កីឡាអន្តរជាតិ
អន្តរជាតិ
LGBT អាច​ចូល​គាំទ្រ Club World Cup និង​World Cup ទោះ​កាតា ជា​ប្រទេស​ប្រឆាំង​ក្រុម​នេះ​
16, Dec 2019 , 4:56 pm        
រូបភាព
​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឬ​ភេទ​ទី​បី នឹងត្រូវ​ស្វាគមន៍​ឲ្យ​ចូលរួម​គាំទ្រ ការប្រកួត​ដណ្តើម ពាន Club World Cup ក៏ដូចជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ FIFA World Cup 2022 នៅ​កាតា បើទោះបី​ប្រទេស​នេះ មានការ​ដាក់ទោស​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏ដោយ​។​


 
​កាតា ដែល​នឹងត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ បានបង្ហាញ​បំណង​របស់ខ្លួន​យ៉ាងច្បាស់​បំផុត ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) អាចមាន​វត្តមាន​ដោយ​សេរី ក្នុង​កីឡដ្ឋាន​។​
 
​អ្នករៀបចំ​កីឡាបាល់ទាត់​ឆ្នាំ ២០២២ បានធ្វើ​ដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស នៅ​ប៉ុន្មាន​ខែ​មុននេះ ដើម្បី​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ Liverpool រួមទាំង​ក្រុម​អ្នកគាំទ្រ​ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា របស់​ក្រុម​នេះ​ផងដែរ​។ នេះ​បើតាម​ប្រភពពី​មន្ត្រី​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​លោក Paul Amann ស្ថាបនិក​ក្លិប Kop Outs នៃ​ក្រុម LGBT ដែលជា​ក្រុមគាំទ្រ Liverpool ផង បាន​ទៅ​បំពេញបេសកកម្ម នៅ​ទីក្រុង​ដូ​ហា ជាមួយ​ស្វាមី​របស់ខ្លួន​កាលពី​ខែវិច្ឆិកា តាម​ការអញ្ជើញ​របស់​អ្នករៀបចំ​ការប្រកួត​បា​ល់​ទាត់​ពិភពលោក​។ ការអញ្ជើញ​នេះ គឺ​ដើម្បី​ជាការ​បង្ហាញផ្លូវ សម្រាប់​ក្រុម LGBT ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា ក្នុងការ​ចូលរួម​គាំទ្រ ក្រុម​ហង្ស​ក្រហម ដែល​ត្រូវមាន​ភារកិច្ច​ប្រកួត​ដណ្តើមពាន Club World Cup ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ថ្ងៃទី​១១ ដល់​២២ ខែធ្នូ​នេះ​។​


 
​លោក Amann បាន​ប្រាប់ AFP ថា​៖«​ខ្ញុំ​ពេញចិត្ត​ណាស់ ដែល​ពួកគេ​ផ្តល់​ការស្វាគមន៍ ដល់​មនុស្ស​គ្រប់គ្នា ដោយ​មិន​រើសអើង ប្រក​ដោយ​ក្រមសីលធម៌ រួមទាំង​ការគោរព តាម​ភាព​ឯកជន​ផង​។ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ទង់​ឥន្ទធនូ (​ទង់​តំណាង​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) ត្រូវគេ​ទទួលយក នៅក្នុង​ប្រទេស​ទេ​ណាមួយ​ឡើយ ប៉ុន្តែ​វា​ប្រហែល​នៅ​រក្សា​ភាព​ដូចដើម​»​។​
​មួយវិញទៀត រហូតមកទល់​ពេលនេះ ទាំង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ  (FIFA) និង  គណៈកម្មាធិការ​រៀបចំ​កីឡាបាល់ទាត់​របស់​កាតា មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​វិធានការណ៍​ពិសេស​ណាមួយ សម្រាប់​អ្នកគាំទ្រ​ភេទ​ទី​៣ នៅមុន​ព្រឹត្តិការណ៍ World Cup នោះទេ​។​
 
Liverpool ដែលជា​ម្ចាស់​ពាន UEFA Champions League រដូវ​កាល​មុន ទទួលបាន​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន Club World Cup ដោយ​ស្វ័យប្រវត្តិ​តែម្តង ដោយ​ត្រូវ​ប៉ះ​ក្រុម Monterrey ក្លិប​មកពី​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក នៅ​ថ្ងៃទី​១៨ ខែធ្នូ មុន​មួយថ្ងៃ ក្រោយពេល Flamengo (​ប្រេ​ស៊ី​ល​) ជួប Al-Hilal (​អា​រ៉ា​ប៊ី​សា​អូឌីត​)​។ ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​នេះ នឹង​ឡើងទៅ​ប៉ះគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែធ្នូ នា​ក្រុង​ដូ​ហា ប្រទេស​កាតា​៕ 

Tag:
 Club World Cup
  LGBT
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com