ជាតិ
បុណ្យ​សមុទ្រ​៣​ថ្ងៃ មាន​ភ្ញៀវទេសចរ​៩០​ម៉ឺន​នាក់ ទៅ​កម្សាន្ត​
23, Dec 2019 , 3:10 pm        
រូបភាព
រង្វង់មូលធុរេន ខេត្តកំពត នាពិធីបុណ្យសមុទ្រ។ ថតដោយ​ប៉ាន់ បូនី
រង្វង់មូលធុរេន ខេត្តកំពត នាពិធីបុណ្យសមុទ្រ។ ថតដោយ​ប៉ាន់ បូនី
​ភ្នំពេញ​៖ បុណ្យ​សមុទ្រ​លើក​ទី​៨​ក្នុង​ជុំ​ទី​២ នៅ​ខេត្តកំពត ដែល​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០​ដល់​២២ ធ្នូ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ ៩០​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងទេសចរណ៍​។

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ថ្ងៃ​នីមួយៗ​នៃ​បុណ្យ​សមុទ្រ​នេះ ពោល នៅ​ថ្ងៃ​ទីមួយ មាន​អ្នកចូលរួម​២០​ម៉ឺន​នាក់​, ថ្ងៃទី​ពីរ មាន​អ្នកចូលរួម ៤០​ម៉ឺន​នាក់ និង​ថ្ងៃទី​បី មាន​អ្នកចូលរួម ប្រមាណ ៣០​ម៉ឺន​នាក់​។ បើតាម​លោក ថោង ខុន ក្នុងនោះ​ភ្ញៀវ​ទាំង​៩០​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦,០០០​នាក់​។​
 
«​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នេះ យើង​បានឃើញ​ប្រត្យក្ស​អំពី​ស្មារតី​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​របស់​គ្រប់ផ្នែក​គ្រប់​ថ្នាក់ ទាំង​ប្រជាពលរដ្ឋ ទាំង​សាធារណៈ និង​ឯកជន​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ថោង ខុន ដែល​បាន​បន្ថែមថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​នានា​នោះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​រលូន​។​
 
​សូមជម្រាបថា កាលពី​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ជុំ​ទី​១ មាន​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ត្រឹមតែ​៣៥​ម៉ឺន​ប៉ុណ្ណោះ​៕

Tag:
 ថោង ខុន​
  បុណ្យ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com