អន្តរជាតិ
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រកាស​សុំទោស ក្រោយ​ទៅ​លំហែកាយ​ទាំង​ភ្លើង​កំពុង​ឆេះ​ព្រៃ​ក្នុងស្រុក
22, Dec 2019 , 4:03 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​២០ ខែធ្នូ បានប្រកាស​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​ចំណាយពេល​វិស្សមកាល​ជាមួយ​គ្រួសារ ស្រប​ដែល​ភ្លើង​ឆេះ​ព្រៃ​កំពុង​អុកឡុក​ក្នុង​រដ្ឋ​ជាច្រើន​។ ខណៈ​ការរិះគន់​លាន់​រន្ថើន​កាន់តែខ្លាំង លោក ម៉ូ​រី​សុន បាន​ប្រញាប់​ចូល​ស្រុក​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​។ យ៉ាងណាមិញ លោក​បាន​និយាយ​ការពារ​ខ្លួន​ថា វិស្សម​កាលនោះ ជា​អ្វី​ដែ​លោក​បាន​សន្យា​ជាមួយ​កូនៗ និង​ត្រូវបាន​គ្រោងទុក​មុន​។​

 
​អូស្ត្រាលី កំពុងតែ​តស៊ូ​នឹង​ភ្លើង​ឆេះ​ព្រៃ​កំពុងតែ​រាតត្បាត​នៅ​រដ្ឋ​ចំនួន​បី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ​។ ភ្លើង​ឆេះ​ព្រៃ បាន​បំផ្លាញ​ផ្ទះ​ច្រើនជាង​៧០០​ខ្នង ហើយ​ព្រៃឈើ និង​ដីធ្លី​ប្រមាណ​១,២​លាន​ហិច​តា​ទៀត​។ អ្នក​ពន្លត់អគ្គីភ័យ​ពីរ​នាក់ បាន​ស្លាប់​ក្នុងពេល​បំពេញភារកិច្ច​នៅ​រដ្ឋ New South Wales ដែល​ធ្វើ​ឲ្យ​ចំនួន​បុគ្គលិក​ពន្លត់អគ្គីភ័យ​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​ផ្ទុះឡើង​កាលពី​ខែតុលា កើន​ដល់​៨​នាក់​ទៅហើយ​។ 
 
​ក្រោយ​ទទួលបាន​ព័ត៌មាន​មរណភាព​នេះ នាយករដ្ឋមន្ត្រី ស្កុ​ត ម៉ូ​រី​សុន ក៏​ប្រញាប់ប្រញាល​ត្រឡប់​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុងតែ​រីករាយ​វិស្សមកាល​ជាមួយ​គ្រួសារ​នៅឯ​រដ្ឋ​ហា​វ៉ៃ​។ ដំណើ​រវិ​សម្ស​កាល​នេះ ធ្វើ​ឲ្យ​លោក ម៉ូ​រី​សុន រង​ការរិះគន់​យ៉ាងខ្លាំង ខណៈ​ប្រទេសជាតិ​កំពុង​ជួប​បញ្ហា​បន្ទាន់​នោះ​។ 
 
​ក្នុង​សេចក្ដី​ការណ៍​ថ្ងៃទី​២០ ខែធ្នូ លោក ម៉ូ​រី​សុន បានបង្ហាញ​ការសោកស្ដាយ​ទៅកាន់​អ្នករងគ្រោះ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដែល​រង​ការប៉ះពាល់​ពី​ការ​ចំណាយពេល​សម្រាប់​គ្រួសារ​របស់លោក​។ ក្រោយមក លោក ម៉ូ​រី​សុន ក៏​ប្រាប់​វិទ្យុ 2GB ថា ដំណើរ​កម្សាន្ត​គ្រួសារ​របស់លោក ត្រូវបាន​រៀបចំ​ដើម្បី​ឲ្យ​កូនស្រី​របស់លោក​ភ្ញាក់ផ្អើល និង​ដើម្បី​ជំនួស​ដំណើរ​កម្សាន្ត​មួយ​ដែល​គ្រោង​ធ្វើ​ក្នុង​ខែមករា​កន្លងទៅ តែ​ក៏ត្រូវ​លុបចោល​វិញ​ព្រោះ​លោក​ជាប់រវល់​ទស្សនកិច្ច​នៅ​ជប៉ុន និង​ឥណ្ឌា​។​
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​មកដល់​ស្រុក​ថ្ងៃទី​២១ ខែធ្នូ ហើយ​នៅ​ថ្ងៃទី​២២ លោក​ក៏​ទៅ​ចុះ​ត្រួតពិនិត្យ​ទីស្នាក់ការ​ពន្លត់អគ្គីភ័យ​នៅ​ទីក្រុង​ស៊ីដនី​។ នៅ​ទីនោះ លោក ម៉ូ​រី​សុន ប្រាប់​អ្នកសារព័ត៌មាន​ថា ជនជាតិ​អូស្ត្រាលី​មានការ​យល់ដឹង​ច្រើន រាប់​ការរក្សា​ពាក្យសន្យា​ជាមួយ​កូនៗ​ផងដែរ​។ យ៉ាងណាមិញ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោក​ក៏មាន​ការទទួលខុសត្រូវ​ផ្សេងទៀត ហើយ​សូម​ទទួលយក​ពាក្យរិះគន់​ទាំង​អម្បាលម៉ាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Bloomberg ។​
 
​លោក ម៉ូ​រី​សុន បានលើកឡើង​ពី​មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​សន្ធោសន្ធៅ​ដែល​កើតឡើង​អំឡុងពេល​រលក​កម្ដៅ​ក្ដៅ​នៅ​អូស្ត្រាលី​។ ជាមួយគ្នានេះ ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​៣០​នាក់​ពី​កាណាដា និង​៩​នាក់​ពី​អាមេរិក នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​នេះ​៕
 

Tag:
 ​អូស្ត្រាលី​
  ស្កុ​ត ម៉ូ​រី​សុន
© រក្សាសិទ្ធិដោយ thmeythmey.com