កីឡាអន្តរជាតិ
អន្តរជាតិ
ទូរទស្សន៍ចិនបិទ Live ជំនួប Arsenal-Man City ក្រោយ Ozil រិះគន់ចិន រឿងជនជាតិភាគតិចវីហ្គ័រ
× ទូរទស្សន៍រដ្ឋចិន CCTV បានបិទការចាក់បញ្ចាំងការប្រកួតរវាងក្រុម Arsenal និង Manchester City ក្នុងកម្មវិធីទូរទស្សន៍របស់ខ្លួន បន្ទាប់ពីខ្សែបម្រើកាំភ្លើងធំ Mesut Ozil រិះគន់ចិន ដោយបង្ហាញការគាំទ្រដល់ជនជាតិមូស្លីមភាគតិចវីហ្គ័រ នៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន។
Ozil ដែលមានដើមកំណើតតួកគី និងជាជនជាតិមូស្លីមមកពីតួកគីផង បានថ្កោលទោសការបង្ក្រាបរបស់ចិន ទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត ក្នុងខេត្តស៊ីនជាំង ដោយបង្ហោះសារក្នុងបណ្តាញសង្គម Tweeter របស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ។ ក្នុងសារនោះដែរ អតីតសមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ ក៏បានរិះគន់ប្រទេសមូស្លីមផ្សេងទៀត ដែលមិនហ៊ានហាមាត់ ប្រឆាំងនឹងការរំលោភបំពាននេះ។
ជំនួបប្រកួតក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី១៧ នៅយប់ថ្ងៃទី១៥ ខែធ្នូ ដែលម្ចាស់ផ្ទះ Arsenal ចាញ់ Man City ៣-០ នោះ ត្រូវគ្រោងផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍កីឡា CCTV ទៅតាមតារាងកាលវិភាគកម្មវិធីរបស់ពួកគេ។ ប៉ុន្តែយ៉ាងណា CCTV មិនបាន Live ការប្រកួតនេះឡើយ ហើយជំនួសដោយការចាក់ផ្សាយការប្រកួតរវាង Tottenham Hotspur និង Wolverhampton Wanderers ឡើយវិញ។
«កូរ៉ាន(កម្ពីសាសនាអ៊ីស្លាម) ជិតត្រូវដុតចោលហើយ...វិហារអ៊ីស្លាមជិតត្រូវបិទទ្វារ...សាលារៀនមូស្លីមត្រូវហាមឃាត់...អ្នកប្រាជ្ញខាងសាសនា ត្រូវបានសម្លាប់ម្តងមួយៗ...បងប្អូនមូស្លីមត្រូវបញ្ជូនទៅជំរុំនានា»។ ទាំងនេះជាសំណេររបស់ Ozil ជាភាសាតួកគី ដែលបង្ហោះលើគណនី Twitter របស់ខ្លួន។
ជុំវិញការធ្វើទុក្ខបុកម្នេញ លើជនជាតិមូស្លីមភាគតិចវីហ្គ័រ ចិនកំពុងប្រឈមនឹងការថ្កោលទោសខ្លាំងឡើង ពីសំណាក់អន្តរជាតិ ជាពិសេសអាមេរិក ចំពោះការបង្កើតបណ្តាញជំរំកែប្រែដ៏ធំមួយនៅស៊ីនជាំង។ ក្រុមសិទិ្ធមនុស្ស និងអ្នកជំនាញលើកឡើងថា ជនជាតិភាគតិចវីហ្គ័រ និងប្រជាជនជនជាជនជាតិភាគតិចមូស្លីម ជាងមួយលាននាក់ផ្សេងទៀត ស្ថិតនៅផ្តុំគ្នាក្នុងជំរំដោយមានការគ្រប់គ្រងយ៉ាងតឹងរឹងពីសំណាក់ចិន។
សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី៤ ខែធ្នូ បានអនុម័ត លើសេចក្តីស្នើច្បាប់ ស្តីពីជនជាតិវីហ្គ័រ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់សម្ពាធ និងដាក់ទណ្ឌកម្ម លើក្រុងប៉េកាំង ពាក់ព័ន្ធទៅនឹងការបង្ក្រាបលើជនជាតិមូស្លីមភាគតិចវីហ្គ័រ នៅក្នុងខេត្តស៊ីនជាំងនេះ។
ច្បាប់ស្តីពីជនជាតិភាគតិចវីហ្គ័រ ឆ្នាំ២០១៩ ត្រូវបានសភាតំណាងរាស្ត្រអាមេរិកអនុម័ត ក្នុងសំឡេង ៤០៧ស្រប និង១សំឡេងប្រឆាំង។ សេចក្តីស្នើច្បាប់មួយនេះ ធ្វើឡើងក្នុងបំណងប្រឆាំងការបង្ក្រាប និងការឃុំឃាំងជនជាតិមូស្លីមភាគតិច នៅតំបន់ស៊ីនជាំង ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ប្រសិនបើសេចក្តីស្នើច្បាប់នេះ ចូលជាធរមាន អាមេរិក នឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន ព្រមទាំងរឹតត្បិតការនាំចេញផលិតផលមួយចំនួន ទៅប្រទេសចិនទៀតផង៕
Tag:
ចិន
វីហ្គ័រ
Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com