ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​កម្ពុជា​៖ កុំ​ច្រឡំ​ថា ការធ្វើ​សមយុទ្ធ គឺ​វៀតណាម​ឈ្លានពាន​
16, Dec 2019 , 12:59 pm        
រូបភាព
មន្រ្តីកម្ពុជា-វៀតណាម ចុះពិនិត្យទីតាំងធ្វើសមយុទ្ធ (រូបពីរដ្ឋបាលខេត្តស្វាយរៀង)
មន្រ្តីកម្ពុជា-វៀតណាម ចុះពិនិត្យទីតាំងធ្វើសមយុទ្ធ (រូបពីរដ្ឋបាលខេត្តស្វាយរៀង)
ដោយ: ថ្មីៗ
​គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​កម្ពុ​ជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មាន​ក្តីបារម្ភ​។ ពួកគេ ខ្លាចក្រែង​ថា វា មិនមែន​គ្រាន់តែ​ជាការ​ធ្វើ​សមយុទ្ធ ពោលគឺ វៀតណាម អាច​នឹង​ឈ្លានពាន​កម្ពុជា ដោយ​ប្រការ​ណាមួយ​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺថា ការធ្វើ​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា​-​វៀតណាម គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​តាម​ព្រំដែន និង​ការជួយ​សង្គ្រោះ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។ សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា សមយុទ្ធ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​សម្តេច​។ 
 
​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់​ដូច្នេះ​ថា​៖«​ព្រំដែន​យើង គឺ​នៅតែ​ជា​ព្រំដែន គ្រាន់តែ​នេះ​ជាការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។ កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា វៀតណាម​ឈ្លានពាន ឬ​ថៃ​ឈ្លានពាន ឬក៏​ឡាវ ឈ្លានពាន​...»​។ 
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា មិនមែន​តែ​ជាមួយ​វៀតណាម​ទេ កន្លងមក កម្ពុជា ក៏​ធ្លាប់ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ដទៃ​ដែរ ដូចជា អាមេរិក​និង​ចិន​ជាដើម​។ ប្រមុខ​រដ្ឋាភិបាល ចោទ​ជា​សំណួរ​បែបនេះ​ថា​៖«​ជាមួយ​អាម​រិ​ក ចិន និង​ប្រទេស​មួយចំនួនទៀត ក៏​ធ្លាប់ធ្វើ ហេតុអ្វី​យើង មិនអាច​ធ្វើ​ជាមួយ​ប្រទេស​ជិត​ច​ខាង​បាន​?»​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែធ្នូ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាសថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធ​រួមគ្នា និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ និង គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត​៕ 

Tag:
 កម្ពុជា​
  វៀតណាម​
  សមយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com