អន្តរជាតិ
កុមារ​អាយុ​៨​ឆ្នាំ​ម្នាក់ រកលុយ​តាម​YouTube បាន​២៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩
19, Dec 2019 , 9:39 pm        
រូបភាព
ដោយ:
​កុមារ Ryan Kaji អាយុ​៨​ឆ្នាំ​ម្នាក់ រកចំណូលបាន ២៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ លើ​ឆា​ណែ​ល YouTube ។ ជាមួយ​តួលេខ​នេះ កុមារ​អាមេរិក​រូបនេះ បាន​ក្លាយជា YouTuber ដែល​រកចំណូលបាន​ខ្ពស់បំផុត​។ នេះ​បើតាម​បញ្ជី​ដែល​បាន​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes កាលពី​ថ្ងៃ​ពុធ ១៨ ធ្នូ​។

 
​កុមារ Kaji ដែលមាន​ឈ្មោះ​ពិត​ថា «Ryan Guan» ក៏​ធ្លាប់បាន​ជាប់​ឈ្មោះ​ជា​អ្នក​រកចំណូលបាន​ខ្ពស់បំផុត​ម្តង​ហើយ​លើ YouTube កាលពី​ឆ្នាំ​២០១៨ ជាមួយនឹង​ទឹកប្រាក់ ២២​លាន​ដុល្លារ​។ ឆា​ណែ​ល​របស់​រូបគេ «Ryan’s World» បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ឪពុកម្តាយ​របស់ Ryan ដោយ​កាលនោះ កុមារ​រូបនេះ​មាន​អាយុ​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ ។ មកដល់ពេលនេះ ឆា​ណែ​ល​នេះ​មាន​អ្នក Subscribe ដល់​ទៅ​២២,៩​លាន​នាក់​ទៅហើយ​។  
 
​ផ្តួចផ្តើមឡើង​ដំបូង​ហៅថា «Ryan ToysReview» ឆា​ណែ​ល YouTube នេះ មាន​សុទ្ធសឹងតែ​វីដេអូ ប្រភេទ «Unboxing» ដែល​បង្ហាញ​ពី​ក្មេងប្រុស​រូបនេះ​បើក​ប្រអប់​ប្រដាប់​ក្មេង​លេខ ហើយ​លេង​ជាមួយ​ពួកវា​។ វីដេអូ​មួយចំនួន មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​១​ពាន់​លាន​ដង​ឯណោះ ហើយ​ឆា​ណែ​ល​នេះ ទទួលបាន​អ្នក​ចូល​មើល​ជិត​៣៥​ពាន់​លាន​ដង ចាប់តាំងពី​ចាប់កំណើត​មក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​វេ​ប​សាយ​វិភាគ Social Blade ។​
 
​គេ​សង្កេតឃើញថា ឆា​ណែ​ល YouTube នេះ មានការ​វិវត្តន៍​ទៅតាម​វ័យ​របស់​ក្មេងប្រុស Ryan ដោយ​ឥឡូវនេះ វា​ក៏​ផ្តល់​វីដេអូ​អប់រំ​ផងដែរ បន្ថែម​ពី​ការ​គ្រានតែ​បើក​ប្រអប់​ប្រដាប់​ក្មេង​លេង​។ ដោយ​ផ្អែកលើ​ចំណាត់ថ្នាក់​របស់​ទស្សនា​វ​ដ្តី Forbes កុមារ Ryan Kaji បាន​នាំមុខ​ឆា​ណែ​ល YouTube ដ៏​ល្បីល្បាញ​មួយ​ឈ្មោះថា «Dude Perfect» ដែល​បង្កើតឡើង​ដោយ​មិត្ត​មួយក្រុម​មកពី​រដ្ឋ Texas សហរដ្ឋអាមេរិក​។ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ ឆា​ណែ​ល​នេះ រកចំណូលបាន ២០​លាន​ដុល្លារ​។ 
 
​ចំណែក​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ឆា​ណែ​ល​ក្មេងស្រី​រុស្ស៊ី​ម្នាក់ទៀត មាន​ឈ្មោះថា Anastasia Radzinskaya ។ អាយុ​ត្រឹម​៥​ឆ្នាំ នាង​រកចំណូលបាន​១៨​លាន​ដុល្លារ​។ ឆា​ណែ​ល​ទាំងពីរ​របស់​នាង មួយ​ឈ្មោះថា «Like Nastya Vlog» និង «Funny Stacy» បូក​បញ្ចូល​គ្នា​មាន​អ្នក Subscribe សរុប ៧០​លាន​នាក់ ជាមួយ​វីដេអូ​និយាយ​ជា​ភាសា​រុស្ស៊ី អង់គ្លេស និង​អេស្បាញ់​៕

Tag:
 សហរដ្ឋអាមេរិក​
  Youtube
© រក្សាសិទ្ធិដោយ thmeythmey.com