អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម សន្យា​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​គ្រប់យ៉ាង​តាម​លទ្ធភាព​ដើម្បី​ស្រូប​វិនិយោគទុន​អាមេរិក​ឲ្យ​បាន​ច្រើន​
15, Dec 2019 , 9:30 pm        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross និងនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc  ជួបពិភាក្សាគ្នាកាលពីដើមខែវិច្ឆិកាកន្លងទៅនារដ្ឋធានី ហាណូយ (រូបភាព៖ US Embassy in Vietnam)
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross និងនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc ជួបពិភាក្សាគ្នាកាលពីដើមខែវិច្ឆិកាកន្លងទៅនារដ្ឋធានី ហាណូយ (រូបភាព៖ US Embassy in Vietnam)
ដោយ:
​រដ្ឋាភិបាល​វៀតណាម បាន​សន្យា​ធ្វើកំណែទម្រង់​បរិបទ​វិនិយោគ និង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​គ្រប់បែបយ៉ាង​តាម​លទ្ធភាព​អាច​ធ្វើបាន​សម្រាប់​ក្រុមហ៊ុន និង​អ្នកវិនិយោគ​របស់​អាមេរិក​។ ក្តី​រំពឹង​របស់​វៀតណាម គឺ​ចង់បាន​កំណើន​វិនិយោគ​របស់​អាមេរិក ដែលជា​ដៃគូ​ដ៏​សំខាន់ និង​អាច​ធានាបាន​តុល្យភាព​រវាង​ពាណិជ្ជកម្ម​វៀតណាម និង​អាមេរិក​។​

 
​តាមរយៈ​ជំនួប​ជាមួយនឹង​ប្រតិភូ​ធុរកិច្ច​អាមេរិក​-​អាស៊ាន (USABC)​នៅក្នុង​ក្រុង​ហាណូយ នៅ​ថ្ងៃ​១១ ធ្នូ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បាន​អះអាងថា រដ្ឋាភិបាល​របស់លោក តែងតែ​យកចិត្ត​ដាក់​ក្នុង​ការងារ​អនុម័ត និង​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​ទាំងឡាយ​របស់​អាមេរិក ដែល​មក​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា វៀតណាម មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយនឹង​អាមេរិក ហើយ​បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដើរតួ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​លើកកម្ពស់​ចំណង​ទ្វេភាគី និង​លំហូរ​វិនិយោគ​របស់​អា​មេ​រិ​ក​មកកាន់​វៀតណាម​។ លោក ចង់ឃើញ​ក្រុមប្រឹក្សា​ធ្វើជា​ស្ពាន​រវាង​រដ្ឋាភិបាល​វៀត​ណា​ម​-​អាមេរិក ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។​
 
​តាម​ជំនួប​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​របស់​អាមេរិក​ប​ន្ត​យកចិត្តទុកដាក់​លើ​ទីផ្សារ​របស់​វៀតណាម ទាំង​ដោយផ្ទាល់ និង​មិនផ្ទាល់​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍​ស៊ីវិល និង​ហិរញ្ញវត្ថុ​-​ធនាគារ​ជាដើម​។ លោក​ក៏​ចង់ឃើញ​ក្រុមប្រឹក្សា​ធុរកិច្ច​បន្ត​ជួយ​ក្រុមហ៊ុន​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ឲ្យ​បាន​ច្រើន ក្នុងពេល​វៀតណាម​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ឬ​ហៅ​កាត់​ថា USABC គឺជា​អង្គការ​ដ៏​មាន​ឥទ្ធិពល​មួយ​មាន​មូលដ្ឋាន​នៅ​អាមេរិក ដែលមាន​បណ្តាញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ជាច្រើន​ជា​សមាជិក​។ 
 
​ក្នុងជំនួប​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម លោក Keith Williams ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច បានបង្ហាញ​ជំហរ​សុទិដ្ឋិនិយម​អំពី​កំណើន​នៃ​ផលិតផល​ក្នុងស្រុក និង​ការនាំចេញ​របស់​វៀតណាម ហើយ​លោក សង្ឃឹមថា ក្រុមប្រឹក្សា​ធុរកិច្ច នឹង​អាច​ធ្វើជា​ដៃគូ​ល្អ​របស់​វៀតណាម ក្នុងការ​បង្កើន​ការនាំចេញ​ផងដែរ​។ 
 
​ជាមួយគ្នានេះ សមាជិក​របស់​ក្រុមប្រឹក្សា ដែលជា​ប្រតិភូ​អមដំណើរ​ផងដែរ​នោះ បាន​វាយតម្លៃ​ខ្ពស់​ពី​ភាពជោគជ័យ​របស់​វៀត​ណា​ម​ក្នុងការ​ទាក់ទាញ​វិនិយោគ​ដោយផ្ទាល់ ហើយ​ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​វៀតណាម ក្នុង​បេសកកម្ម​បំពេញ​តួនាទី​ជា​ប្រធាន​វិលជុំ​របស់​អាស៊ាន​នៅ​ឆ្នាំក្រោយ​ដ៏​ខ្លី​មុខ​នេះ​៕ 
 
 

Tag:
 វៀតណាម​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com