អន្តរជាតិ
ប៉ូលិស​សិង្ហ​បុរី បដិសេធ​សារ​ដែល​ព្រមាន​ថា​ការប្រើ​ទូរ​សព្ទ​ខណៈ​ឆ្លងផ្លូវ​នឹងរង​ពិន័យ
18, Dec 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ សារព័ត៌មាន Straits Times
ប្រភពរូប៖ សារព័ត៌មាន Straits Times
ដោយ:
​ប៉ូលិស​សិង្ហ​បុរី បាន​ចេញមុខ​បដិសេធ​សារ​ព្រមាន​មួយ​ដែល​អះអាងថា អ្នក​ថ្មើរជើង​ដែល​ប្រើ​ទូរ​សព្ទ​ដៃ​ពួកគេ​ខណៈ​ឆ្លងកាត់​ផ្លូវ​សាធារណៈ នឹងរង​ពិន័យ​។ ការចេញមុខ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយ​ពីសារ​មួយ​ដែល​ចែករំលែក​សុះសាយ​លើ​បណ្តេញ​អន​ឡាញ​កាលពី​ថ្មីៗ​នេះ អះអាងថា ការ​ល្មើស​នៃ​ប្រការនេះ ប្រហែល​រង​ពិន័យ​ជា​ប្រាក់​ដល់ ៧៣៧ ដុល្លារ ចាប់ពី​ថ្ងៃ​០១ ធ្នូ ឆ្នាំ​២០១៩​តទៅ​។​

 
«​ប៉ូលិស ចង់​បញ្ជាក់ថា វា​ពុំមែន​ជា​បទល្មើស​អ្វី​ឡើយ​ចំពោះ​អ្នក​ថ្មើរជើង​ក្នុង​ការប្រើ​ឧបករណ៍​ទាក់ទង​ចល័ត​នៅពេល​កំពុង​ឆ្លងកាត់​ផ្លូវ​សាធារណៈ​»​។  កងកម្លាំង​ប៉ូលិស​សិង្ហ​បុរី លើកឡើង​បែបនេះ នៅ​ថ្ងៃ​ពុធ ១៨ ខែធ្នូ ដោយ​បន្ថែមថា យ៉ាងណាមិញ ប៉ូលិស​គ្រាន់តែ​ឲ្យ​យោបល់​អ្នក​ថ្មើរជើង​កុំ​ធ្វើ​រឿង​បែបនេះ​ប៉ុណ្ណោះ ព្រោះថា ការប្រើ​ទូរ​សព្ទ​ដូច្នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ នៅពេល​មាន​រថយន្ត​ឆ្លងកាត់​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ប៉ូលិស​សិង្ហ​បុរី សង្កត់ធ្ងន់ថា អ្នក​ថ្មើរជើង​ទាំងអស់ គួរ​មានការ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ហើយ​ប្រយ័ត្នប្រយែង​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពួកគេ ហើយ​អ្នក​ថ្មើរជើង​ដទៃទៀត​ដែល​ធ្វើដំណើរ​ក្បែរ​ពួកគេ​។ ទន្ទឹមនេះ ប៉ូលិស ក៏​ទទូច​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរី​ទាំងអស់​កុំ​ចែករំលែក​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​បង្កចលាចល​ដល់​សាធារណៈ​។ 
 
​សូមបញ្ជាក់ថា រឿងហេតុ​នៃ​ការភាន់ច្រលំ​នេះ កើតឡើង​បន្ទាប់ពី​ប៉ូលិស​សិង្ហ​បុរី បានធ្វើ​វិសោធនកម្ម​លើ​ក្រម​ចរាចរណ៍​មួយ​ឈ្មោះថា «The Highway Code» ដែលជា​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ​ទាំងអស់ ហើយ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៩​។ ពួកវា បាន​រាប់បញ្ចូល គោលការណ៍​ណែនាំ​លើ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​ផ្ទាល់ខ្លួន​, ការផ្តល់​ផ្លូវ​សម្រាប់​រថយន្ត​សង្គ្រោះបន្ទាន់ និង​ការប្រើប្រាស់​ឧបករណ៍​ទាក់ទង​ចល័ត​របស់​អ្នក​ថ្មើរជើង​៕

Tag:
 សិង្ហ​បុរី​
  ទូរ​សព្ទ​
  អ្នក​ថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com