ជាតិ
ដំរី​១៤​ក្បាល​ត្រូវ​បានដាក់​ឲ្យ​«​ចូលនិវត្តន៍​»​នៅ​ខាងត្បូង​ជើងភ្នំ​គូ​លេន​
18, Dec 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ភ្ញៀវទេសចរ​ជិះដំរីនៅក្នុងបរិវេណប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។ Photo: Reuters
រូបឯកសារ៖ ភ្ញៀវទេសចរ​ជិះដំរីនៅក្នុងបរិវេណប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។ Photo: Reuters
ដោយ: VOA
​ភ្នំពេញ ៖សត្វ​ដំរី​ចំនួន ១៤​ក្បាល ដែល​ធ្លាប់​ដឹក​ភ្ញៀវទេសចរ​នៅ​តំបន់​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​ខេត្តសៀមរាប កំពុង​ត្រូវបាន​ដឹកបញ្ជូន​ទៅឱ្យ​សម្រាក​ចូលនិវត្តន៍​នៅ​ខាងត្បូង​ជើងភ្នំ​គូ​លេន ក្រោយពី​អាជ្ញាធរ​សម្រេច​លែងឱ្យ​ប្រើប្រាស់​ជា​មធ្យោបាយ​ទេសចរណ៍​។​

 
​បើ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ មាន​ដំរី​ចំនួន​១២​ក្បាល​ត្រូវបាន​បញ្ជូនទៅ​ខាងត្បូង​ជើងភ្នំ​គូ​លេន ហើយ​ដំរី​ពីរ​ក្បាល​ទៀត​នឹងត្រូវ​បញ្ជូន​មុន​ដំណាច់ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​ឈប់​ចុះប្រេង​។ នេះ​បើ​យោងតាម​សហ​ស្ថាបនិក នៃ​គម្រោង Kulen Mountain Forest គឺ​លោក David Piot​។​
 
​ក្រុម​អ្នក​អភិរក្ស​សត្វ​ដំរី បាន​ហៅ​ការផ្លាស់ប្តូរ​ទីតាំង​រស់នៅ​នេះ ថា​ជាការ​«​ចូលនិវត្តន៍​»​។ ក្រុម​សត្វ​ដំរី​ទាំង ១៤​ក្បាល​នេះ ធ្លាប់​ចូលរួម​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​អស់​ជិត ២០​ឆ្នាំ​មកហើយ​។ ដំរី​ទាំងនេះ​ធ្លាប់​ដឹក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​ចុះ​ភ្នំ​បាក់​ខែង និង​កំសាន្ត​តំបន់​ប្រាសាទបុរាណ​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក នៅ​ខេត្តសៀមរាប​។​
 
​ក្នុងចំណោម​ទាំងនេះ ដំរី​ដែល​ចាស់​បំផុត មាន​អាយុ​ដល់​៧០​ឆ្នាំ​។ រីឯ ដំរី​ដែល​ក្មេង​ជាងគេ​មាន​អាយុ ៣៧​ឆ្នាំ​។ ក្នុងចំណោម​ដំរី​ទាំង ១៤ មាន​ឈ្មោល​ពីរ​ក្បាល​។​
 
​លោក David Piot សហ​ស្ថាបនិក នៃ​គម្រោង Kulen Mountain Forest បាន​ប្រាប់​វី​អូ​អេ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា [​ពួកគេ​រស់នៅ​ក្នុងព្រៃ​] ជា​រៀងរហូត​ដល់ពេល​ពួកគេ​ចាស់​ស្លាប់​។ យើង​ធានាថា ពួកគេ​រស់នៅ​យ៉ាង​សប្បាយរីករាយ​នៅក្នុង​ព្រៃ​ជុំៗ​គ្នា​»​។​
 
