កីឡាអន្តរជាតិ
អន្តរជាតិ
Minamino ក្លាយជាកីឡាករជប៉ុនទី១ របស់ Liverpool ក្រោយទិញបានពី Salzburg
× Liverpool នៅថ្ងៃទី១៩ ខែធ្នូ អះអាងថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Red Bull Salzburg ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Takumi Minamino។ តាមសេចក្តីប្រកាសលើវេបសាយផ្ទាល់របស់ក្លិបក្នុងក្របខណ្ឌ Premier League មួយនេះ Minamino ក្លាយជាកីឡាករសញ្ជាតិជប៉ុនទីមួយក្នុងប្រវត្តិសាស្ត្ររបស់ហង្សក្រហម ។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរបស់ Salzburg ក្រុមមកពីលីគកំពូលអូទ្រីស បានធ្វើឲ្យ Liverpool ចាប់អារម្មណ៍ខ្លាំងអំឡុងការបង្ហាញខ្លួននាការប្រកួតវគ្គជម្រុះតាមពូល Champions League រដូវកាលនេះ។ ដោយសារភាពលេចធ្លោរបស់ Minamino បានធ្វើឲ្យអ្នកចាត់ការទូទៅលោក Jurgen Klopp សម្រេចយករូបគេមកកាន់ Anfield ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។
ជុំវិញការផ្ទេរនេះ ហង្សក្រហមមិនបានបង្ហើបប្រាប់ពីតម្លៃខ្លួនរបស់ Minamino នោះទេ ប៉ុន្តែបណ្តាញសារព័ត៌មានអង់គ្លេសរាយការណ៍ថាប្រហែលជា ៧,២៥លានផោន (៩,៤៤លានដុល្លារអាមេរិក)។ ដោយសារទីផ្សារដោះដូរកីឡាករមិនបើកទ្វារផ្លូវការ អតីតសមាជិកក្រុម Cerezo Osaka រូបនេះ នឹងត្រូវធ្វើដំណើរទៅអង់គ្លេស នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
ក្រោយចុះកិច្ចព្រមព្រៀងរួចរាល់ Minamino បានបង្ហាញអារម្មណ៍ប្រាប់ liverpoolfc.com ថា៖«នេះជាសុបិនមួយ ដែលខ្ញុំធ្លាប់សុបិនថាបានក្លាយជាកីឡាកររបស់ក្រុមហង្សក្រហម Liverpool ។ ហើយខ្ញុំពិតជារំភើបណាស់ដែលពេលនេះអ្វីៗបានក្លាយជាការពិត។ ការលេងនៅ Premier League គឺជាគោលដៅមួយដ៏ធំរបស់ខ្ញុំ»។
ដោយឡែកលោក Klopp ក៏បានសរសើរ Minamino ថាជាកីឡាដែលមានភាពអង់អាចក្លាហានផងដែរ។ «គាត់រហ័សហើយជាកីឡាករក្លាហាន។ គាត់ក្លាហានជាមួយបាល់ ប៉ុន្តែក៏ក្លាហាននៅពេលគ្មានបាល់ដែរ»។
Minamino បានបង្ហាញខ្លួនឲ្យ Salzburg ១៩៩ប្រកួត និងស៊ុតបញ្ចូលទីបាន៦៤គ្រាប់ ក្រោយចាកចេញពី Cerezo Osaka លីគនៅជប៉ុននៅឆ្នាំ២០១៤។ សម្រាប់ក្រុមជម្រើសជាតិជប៉ុន រូបគេបានបង្ហាញខ្លួនសរុប២២លើក និងរកគ្រាប់បាល់បាន១១គ្រាប់៕
Tag:
Takumi Minamino
Liverpool
Salzburg
© រក្សាសិទ្ធិដោយ thmeythmey.com