កំណាព្យ
ជាតិ
ឈប់បង្អាប់ជាតិសាសន៍ឯង!
×
បទ គោព័ទ្ធស្នឹង ប៉ាកកាខ្មៅ
បង្អើលបង្អាប់សម្លាប់ជាតិ ជាតិក្រៅឆ្លៅឆ្លៀតឈ្លេចឈ្លីជាន់
ជាន់ឃើញយើងខ្សោយគួរឲ្យទ្រាន់ ទ្រាន់ទ្រើសភាំងភាន់ជាន់ឲ្យដាប។
ដាបដួលងាយស្រួលគេព័ទ្ធពាំង ពាំងព័ទ្ធឃាត់ឃាំងរាំងដល់ក្រាប
ក្រាបក្រោមបាតជើងយើងចាញ់ច្រាប ច្រាបជាន់អន់ដាបធ្លាប់ជួបហើយ។
ហើយតើរឿងនោះព្រោះនរណា ណាអស់មិត្តណាគួររួមឆ្លើយ
ឆ្លើយដោយឈ្លាសឆ្លាតឈប់តោះតើយ តើយតោះគ្រោះហើយមិត្តអើយចាំ។
ចាំទេជាតិយើងធ្លាប់បែកបាក់ បាក់បែកដល់ថ្នាក់រស់ត្រែងត្រាំ
ត្រាំក្នុងសង្គ្រាមរាប់សិបឆ្នាំ ឆ្នាំច្រើនក្តីក្តាំក្តុកក្តួលក្តៅ។
ក្តៅនឹងគ្នាឯងក្រែងគ្រោះជាតិ ជាតិបែកបាក់ទៀតខ្មាសអ្នកក្រៅ
ក្រៅក្នុងរួមគ្នាដើរសំដៅ ដៅដើរលឿនស្លៅទៅមុខថ្កើង៕
© រក្សាសិទ្ធិដោយ thmeythmey.com