​នៅ​ឆ្នាំ ២០១៦ មាន​សត្វ​ដំរី​ឈ្មោះ​សំបូរ ដែលមាន​ឈ្មោះ​ល្បីល្បាញ​បាន​ស្លាប់ ដោយ​គាំងបេះដូង​ពេល​ដឹក​ភ្ញៀវទេសចរ ក្រោម​កម្តៅថ្ងៃ​ក្តៅ​រយៈពេល​យូរ​។ ក្រោយមក​មានការ​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​មានការ​បញ្ឈប់​អាជីវកម្ម ឲ្យ​សត្វ​ដំរី​ដឹក​ភ្ញៀវទេសចរ​កំសាន្ត​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា ទើបតែ​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំនេះ ដោយ​ហាមឃាត់​សកម្មភាព​អាជីវកម្ម​ប្រើប្រាស់​សត្វ​ដំរី​ដឹក​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ ដើម្បី «​លើកកម្ពស់​ជីវិត​នៃ​ការរស់នៅ​បែប​ធម្មជាតិ​» របស់​សត្វ​ដំរី និង​ដោយសារ​ការផ្លាស់ប្តូរ «​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​» ផងដែរ​។​
 
​អាជ្ញាធរ​អប្សរា​សម្រេច​ឲ្យ​ដំរី​ទាំងនោះ​រស់នៅ​ព្រៃ​សហគមន៍ «​បុស្ស​ធំ​» ស្ថិតក្នុង​ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រនិគម នៃ​ខេត្តសៀមរាប ដែលជា​ជម្រក​ថ្មី​របស់​ដំរី​ទាំង ១៤​ក្បាល​នោះ​។​
 
​តំបន់​នោះ​មាន​ផ្ទៃដី ចំនួន​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រការ៉េ​។ នេះ​បើ​យោងតាម​លោក David Piot​។​


រូបឯកសារ៖ បុរសម្នាក់កំពុងជិះដំរីក្បែរតំបន់ប្រាសាទបាយ័ន រង់ចាំភ្ញៀវទេសចរ នៅ​ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៤។
 
​ការដឹកជញ្ជូន​ដំរី​នេះ​ធ្វើឡើង​បី​លើក​រួចមកហើយ​។ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ក្រុមការងារ​នៃ​គម្រោង Kulen Mountain Forest បញ្ជូន​ដំរី​ប្រាំ​ក្បាល​ជា​លើកទីមួយ​។ ដំរី​ដែល​ចាស់ៗ​ជាងគេ​ពីរ​ក្បាល ដែល​ទំនងជា​ដើរ​មិន​រួច​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូ ត្រូវបាន​បង្វឹក​ឲ្យ​ដើរ​ឡើង​រថយន្ត​ធំ​ដែល​ប្រើ​សម្រាប់​ដឹកទំនិញ​។ ដំរី​ទាំងពីរ​នោះ​មាន​ភេទ​ញី ឈ្មោះ សំបាន់ អាយុ​៧០ និង ជី​តើន អាយុ​៦៧​ឆ្នាំ​។​
 
​ចំណែក​សត្វ​ដំរី​ផ្សេងៗ​ទៀត​ដែលមាន​កម្លាំង និង​សុខភាព​គ្រាន់បើ អាយុ​ពី ៣៧​ឆ្នាំ ទៅ​៤៧​ឆ្នាំ បាន​ដើរ​ជា​បន្តបន្ទាប់​ជាមួយ​ហ្មរ​ដំរី​នៅ​ដើមខែ​ធ្នូ និង​ពាក់កណ្តាល​ខែធ្នូ​។ នេះ​យោង​បើតាម​លោក David Piot​។​
 
​កាលពី​ថ្ងៃទី​៤ ខែធ្នូ នៅ​ម៉ោង​ប្រមាណ​៤​ទាបភ្លឺ ដំរី​៣​ក្បាល ចាប់ផ្តើម​ដើរ​តាមផ្លូវ​ក្នុង​អាកាសធាតុ​ត្រជាក់ និង​មាន​ខ្យល់​ធ្លាក់​ពី​ទិស​ខាងជើង​រហឹមៗ​ជាមួយ​អ្នកដើរ​អម ដូចជា​ហ្មដំរី ពេទ្យសត្វ​ដំរី អ្នកជំនាញ​ការអភិរក្ស​សត្វ និង​មនុស្សម្នា​មួយចំនួន​ផង​។ នេះ​បើតាម​លោក Ronnachit Rungsri ជា​ពេទ្យសត្វ​ជនជាតិ​ថៃ​។​
 
