សម្ដេច ហ៊ុន សែន ៖​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​អស់តំណែង បើសិន​គ្រប់គ្រង​«​ផ្សារ​គំរូព្រំដែន​»​បរាជ័យ​
ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ៖​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​អស់តំណែង បើសិន​គ្រប់គ្រង​«​ផ្សារ​គំរូព្រំដែន​»​បរាជ័យ​
24, Dec 2019 , 10:10 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ព្រមាន​ដកតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ បើសិនជា​គ្រប់គ្រង​«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» បរាជ័យ​។ លោកនាយក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​(​ផ្សារ​គំរូ​ព្រំដែន កម្ពុជា​) នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ​។​


 
«​ប្រតិភូកម្ម​អំណាច​មកច្រើន​ហើយ ដូច្នេះបើមើលប​ណ្ណឹ​ង​មិនបាន  គឺចប់ហើយ មិនចាំបាច់​ត្រួតត្រាខេត្តមួយ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​សម្ដេច ហ៊ុន សែន ដែល​ប្រាប់​ឱ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោ​ភ័ណ្ឌ ប្រឹង​យកចិត្តទុកដាក់​គ្រប់គ្រង​លើ​ផ្សារ​គំរូ​ព្រំដែន ដំបូង​នៅ​កម្ពុ​ជាមួយនេះ​។​
 
​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនចង់ឃើញផ្សារគំរូព្រំដែនដំបូងគេនេះ ដួលរលំនោះទេ។ ថ្លែង​ចំពោះមុខ​មន្ត្រី និង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់ ប្រមុខ​រដ្ឋាភិបាល អះអាងថា ផ្សារ​គំរូ​មួយ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ ដែល​សម្រេចបាន​តាម​ទិសដៅ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​តំបន់​ព្រំដែន​ឱ្យមាន​សន្តិភាព និង​ស្ថិរភាព សម្រាប់​ពលរដ្ឋ​។ 
 
«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដារ​» ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២​ហិកតា ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផ្សារ​នេះ​សាងសង់ឡើង ដោយ​ចំណាយ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​
 
​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំពឹងថា សក្ដានុពល​នៃ​ផ្សារ​គំរូ​ព្រំដែន​នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ​ឱ្យដល់​៥​ពាន់​ដុល្លារ​អាមេរិក តាម​ការគ្រោងទុក​៕​

Tag:
 ហ៊ុន សែន​
  ផ្សារ​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com