​មិនចាំបាច់​ឆ្លង​នីតិវិធី​ស្មុគស្មាញ​អ្វី​ទេ​។ នាយករដ្ឋមន្ត្រី​ហូ​ឡង់ Mark Rutte លើកឡើងថា ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ប្រាកដជា​លំបាក​ដូច​ពេល​ចរចា​រក​កិច្ចព្រមព្រៀង​លែងលះ​ដែរ​។ អឺរ៉ុប​ក៏​បារម្ភ​ពី​គោលដៅ​របស់​ក្រុង​ឡុង​ដ៍ដែល​ចង់​ព​ន្លឿ​ន​ការចរចា​នេះដែរ​។​
 
​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន (Ursula von der Leyen) ទទួលស្គាល់ថា កាលបរិច្ឆេទ​ចរចា​នេះ ជា​រឿង​គួរ​ប្រឈម​សម្រាប់​អឺរ៉ុប ប៉ុន្តែ​អឺរ៉ុប​នឹង​ផ្ដើម​ការចរចា​នៅពេលដែល​ការចាកចេញ​របស់​អង់គ្លេស​កើតឡើង​នៅ​ថ្ងៃទី​៣១ ខែមករា​ខាងមុខ​។ ជំហរ​របស់​មេដឹកនាំ​អឺរ៉ុប គឺ​រក្សា​ទំនាក់ទំនង​ជាមួយ​អង់គ្លេស​ឲ្យ​បាន​ជិតស្និទ្ធ​បំផុត​តាមតែ​អាចធ្វើ​បាន តែ​ត្រូវ​ផ្អែកលើ​សិទ្ធិ និង​កាតព្វកិច្ច ក៏ដូចជា​ការធានា​គោរព​បញ្ញត្តិ​ពាណិជ្ជកម្ម​ឲ្យ​ត្រឹមត្រូវ​ផងដែរ​៕
 
 
 
 
 

Tag:
 Brexit
  អឺរ៉ុប​ប​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com