​លោក Ronnachit Rungsri ធ្លាប់​ព្យាបាល​ថែទាំ​សត្វ​ដំរី​ជាង​២០​ឆ្នាំ ប្រាប់​វី​អូ​អេ​ថា​៖ «​ពួកគេ​ភាគច្រើន​សុខ​ភាពល្អ​ធម្មតា​ទេ ប៉ុន្តែ​ពួកគេ​មួយចំនួន​រៀង​ចាស់​បន្តិច​»​។​
 
​លោក​បន្តទៀតថា​៖ «​យើង​ដើរ​ឈប់ៗ​។ ពេល​យើង​ឈប់សម្រាក មាន​ប្រជាពលរដ្ឋ​តាម​សហគមន៍ អ្នកភូមិ​ហ្នឹង ហុច ចំណី និង​ទឹក​ឲ្យ​ដល់​សត្វ​ដំរី​ទៀតផង​។ គួរ​ឲ្យ​ស្រឡាញ់​ណាស់ មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​មែនទែន​»​។​
 
​នៅ​កម្ពុជា សត្វ​ដំរីព្រៃ​សរុប​មាន​ចំនួន​ចន្លោះ​ពី​ប្រមាណ ៣០០​ទៅ​៦០០​ក្បាល នេះ​បើតាម​សហជីព​អន្តរជាតិ​ដើម្បី​ការ​គាំពា​ធម្មជាតិ (International Union for Conservation of Nature) ហើយ​ដំរី​ដែលមាន​ម្ចាស់​ឬ​ដំរី​ស្រុក​មាន​ចំនួន​៧៥​ក្បាល​។​
 
​ក្រោយពេល​ដឹកជញ្ជូន​ដំរី​ទាំងនេះ​ចប់សព្វគ្រប់ ក្រុមការងារ​និយាយថា គម្រោង​បន្ទាប់ គឺ​ការ​បង្កាត់​ពូជ​ដំរី​។​
 
​លោក លៀវ ឱ​រី (​ហៅ​គិរី​) ជា​អ្នកចាត់ការ​ទូទៅ នៅក្នុង​គម្រោង និយាយទៀតថា​៖ «​ដំរី​ខ្ញុំ​ដែលមាន​នេះ គាត់​ទិញ​មក​តំបន់​ខុសៗ​គ្នា​ទាំងអស់​។ ដំរី​ខ្លះ​អត់​ទាំង​ដែល​ស្គាល់គ្នា​ផង​មកដល់​ថ្ងៃនេះ នៅតែ​ម្តងម្កាល​ព្យាយាម​ឈ្លោះ​គ្នា​ដដែល​។ អញ្ចឹង​បានជា​យើង​មានព្រៃ នឹង​អាច​ផ្សាំ​ខ្លួន​វា​ឲ្យ​ស្និ​ទ្ធិ​ស្នាល​រវាង​ញី​ឈ្មោល​ទៅ ឈាង​ទៅរក​ការ​បង្កាត់​ពូជ​ងាយស្រួល​»​។​
 
​ក្រុមការងារ​ចង់​ឲ្យ​មាន​ចំនួន​ដំរី​កើនឡើង​ដូច្នេះ ហើយ​ពួកគេ​ត្រូវ​សិក្សា​បន្ថែម​អំពី​វប្បធម៌​របស់​សហគម​ន៍​ជាមុនសិន​។ បើទោះបីជា​ដំរី​ទាំងនេះ​បាន​ជួយ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ការរក​កម្រៃ​ក៏ដោយ សហគមន៍​ខ្លះ​មាន​អ​បិ​យ​ជំនឿ ថា​វា​ជា​រឿង​មិនល្អ ប្រសិនបើ​ដំរី​ស្រុក​កើតកូន​ក្នុងស្រុក​ភូមិ​របស់​ពួកគេ​។ នេះ​បើ​យោងតាម​អ្នកចាត់ការ​ទូទៅ​នៃ​គម្រោង​រូបនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com