ឆ្នាំ ២០២០ គង់ សំបូរ ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ពីស​ង្វៀន ONE
ONE Championship
កីឡាជាតិ
ជាតិ
ឆ្នាំ ២០២០ គង់ សំបូរ ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ពីស​ង្វៀន ONE
23, Dec 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​គង់ សំបូរ ជា​កីឡាករ​ប្រដាល់​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្នាក់ តាមរយៈ​ការបង្ហាញ​ខ្លួន​លើស​ង្វៀន​លំដាប់​អន្តជាតិ​នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​រូបគេ​ផ្អាក​ការប្រកួត​ជិត​២​ឆ្នាំ មុន​ផ្លាស់​ទៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ ក្នុង​ខេត្តសៀមរាប​។ ក្រោយ​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុងស្រុក នៅ​ថៃ និង ONE Championship សំបូរ បានដាក់​ចិត្ត​បន្ត​ពង្រឹងស្មារតី ដើម្បី​ដណ្តើម​ខ្សែក្រវាត់ នៅ​ឆ្នាំ ២០២០​។


 
​ការតាំង​ចិត្ត​របស់ គង់ សំបូរ នៅ​ឆ្នាំ ២០២០៖ 
 
​កីឡាករ​ដែល​ជំនាញ​ទាត់​ជើងឆ្វេង គង់ សំបូរ បាន​បង្ហើប​បែបនេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ព្រោះ​ខ្ញុំ​ដឹងថា​មានកម្ម​វិធី​ប្រកួត​ដ៏​ធំ​។ ខ្ញុំ​នឹង​សុំ​គ្រូ​ចាប់​ឲ្យ​គូប្រកួត​ឲ្យ​បាន​ច្រើន ព្រោះ​ការប្រកួត​ច្រើន​ធ្វើ​ឲ្យ​រហ័សរហួន ហើយ​មួយវិញទៀត ខ្ញុំ​ក៏បាន​ឮដំណឹង​ទៀតថា ខ្ញុំ​នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ដើមឆ្នាំ ២០២០ ។ ខ្ញុំ​ដាក់​គោលដៅ​យក​ខ្សែក្រវាត់ និង ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ហើយក៏​ចង់​ឲ្យ​សង្វៀន ONE Championship មើលឃើញ​ខ្ញុំ​ម្ដងទៀត​ដែរ​»​។ 


 
​កីឡាករ​វ័យ ២៣ ឆ្នាំ​ដែល​ប្រកួត​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន Zhang Chenlong នៅ​សង្វៀន ONE កាល​ខែ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី បាន​រៀបរាប់​ទៀតថា ឆ្នាំ ២០១៩ ជិត​ផុត​ទៅហើយ ហើយក៏​បន្សល់ទុក​ការឈឺចាប់ និង រឿង​ល្អៗ​ជាច្រើន​ដែរ​។ ដូច្នេះ​ឆ្នាំ ២០២០ ដែល​ខិតជិត​ចូលមក​ដល់​ជា​ឆ្នាំ​ថ្មី​មួយ​សម្រាប់ សំបូរ រួមទាំង​ការតាំង​ចិត្ត​ថ្មី ជាពិសេស​រូបគេ​ប៉ង​ដណ្ដើមយក​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ ឲ្យ​ខាងតែបាន​។ កូនសិស្ស​របស់លោក ជា រិ​ទ្ធ សង្កត់ធ្ងន់ថា​៖«​ឆ្នាំ​២០២០ ខ្ញុំ​ចង់បាន​ខ្សែក្រវាត់​តាមតែ​អាចធ្វើ​ទៅបាន ហើយ​បើ​មិនបាន​ច្រើន​ក៏​ដាច់ខាត​ត្រូវតែ​បាន​ខ្សែក្រវាត់​មួយ​យ៉ាងតិច​»​។ 

 
 
