ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក«គុនខ្មែរអន្តរជាតិ»នឹងរៀបចំការប្រកួតលើកទី៣របស់ខ្លួនចន្លោះពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពត ដោយមានកីឡាករជាតិ និងអន្តរជាតិជាង៣០រូបចូលរួម។ ការប្រកួតនេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ផង និងចម្រាញ់រកជើងខ្លាំងផង។ គណៈកម្មការរៀបចំការប្រកួតនេះ ស្នើសុំការយោគយល់ពីទស្សនិកជន ដ្បិតការប្រកួតមានទាំងគូស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីព។ តែយ៉ាងណា លោក តែម ម៉ឺន ជំរុញឲ្យកីឡាករប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ពិសេសអាជ្ញាកណ្តាលចៅក្រមត្រូវកាត់ក្តីឲ្យយុត្តិធម៌។
ជាការប្រកួតដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨នៅខេត្តកំពតក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ គឺជាវេទិកាលំដាប់ពិភពលោក ដើម្បីចម្រាញ់រកជើងខ្លាំង ដ្បិតមានកីឡាករជាតិនិងអន្តរជាតិចំនួន៣៨រូបមកពី៨ប្រទេសចូលរួម។ ការប្រកួតធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដោយថ្ងៃទីមានការប្រកួតចំនួន៦គូ ថ្ងៃទីពីរ៧គូ និងថ្ងៃទីបីចំនួន៦គូ។
វានឹងក្លាយជាទស្សនីយភាពមួយដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលដើរលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៨នៅខេត្តកំពត ដ្បិតកីឡាករចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ សុទ្ធសឹងជាកីឡាករជើងខ្លាំងលំដាប់ជួរមុខរបស់កម្ពុជា។ គណៈកម្មការរៀបចំការប្រកួតរំពឹងថា ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ពិសេសធ្វើឲ្យពិធីបុណ្យសមុទ្រឆ្នាំនេះកាន់តែមានភាពទាក់ទាញ និងអធិកអធមថែមទៀត។
ដើម្បីឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ និងជក់ចិត្តសម្រាប់ទស្សនិកជន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំរុញឲ្យកីឡាករប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពបញ្ជាការប្រកួតឲ្យបានខ្ជាប់ខ្ជួន។ ពិសេសត្រូវរក្សាភាពថ្លៃថ្នូរ និងទទួលយកលទ្ធផលតាមការសម្រេចរបស់អាជ្ញាកណ្តាលចៅក្រម។ ជាមួយគ្នានេះ លោក ដាស់តឿនអាជ្ញាកណ្តាលចៅក្រមកាត់ក្តី និងដាក់ពិន្ទុឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងឈរលើគោលការណ៍មិនលម្អៀង និង Fair Play។
សម្រាប់ប្រធានសហព័ន្ធរូបនេះ សង្វៀនប្រដាល់គុនខ្មែរអន្តរជាតិ គឺជាឱកាសសម្រាប់កម្ពុជា ដើម្បីបង្ហាញសមត្ថភាពរបស់កីឡាករ និងអាជ្ញាកណ្តាលចៅក្រមទៅកាន់ឆាកអន្តរជាតិ។ ពិសេស ដើម្បីផ្សព្វផ្សាយពីវិស័យកីឡាប្រដាល់គុនខ្មែរទៅកាន់ពិភពលោក ក៏ដូចជាទាក់ទាញបណ្តាប្រទេសផ្សេងៗឲ្យចូលរួមព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនេះ ឲ្យកាន់តែច្រើន។
មិនខុសគ្នាពីលោក តែម ម៉ឺន នោះទេ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោក បានចាត់ទុកព្រឹត្តិការណ៍នេះជាយានដើម្បីផ្សព្វផ្សាយ និងពង្រីកសក្តានុពលរបស់វិស័យប្រដាល់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ក្រៅពីអបអរពិធីបុណ្យសមុទ្រ ការប្រកួតនេះ គឺដើម្បីរក្សាស្ថេរភាពដំណើរការក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ដែលកម្ពុជាគ្រោងដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិបានរៀបចំពីរលើករួចមកហើយ ដោយលើកទី១រៀបចំនៅវិមានពហុកីឡដ្ឋានជាតិ និងលើកទី២ធ្វើនៅក្នុងកម្មវិធីសម្ពោធវិមានឈ្នះៗនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អ្វីដែលគួរកត់សម្គាល់ ការរៀបចំពីរលើកកន្លងមក គឺទទួលបានការសាទរយ៉ាងខ្លាំងពីទស្សនិកជន តែក៏មានមតិមួយចំនួនតូចរិះគន់ផងដែរ។ រិះគន់ក៏ដោយសារតែ គណៈកម្មការរៀបចំ ដាក់គូស្ម័គ្រចិត្តឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ស្នើឲ្យទស្សនិកជនមានការយោគយល់ចំពោះការរៀបចំនៅលើកនេះ ដ្បិតគណៈកម្មការនឹងបន្តដាក់ឲ្យមានការប្រកួតគូស្ម័គ្រចិត្តដូចលើកមុនៗដែរ។ ប៉ុន្តែ ក៏មានការប្រកួតគូពាក់កណ្តាលអាជីព និងអាជីពជាច្រើនគូផងដែរ។
បើតាមរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ការបន្តធ្វើទាំងដឹងថាមានការរិះគន់បែបនេះ ក៏ដោយសារការប្រកួតនេះមិនមែនជាការប្រកួតបែបអាជីវកម្ម ពោលគឺធ្វើឡើងដើម្បីគៀងគរបណ្តាប្រទេសនៅលើពិភពលោក ក្នុងតំបន់អាស៊ី និងអាស៊ានឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។ ការធ្វើដូច្នេះ ក៏ដោយសារតែកម្ពុជាគ្រោងដាក់ឈ្មោះ«ប្រដាល់គុនខ្មែរអន្តរជាតិ»ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រៅពីប្រដាល់គុនខ្មែរអន្តរជាតិ ក៏មានការប្រកួតកីឡាម៉ូតូទឹកអន្តរជាតិ អុកចត្រង្គ រត់ប្រណាំង ប្រណាំងកង់ និងប្រកួតស្វែងរកបុរសខ្លាំងផងដែរ។ ពិធីបុណ្យសមុទ្រជុំទី២លើកទី៨នៅខេត្តកំពតឆ្នាំនេះធ្វើឡើងចន្លោះពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។ ក្រៅពីកីឡា ក៏មានការការតាំងពិព័រណ៌ផលិតផលអន្តរជាតិ និងសមិទ្ធផលកសិកម្ម ឧស្សាហកម្ម ដែលជាផលិតផលសក្តានុពលរបស់ខេត្តកំពតផងដែរ។
ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិខាងលើ ក៏មានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍អប្សរាផងដែរ៕