សៀមរាប៖ នំបញ្ចុកដែលមានតែបន្លែ និងស្រូបទឹកអំបិលប្រហុករបស់អ្នកស្រី សំណាង កំពុងទាក់ទាញអតិថិជនជាច្រើន។ អតិថិជនដែលភាគច្រើនជាយុវជន បានតម្រង់ជួររង់ចាំហូបនំបញ្ចុករសជាតិថ្មីនេះ។ មានរសជាត់ប្លែក ឆ្ងាញ់មួយបែបពីនំបញ្ចុកទឹកសម្ល ក្នុងមួយថ្ងៃអ្នកស្រី សំណាង លក់នំបញ្ចុកអស់ប្រមាណ២០០គីឡូក្រាម។
នំបញ្ចុកក្ដៅៗទើបស្រង់ពីឆ្នាំងរោយ ត្រូវបានចាប់ដាក់កញ្ច្រែងតូចៗ ទ្រាប់នឹងស្លឹកឈូក ដើម្បីដាក់ឱ្យអតិថិជនច្រើននាក់ ដែលកំពុងអង្គុយរង់ចាំជិតមួយម៉ោងមកហើយ។ នៅម៉ោងប្រមាណ៩ព្រឹក អតិថិជនដែលចូលចិត្តហូបនំបញ្ចុកទឹកអំបិលប្រហុករបស់អ្នកស្រី សំណាង បានមកដល់តូបលក់ ប្រហែលជាចង់ក្លាយជាអតិថិជនដំបូងនៅថ្ងៃនោះ។ តូបលក់នំបញ្ចុកស្រូបទឹកអំបិលប្រហុករបស់អ្នកស្រី សំណាង មានទីតាំងនៅមុខប្រាសាទអង្គរ គឺនៅជ្រុងខាងជើងកសិន្ធុផ្លូវឆ្ពោះទៅប្រាសាទភ្នំបាខែង។
ក្លិនប្រហើរចេញពីចានទឹកអំបិលប្រហុកក្នុងរោងលក់នំបញ្ចុកដ៏សាមញ្ញមួយរបស់អ្នកភូមិអង្គរ។ ខុសពីនំបញ្ចុកទឹកសម្លធម្មតា នំបញ្ចុកទឹកអំបិលប្រហុកនេះ មានបន្លែតែ៣មុខប៉ុណ្ណោះមានស្ពៃក្ដោប ត្រកួន និងសណ្ដែកកួរ ដែលត្រូវបានចម្អិនរួចជាស្រេច។
អ្នកស្រី សំណាង ដែលបើកលក់នំបញ្ចុកគោកទឹកអំបិលប្រហុក បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមលក់នំបញ្ចុកនេះជិតមួយឆ្នាំមកហើយ តាមរយៈការច្នៃប្រឌិត និងធ្លាប់ភ្លក្សរសជាតិពីអ្នកភូមិនៅស្រុកមួយក្នុងខេត្តសៀមរាប។ ដើមឡើយ សមាជិកគ្រួសារអ្នកស្រី សំណាង ហាក់មិនគាំទ្រទៅនឹងការលក់នំបញ្ចុកនេះទេ ដោយគិតថា គ្មានអ្នកហូប។ យ៉ាងណា ដោយសារសេចក្ដីជំនះ និងជឿជាក់ ធ្វើឱ្យអ្នកស្រី សំណាង ប្រឹងបង្កើតរបរនេះដោយភាពជោគជ័យ និងទទួលបានការគាំទ្រច្រើនដូចសព្វថ្ងៃ។
អ្នកស្រី សំណាង បច្ចុប្បន្នអាយុ៣៩ឆ្នាំ និងមានកូន២នាក់ បានចាប់ផ្តើមលក់នំបញ្ចុកនេះនាអំឡុងដើមឆ្នាំ២០១៩ ដែលសាកលក់ដំបូងត្រឹមអង្ករ៤ទៅ៥គីឡូក្រាមតែប៉ុណ្ណោះ តែការលក់នេះចេះតែកើនឡើងពី១០ទៅ៤០គីឡូក្រាម និងរហូតដល់៦០ទៅ៧០គីឡូក្រាមនាពេលបច្ចុប្បន្ន។ ដោយសារចង់បាននំបញ្ចុកថ្មីៗ និងទន់ ដាក់លក់ឱ្យអតិថិជនហូបភ្លាមៗ អ្នកស្រី សំណាង ធ្វើនំបញ្ចុកដោយខ្លួនឯង គឺស្ងោរនំនិងជាន់រោយនំបញ្ចុកនៅកន្លែងលក់តែម្ដង។ អ្នកស្រីប្រាប់ថា នំបញ្ចុកដែលត្រូវនឹងទឹកស្រូបទឹកអំបិលនេះ គឺនំដែលទន់ មិនរឹង ពិសេសត្រូវចម្អិនភ្លាមៗ ទើបចូលជាតិហូបជាមួយទឹកស្រូប។