​សម្រង់​សម្ដី​គ្រូបង្វឹក​៖
 
​លោក ជា រិ​ទ្ធ គ្រូបង្វឹក​របស់ គង់ សំបូរ បាន​ថ្លែង​អំពី​ការរួមចំណែក​ដាក់​គោលដៅ​ឲ្យ​កូនសិស្ស​ថា ៖«​បាទ​ហ្នឹងហើយ​បង​! ឆ្នាំ​ថ្មី​ខាងមុខ​ខ្ញុំ​បានដាក់ សំបូរ​ទៅ​ប្រកួត​យកពាន​នៅ​ប៉ុស្តិ៍​លេខ​៥​។ ក្នុងនោះ​ក៏មាន​ការប្រកួត​ខ្សែក្រវាត់​ផ្សេងទៀត​ដែរ ហើយ​ជាពិសេស​ខ្ញុំ​ចង់​ឲ្យ សំបូរ ប្រកួត Kickboxing បើសិនជា​អាច​កើតឡើង​»​។​
 
​លោក ជា រិ​ទ្ធ គូសបញ្ជាក់ថា​៖«​បើ​ប្រកួត​នៅ​ថៃ ខ្ញុំ​ចង់​ឲ្យ សំបូរ ប្រកួត​តែ ៥ ដង​អី​ទេ​នៅ​ឆ្នាំ​ខាងមុខ ព្រោះ​យើង​ត្រូវ​សម្រិតសម្រាំង​បន្តិច មិនមែន​ចេះតែ​ទៅ​ប្រកួត​ប៉ាតណាប៉ាតណី​ទេ ព្រោះ​សង្វៀន​ខ្លះ​ក៏​អត់​មាន​គុណភាព​ដែរ​»​។ 
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ​បាន​រៀបរាប់​ទៀតថា បើសិនជា​សង្វៀន​មើលទៅ​រាង​យ៉ាប់ គឺ លោក​មិន​ឲ្យ​កូនសិស្ស​ទៅ​ប្រកួត​នោះឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​មើលឃើញថា ទីផ្សារ​ប្រកួត​នៅ​ម៉ាឡេស៊ី ក៏​ខ្លាំង​ដែរ​សម្រាប់​កីឡាករ​ខ្មែរ ដូច្នេះ​លោក​ទំនង​ចង់​ឲ្យ​កូនសិស្ស ឬ កីឡាករ​ខ្មែរ​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​ច្រើនជាង​។ លោក ជា រិ​ទ្ធ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ផ្នែក​ក្បាច់គុន​នោះទេ ប៉ុន្តែ ថែមទាំង​បណ្ដុះបណ្ដាល​ផ្នែក​ស្មារតី​រឹងមាំ​ដល់​កូនសិស្ស​ទៀតផង ពោល​ឡើង​ប្រកួត បើ​ចាញ់ គឺ ចាញ់​ឲ្យ​ល្អមើល​។ ពាក្យ​មួយទៀត​ដែល​លោក​បាន​ប្រាប់​ដល់​សិស្ស ជារឿយៗ​គឺ «​ទឹកចិត្ត​កីឡាករ​ដាច់ខាត​ត្រូវ​ហ៊ាន​ប្ដូរ មិនមែន​វ៉ៃ​លំៗ​នោះឡើយ​»​។ 
 
​គួរ​រំលឹក​ផងដែរ​ថា​មួយរយៈ​ចុងក្រោយ​នេះ គង់ សំបូរ បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាច្រើន​ដូចជា​សង្វៀន Super Champ ប្រទេស​ថៃ​,  សង្វៀន Thai Fight និង ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ជាដើម​។ បន្ទាប់ពី​ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenlong កាល​ខែ កុម្ភៈ នៅ​សង្វៀន ONE Championship  សំបូរ បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ល្អប្រសើរ និង បំពេញ​ចន្លោះ​ខ្វះខាត​បាន​មួយផ្នែកធំ ហើយក៏​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត​ដើម្បី​ឈានទៅរក​ជោគជ័យ​ឆ្នាំ ២០២០​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕



© រក្សាសិទ្ធិដោយ thmeythmey.com