លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ វាមិនត្រឹមតែគ្រប់គ្រងនិងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។
លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករនិងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើឲ្យអ្នកចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទើបរក្សាបាននូវសុខភាពលំពែងល្អប្រសើរ?
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន រួមជាមួយគន្លឹះងាយៗជួយរក្សាសុខភាពលំពែង ៖
១. ទំពាំងបាយជូរក្រហម
នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយទប់ស្កាត់ជំងឺមហារីកលំពែង។ សារធាតុ resveratrol ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាត់ការបំផ្លាញសរសៃឈាមទៅលំពែងដែលផ្គត់ផ្គង់សារធាតុចិញ្ចឹម រួមទាំងអុកស៊ីសែន។
២. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ glucosinolates ដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកក្នុងលំពែងនិងទប់ស្កាត់បញ្ហាផ្សេងៗ។
៣. ខ្ទឹមស
ខ្ទឹមសជាអង់ទីប៊ីយូទិកធម្មជាតិនិងសារធាតុ allicin ហើយការរួមផ្សំវាក្នុងអាហារផ្សេងៗជួយបង្កើនប្រសិទ្ធភាពបានកាន់តែច្រើន។ ក្រៅពីបន្ថែមក្នុងអាហារផ្សេងៗ ខ្ទឹមសក៏លាយជាមួយទឹកឃ្មុំដើម្បីទទួលទានផងដែរ ហើយការរួមផ្សំគ្នានេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយដោយជួសជុលជាលិកានៃសរីរាង្គខាងក្នុងសឹងគ្រប់ផ្នែក រួមទាំងលំពែង។
៤. ដំឡូងជ្វា
ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ដែលមានឥទ្ធិពលជួយរក្សាសុខភាពលំពែងល្អប្រសើរ។
៥. សាច់គ្មានខ្លាញ់
អាហារនេះជួយអ្នកដែលមានបញ្ហាលំពែងនូវជាតិប្រូតេអ៊ីនចាំបាច់។
៦. ផ្លែបឺរ
មានផ្ទុកជាតិខ្លាញ់សុខភាពល្អដែលប្រសើរសម្រាប់សុខភាពលំពែង។ ទោះជាយ៉ាងណាកុំទទួលទានច្រើនលើសពេក៕
ត្រួតពិនិត្យដោយ www.health.com.kh