កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Aston Viilla ស៊ី Liverpool ៥-០ ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ
× Aston Viilla បានយកឈ្នះ Liverpool ក្នុងលទ្ធផល ៥-០ ក្នុងជំនួបនៅរាត្រីថ្ងៃទី១៧ ខែធ្នូ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន EFL Cup។ នេះជាបរាជ័យលើកដំបូង និងធ្ងន់ធ្ងរបំផុតរបស់ក្រុមហង្សក្រហមរដូវកាលនេះ ខណៈដែលពួកគេប្រើប្រាស់សុទ្ធតែកីឡាករយុវជនមួយឈុតតែម្តង។
៥គ្រាប់របស់ Aston សម្រេចបានដោយកីឡាករ Conor Hourihane , Jonathan Kodjia (ពីរគ្រាប់ម្នាក់ឯង) និង Wesley ខណៈកីឡាករហង្សក្រហម Morgan Boyes ធ្វើឱ្យចូលទីខ្លួនឯងមួយគ្រាប់។ ការរបូតគ្រាប់បាល់ដ៏ច្រើននេះ បន្ទាប់ពីអវត្តមានកីឡាក៏ឆ្នើមៗរបស់ Liverpool ដែលត្រូវមានភារកិច្ចធ្វើដំណើរទៅចូលរួមការប្រកួតដណ្តើមពាន FIFA Club World Cup នៅប្រទេសកាតា ដោយទុកកីឡាករ U23 ដែលដឹកនាំដោយលោក Neil Critchley សម្រាប់ជំនួបវគ្គ៨ក្រុមចុងក្រោយនេះវិញ។
Liverpool ឈុត U23 នេះ បានចាប់ផ្តើមការប្រកួតដ៏អស្ចារ្យជាមួយនឹងការគ្រប់គ្រងបាល់យ៉ាងច្រើន បើទោះប៉ះក្រុមពេញសាច់របស់ Aston Villa ក្តី។ យ៉ាងណាក៏ដោយ ពួកគេបានភ្លាត់ស្នៀតធ្វើឲ្យរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់នៅចន្លោះពេល៣ នាទី ពោលគឺនៅនាទី១៤ និង១៧ ដែលជាហេតុធ្វើឲ្យក្រុមនេះរបូតគ្រាប់បាល់ជាបន្តបន្ទាប់។
ក្រោយជ័យជម្នះនេះ Aston ដែលធ្វើមិនបានល្អនៅក្របខណ្ឌ Premier League ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៧ នោះ ទទួលបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន League Cup ឆ្នាំ២០១៩នេះ ខណៈក្រុមនាំមុខដាច់នៅកំពូលតារាងលីគកំពូលអង់គ្លេស Liverpool អស់សិទ្ធិទៅវគ្គបន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com