ចំណែកការច្នៃធ្វើទឹកអំបិលប្រហុកវិញ អ្នកស្រី សំណាង បានបង្ហើបឱ្យដឹងថា អ្នកស្រីធ្លាប់ទិញនំគេហូប និងបានដឹងរសជាតិខ្លះ ក្រោយមកក៏សាកធ្វើខ្លួនឯង និងបានបន្ថែមគ្រឿងផ្សំ ពេលខ្លះបងប្អូនឬអ្នកទិញបានប្រាប់បន្ថែម។
ពុំធ្លាប់មានជំនាញផ្នែកចុងភៅ ឬលក់នំបញ្ចុកពីមុនទេ តែអ្នកស្រី សំណាង កំពុងជោគជ័យលើការលក់នំបញ្ចុកក្នុងមួយថ្ងៃអស់ប្រមាណ២០០គីឡូក្រាម ក្នុងអង្ករប្រមាណ៧០គីឡូក្រាមនេះ។ នំបញ្ចុកមួយគីឡូតម្លៃ៣ពាន់រៀល ចំណែកបន្លែក៏ចាប់លក់តាមតម្រូវការអ្នកទិញដែរ។ «យើងថ្លឹងដាក់កញ្ច្រែងមួយគីឡូតាមតម្រូវការភ្ញៀវ បន្លែ២ពាន់៣ពាន់ ថែមទឹកអំបិល...ខ្លះម្នាក់ឯងគាត់ថាហូបអត់អស់ទេ យើងក៏លក់ដាក់ចាន អាចមួយចាន៣ពាន់ដាក់បន្លែក្នុងនោះស្រាប់...»។ នេះជាការបញ្ជាក់របស់អ្នកស្រី សំណាង។
កញ្ញា សុខា កំពុងអង្គុយហូបនំបញ្ចុកជាមួយមិត្តភក្ដិ៣នាក់ទៀត បាននិយាយថា នំបញ្ចុកគោកស្រូបទឹកអំបិលប្រហុកនេះមានរសជាតិប្លែកម្យ៉ាងពីការស្រូបទឹកសម្ល។ នេះជាលើកទីមួយរបស់សុខា ដែលបានហូបនំបញ្ចុកនេះ និងលាន់មាត់ថាឆ្ងាញ់។ សុខា ប្រាប់ថា នំបញ្ចុកនេះឆ្ងាញ់ត្រង់ទឹកស្រូបដែលខាប់ ហិរ ស៊ីនឹងសរសៃនំបញ្ចុកដែលចម្អិនភ្លាមៗ។
នៅក្បែរនោះ គឺអ្នកស្រី ស្រីម៉ៅ។ អ្នកស្រី និងគ្រួសារជាអ្នកបន្ទាយមានជ័យនោះទេ និងបានចូលហូបនំបញ្ចុកដោយចៃដន្យ។ ឃើញគេអ៊ូអរ ជុំគ្នា ទើបគ្រួសារអ្នកស្រី ស្រីម៉ៅ ចូលមកមើល និងសាកហូបនំបញ្ចុកនេះនឹងគេតែម្ដង។ និយាយបណ្ដើរហូបបណ្ដើរអ្នកស្រី ស្រីម៉ៅ ប្រាប់ថា នំបញ្ចុកមានរសជាតិឆ្ងាញ់ត្រង់ទឹកប្រហុក និងបន្ថែមទឹកខ្ចាយ ដែលពីមុនអ្នកស្រីមិនធ្លាប់បានហូបនោះទេ។
នៅពេលមានការគាំទ្រកាន់តែច្រើន ធ្វើឱ្យរបរលក់នំបញ្ចុករបស់អ្នកស្រី សំណាង កាន់តែមានភាពល្បីល្បាញនិងជោគជ័យ។ ដ្បិតថា ជារបរហត់នឿយបន្ដិចក្ដី តែធ្វើឱ្យគ្រួសារអ្នកស្រី សំណាង មានចំណូលសមរម្យ ពិសេសរបរនៅផ្ទះស្រាប់។ អ្នកស្រី សំណាង ប្រាប់ថា នឹងបន្តឱ្យរសជាតិនំបញ្ចុកនេះនៅស្ថិតស្ថេរ និងរិះរកគំនិតធ្វើឱ្យនំបញ្ចុករសជាតិទឹកអំបិលប្រហុកនេះកាន់តែជោគជ័យបន្ថែមទៀត៕