អន្តរជាតិ
ថៃ​៖ ខឹង​ប្រមាថ​ច្រើនដង សិស្ស​អាយុ​១៣​ឆ្នាំ​ម្នាក់​បាញ់សម្លាប់​មិត្ត​រួម​ថ្នាក់​ខ្លួនឯង​
18, Dec 2019 , 9:39 pm        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ូស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ូស្តិ៍
ដោយ:
​សិស្ស​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​បាញ់សម្លាប់​មិត្ត​រួម​ថ្នាក់​ម្នាក់ បន្ទាប់ពី​ជនរងគ្រោះ​បាន​និយាយ​ប្រមាថ​ជាច្រើន​ដង​លើ​រូបគេ ដោយ​ហៅ «​អា​ខ្ទើយ Lady Boy» ។ ករណី​ឃាត​កម្មនេះ បានកើត​ឡើង​នៅ​សាលារៀន​មួយ​ដែល​ស្ថិតនៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ​។ 

 
​ប៉ូលិស​ថៃ បាន​បញ្ជាក់ថា ការបាញ់សម្លាប់​ដ៏​ឃោរឃៅ​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨៖៣០​នាទី​ព្រឹក​ក្នុង​សាលារៀន​រដ្ឋ​មួយ​ក្នុងស្រុក​មឿង​ខេត្ត​ក​ញ្ច​ន​បុរី​ប្រទេស​ថៃ ។ តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ សិស្ស​ប្រុស​រងគ្រោះ​ឈ្មោះថា Chinlasit Boonchan ដែលមាន​អាយុ​១៣​ឆ្នាំ​ដែរនោះ ត្រូវបាន​រកឃើញ ដេក​ក្នុង​ថ្លុកឈាម​នៅមុខ​បន្ទប់​ថ្នាក់​របស់គេ​។  រូបគេ​ត្រូវបាន​ពិនិត្យឃើញថា​មាន​របួស​គ្រាប់កាំភ្លើង ត្រង់​ថ្ងាស​ផ្នែក​ខាងស្តាំ​។ 
 
​ក្រុម​គ្រូបង្រៀន និង​គ្រូពេទ្យ បាន​ព្យាយាម​ជួយសង្គ្រោះ​ជីវិត​ក្មេងប្រុស​នេះ ក៏ប៉ុន្តែ​ពួកគេ​បរាជ័យ​។ ក្មេងប្រុស​ដែលជា​អ្នកបាញ់​កាំភ្លើង ត្រូវបាន​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សួរចម្លើយ​។ ប៉ូលិស បាន​រកឃើញ កាំភ្លើងខ្លី ៧,៦៥​មី​លី​ម៉ែត្រ ក្នុង​កាបូបស្ពាយ​របស់​គេ​។ 
 
​ក្រោយ​មានការ​សាកសួរ​ចម្លើយ​រួចរាល់ ក្មេង​ជំទង់​ចិត្តខ្លាំង​ម្នាក់នេះ បាន​ប្រាប់​ប៉ូលិស​ថា មិត្ត​រួម​ថ្នាក់​ខ្លួន​គឺ​ក្មេងប្រុស Chonlasit បាន​និយាយ​ប្រមាថ​ខ្លួន វាយ​ក្បាល ហើយ​បាន​ហៅ​ខ្លួន​ថា «​អា​ខ្ទើយ​(Lady boy) »​។ 
 
​ការប្រមាថ​ដដែលៗ​នេះ​បាន​បង្ក​ឲ្យ​រូបគេ​ខឹង​ក្រោធ​ជាខ្លាំង រហូតដល់​ចុងក្រោយ​រូបគេ​ទ្រាំលែងបាន ទើប​សម្រេចចិត្ត​លួច​យក​កាំភ្លើងខ្លី​ឪពុក​ពី​ផ្ទះ​មក ហើយ​បាញ់សម្លាប់ Chonlasit ខណៈ​គេ​កំពុង​ដោះ​ស្បែកជើង​ចូល​ថ្នាក់រៀន​។  បន្ទាប់ពី​សម្រេច​កិច្ចការ​នេះ រូបគេ​បាន​រត់​ទៅកាន់​បន្ទប់ទឹក​ដើម្បី​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ក្នុង​គោលដៅ​រត់គេចខ្លួន ក៏ប៉ុន្តែ​រូបគេ​ត្រូវ​ចាប់បាន​ដោយ​គ្រូបង្រៀន និង​សិស្ស​ច្បង​។ នេះ​បើតាម​សម្តី​ប៉ូលិស​។ 
 
​បន្ថែម​ពី​ការអះអាង​របស់​ប៉ូលិស របាយការណ៍​មួយទៀត ចុះផ្សាយ នៅពេល​បាញ់សម្លាប់​ជនរងគ្រោះ Chomlasit ក្មេងប្រុស​បង្ក បាន​ពាក់​ម៉ាស់​ពណ៌​ខ្មៅ អាវយឺត និង​ស្រោមដៃ ហើយ​រូបគេ​បានរ​ត់ទៅ​បន្ទប់ទឹក​ដើម្បី​ប្តូរ​មកជា​ឯកសណ្ឋាន​សិស្ស​វិញ​។​
 
​ឪពុក​របស់​សិស្ស​រង​គ្រោះ ឈ្មោះថា Suwit Boonchan អាយុ​៥៥​ឆ្នាំ បាន​ប្រញាប់ប្រញាល់​ទៅ​សាលារៀន ក្រោយពី​ទទួលដំណឹង​ដូច្នេះ ហើយ​លោក​បាន​យំយែក​ជាខ្លាំង​បន្ទាប់ពី​ឃើញ​សាកសព​កូនប្រុស​។ ប៉ូលិស​បាន​បន្ត​សាកសួរ​ទៅកាន់​ក្រុម​គ្រូបង្រៀន និង​យក​ជនសង្ស័យ​នេះ​ទៅកាន់​ស្ថានីយ៍​ប៉ូលិស​ដើម្បី​ស៊ើបសួរ​បន្ត​៕

Tag:
 ថៃ​
  សិស្ស​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com