ពីនេះ ពីនោះ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ កម្ពុជា​ទំនើប តែ​មិន​ស៊ី​វិ​ល័យ ព្រោះ​កម្ពុជា​នៅ​និយាយ​រឿង​កំប៉ិកកំប៉ុក​
17, Dec 2019 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃនេះ ថ្ងៃ​អង្គារ​។ អ្នកមាន​ជំនឿ​ខ្លះ គេ​ហៅ​ថ្ងៃ​រឹង​។ សុធីរ​ទំនង​ជាមាន​អារម្មណ៍មិនល្អ និយាយ​ខឹង​មនុស្ស​មួយចំនួន​ប្រាប់​សំណាង ដែល​កំពុង​អង្គុយ​បឺត ice latte នៅ​ទល់មុខ​។​

 
​សំណាង​៖ មាន​អារម្មណ៍​ថា​មនុស្ស​យើង​មួយចំនួន​ដូច​មិនសូវ​ខ្វល់​អី​ទេ​អ្ហា​! ដូច​សួនតួនិយម​កាន់តែខ្លាំង​ហើយ​។ តែ​ពេលខ្លះ អញ​យល់ថា មិនមែនជា​ការគិត​សួនតួ​ទេ តែ​ដូច​អត់​ដឹងអី​តែម្តង​!
 
​សុធីរ​៖ អញ​ថា «​អត់​ដឹងអី​»​ហ្នុ​ង​ត្រូវ​ជាង​។ សម័យនេះ​ទៅហើយ យើង​នៅ​និយាយ​គ្នា​រឿង​កំប៉ិកកំប៉ុក ហើយ​ស្តាប់​គ្នា​មិនបាន​ទៀតផង​។ នៅតាម​ក្រុមហ៊ុន​ធំៗ ឬ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​ផង ដែលមាន​បុគ្គលិក និង​មន្ត្រី​ដែល​សុទ្ធតែជា​យុវជន​រៀន​បាន​ច្រើនៗ ប៉ុន្តែ​អ្ហែង​មើល​តាម​ជញ្ជាំង​កន្លែង​កុងតាក់​ភ្លើង​ទៅ អ្ហែង​ឃើញ​គេ​ព្រី​ន​ក្រដាស​សរសេរថា «​ពេល​ចេញពី​ធ្វើការ​ត្រូវ​បិទ​ភ្លើង​»​។ បើ​នៅក្នុង​បន្ទប់ទឹក​វិញ នៅលើ​ជញ្ជាំង​ក៏មាន​សរសេរ​ទូន្មាន​ណែនាំ «​ហាម​បោះចោល​វត្ថុ​រឹង​ក្នុង​បង្គន់​», «​សូម​ប្រើប្រាស់​បង្គន់​ឱ្យមាន​អនាម័យ​», នៅ​កន្លែង​ដែលមាន​ធុងសំរាម នៅក្នុង​ស្ថាប័ន​ធ្វើការ​ក៏ដោយ គេ​ត្រូវ​សរសេរ​ក្រដាស​បិទ​លើ​ជញ្ជាំង​ក្បែរ​ធុងសំរាម​ថា «​ត្រូវ​ចោល​សំរាម​ក្នុង​ធុងសំរាម​»​។ 
 
​សំណាង​៖ អើ អ្ហែង​និយាយ​ត្រូវ​អ្ហា​! នេះ​នៅ​កន្លែងធ្វើការ មាន​សុទ្ធតែ​អ្នក​បាន​រៀនសូត្រ​ផង​អ្ហា​។ អញ​ឆ្ងល់​ដែរ​វ៉ី​! បើ​នៅតាម​ថ្នល់​វិញ កន្លែង​សរសេរ​អក្សរ​ហាម​នោម ឆ្អេះ​ង៉ោង​, កន្លែង​សរសេរ​អក្សរ​ហាម​ចាក់សំរាម ឃើញ​សុទ្ធតែ​សំរាម​, កន្លែង​សរសេរ​ហាម​ដើរកាត់​ស្មៅ ស្មៅ​ឡើង​ទក់​។ បើ​នៅតាម​ចំណត​ឡានក្រុង​សាធារណៈ​វិញ ឃើញ​សុទ្ធតែ​ម៉ូ​តុ​ឌុប និង​ម៉ូតូ​កង់​បី​។​
 
​សុធីរ​៖ នៅ​អា​ឡាន​បើក​បញ្ច្រាសទិស​, អា​ឡាន​ឈប់​តាម​ផ្លូវកែង​និយាយ​ទូរ​សព្ទ អា​ឡាន​ទំនើប​ចុច​ស៊ី​ផ្លេ​ស្ទើរ​បែក​ត្រចៀក​ឱ្យគេ​ចៀស​ចេញ​ពីមុខ … អ្ហែង​ចង់ឱ្យ​ប្រទេស​រីកចម្រើន​ជឿនលឿន​ទៅណា​កើត បើ​អ្ហែង​នៅ​វិលវល់ ប្រកែក​តែ​រឿង​ប៉ិកកំប៉ុក​ រឿង​ក្មេង​បៀម​ដៃ​អ៊ីចឹងៗ​។ អ្ហែង​រៀន​ចប់​មហាវិទ្យាល័យ​មែន តែ​អ្ហែង​នៅ​ឱ្យគេ​ប្រដៅ​រឿង​បោះ​សំរាម​ក្នុង​ធុងសំរាម រឿង​បិទ​កុងតាក់​ភ្លើង រឿង​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ នៅឡើយ​ហ្នឹង​? 

© រក្សាសិទ្ធិដោយ thmeythmey.com