ជាតិ
មន្ត្រី​សង្ឃ​ទូទាំងប្រទេស ធ្វើ​មហាសន្និបាត​លើក​ទី​២៨
16, Dec 2019 , 5:31 pm        
រូបភាព
រូបពីគណៈសង្ឃនាយក
រូបពីគណៈសង្ឃនាយក
ដោយ: ថ្មីៗ
​មន្ត្រី​សង្ឃ​នៅ​ទូទាំងប្រទេស កំពុង​ចូលរួម​ប្រជុំ​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៨ ដែលមាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ​។ អនុ​សំវ​ច្ឆ​រ​មហាសន្និបាត គឺ​សំដៅ​ដល់​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀលរាល់​ឆ្នាំ​។​


 
​ជា​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​នេះ រួមទាំង​មានការ​យាង​និមន្ត​ចូលរួម​របស់​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធម្មការ​និង​សាសនា ផ្សាយ​ថា ថ្នាក់ដឹកនាំ​ព្រះសង្ឃ​គ្រប់​ជាន់ថ្នាក់ តំណាង​សាសនា​នា​នៅ​កម្ពុជា និង មន្ត្រី​រដ្ឋាភិបាល មាន​ចំនួន​សរុប​ប្រមាណ​១​ពាន់​អង្គ​/​នាក់ ដែល​ចូលរួម​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​។  
 
​ក្រសួង​ធម្មការ បញ្ជាក់ថា អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​ឆ្នាំនេះ នឹង​ពិនិត្យមើល​ការអនុវត្ត​សង្ឃប្រកាស កាលពី​ឆ្នាំមុន ហើយក៏​នឹងមាន​ការពិភាក្សា និង​ការផ្លាស់ប្តូរ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា​នាពេល​បច្ចុប្បន្ន បន្ទាប់មក​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្ត ដើម្បី​ពង្រឹង​ការអនុវត្ត​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ព្រះសង្ឃ និង​រាល់​លិខិតបទដ្ឋាន​គតិយុត្ត ធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា មាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​។  
 
​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត ព្រះសង្ឃ​តែង​ចេញ​នូវ​សេចក្តីសម្រេច​រួមមួយ ដែល​ហៅថា «​សង្ឃប្រកាស​»​។ សង្ឃប្រកាស គឺជា​ការកំណត់​គោលការណ៍ និង​ទិសដៅ ដើម្បី​ឲ្យ​ព្រះសង្ឃ ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ព្រះពុទ្ធសាសនា​។ សង្ឃប្រកាស​នេះ ក៏​អាច​កំណត់​ពី អ្វីដែល​ព្រះសង្ឃ​គួរ​ប្រព្រឹត្ត និង​អ្វីដែល​មិនគួរ​ប្រព្រឹត្ត​ដែរ ដើម្បី​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា កាន់តែ​មានតម្លៃ និង​រីកចម្រើន​៕
 

Tag:
 អនុ​សំវ​ច្ឆ​រ
© រក្សាសិទ្ធិដោយ thmeythmey.com