អន្តរជាតិ
តុលាការ​ថៃ នឹង​សម្រេច​កាត់ក្តី​បក្ស​លោក Thanathorn រឿង​ចង់​ផ្តួល​រាជានិយម
24, Dec 2019 , 2:00 pm        
រូបភាព
ប្រធានបក្សប្រឆាំងដ៏ធំមួយរបស់ថៃ គឺលោក Thanathorn
ប្រធានបក្សប្រឆាំងដ៏ធំមួយរបស់ថៃ គឺលោក Thanathorn
ដោយ:
​តុលាការ​ធម្មនុញ្ញ​រប​ស់​ថៃ ប្រកាស​នឹង​សម្រេច​កាត់ក្តី​ថា​ត្រូវ​រំលាយ​បក្ស​អនាគត​ឆ្ពោះទៅមុខ (FFP) របស់​សេដ្ឋី​ថៃ​វ័យក្មេង លោក Thanathron ឬ​យ៉ាងណា ជុំវិញ​ការចោទប្រកាន់ថា បក្ស​នេះ​ប៉ុនប៉ង​ផ្តួលរំលំ​របប រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ដោយ​អះអាងថា មាន​ភស្តុតាង​គ្រប់គ្រាន់ តុលាការ រំពឹងថា​នឹង​បើកសវនាការ​កាត់ក្តី នា​ខែក្រោយ ។​

 
​ក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃអាទិត្យ ២២ ខែធ្នូ តុលាការ​ថៃ គូសបញ្ជាក់ថា គ្មាន​ការ​ជំ​នុ​ជម្រះក្តី​ណាមួយ នឹងត្រូវ​ធ្វើឡើង​ក្នុង​សំណុំរឿង​នេះឡើយ ព្រោះថា តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​រួចរាល់​ហើយ​។ យ៉ាងណាមិញ ក្រៅពី​រំពឹង​នឹង​រៀបចំឡើង​នា​ខែមករា ឆ្នាំ​២០២០ តុលាការ ពុំបាន​កំណត់​យក​កាលបរិច្ឆេទ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ ។ 
 
​ពាក្យបណ្ដឹង​ដែល​បានដាក់​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មេធាវី​ថៃ​ម្នាក់​ឈ្មោះថា Natthaporn Toprayoon ចោទប្រកាន់ថា បក្ស​អនាគត​ឆ្ពោះទៅមុខ (FFP) ចង់​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​រប​ស់​ថៃ ។ បក្ស​ថ្មីថ្មោង​របស់លោក Thanathron ដែល​ទទួលបាន​កៅអី​ច្រើន​លំដាប់​ទី​៣ ក្នុងការ​បោះឆ្នោត​ទូទៅ​ក្នុង​ខែមីនា​កន្លងទៅ បាន​បដិសេធ​ការចោទប្រកាន់​នេះ​។ ប្រសិនបើ​បាន​កាត់ទោស​មែន​នោះ បក្ស​នេះ​អាច​ត្រូវ​រំលាយចោល​។​
 
​អ្នកនាំពាក្យ​របស់​បក្ស FFP អ្នកស្រី Pannika Wanich បាន​និយាយថា ខ្លួន​ធ្លាប់​បានស្នើ​ឲ្យ​មានការ​ជំនំជម្រះ​ពេញលេញ​មួយ​សម្រាប់​រឿងក្តី​នេះ ក៏ប៉ុន្តែ​ត្រូវបាន​តុលាការ​បដិសេធ ។ តុលាការ​អះអាងថា ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន​សម្រាប់​កាត់ក្តី​សំណុំ​រឿងនេះ ដោយ​ពុំ​ចាំបាច់​មានការ​ស៊ើបសួរ​ណាមួយ​ឡើយ ដោយ​ផ្អែកលើ​វាក្យខណ្ឌ ៥៨(១) នៃ​ច្បាប់នីតិវិធី​របស់​តុលាការ​ធម្មនុញ្ញ​។ 
 
​តាម​បាងកក​ប៉ុស្តិ៍ អ្នកស្រី Pannika នៅ​ថ្ងៃ​ចន្ទ ២៣ ធ្នូ បានលើកឡើង​បែបនេះ​៖«​ប្រសិនបើ តុលាការ​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបសួរ យើង​នឹង​ត្រៀមលក្ខណៈ ព្រោះថា សាក្សី និង​ភស្តុតាង នឹងត្រូវ​បាន​ហៅ​។ ក៏ប៉ុន្តែ​ដោយ​គ្មាន​ការ​ស៊ើបសួរ​ទេនោះ យើង​គ្រាន់តែ​ត្រូវ​រៀបចំ​សម្រាប់​ការកាត់ក្តី​ដែល​យើង​ពុំ​អាច​ស្មាន​ទុក​មុន​»​។ 
 
​ម្យ៉ាងវិញទៀត បក្ស​អនាគត​ឆ្ពោះទៅមុខ កំពុង​ប្រឈម​ហានិភ័យ​នៃ​ការរំលាយចោល​រួចហើយ  ដ្បិត​រឿងក្តី​ដាច់ដោយឡែក​មួយទៀត​ថា បាន​បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ថៃ ពី​សំណាក់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ថៃ​។ នា​ដើមខែ​ធ្នូ​នេះ គជប​ថៃ បានសម្រេច​ថា បក្ស​នេះ បាន​បំពាន​ច្បាប់បោះឆ្នោត​ដោយ​ព្រម​ទទួល​លុយ​កម្ចី​ពី​ប្រធាន​បក្ស​ខ្លួន គឺ​លោក Thanathorn Juangroongruangkit ។​
 
​នៅ​ថ្ងៃទី​២៣ ខែធ្នូ ប៉ូលិស​ក្រុង​បាងកក ក៏បាន​កោះហៅ​លោក Thanathorn និង​ថា្នក់​ដឹកនាំ​បក្ស​ផ្សេងទៀត​ឲ្យ​បង្ហាញខ្លួន នៅ​ថ្ងៃ​សុក្រ ២៧ ខែធ្នូ ខាងមុខ ដើម្បី​មក​ទទួល​បទចោទប្រកាន់​ប្រឆាំង​ពួកគេ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ក្នុង​កណ្ដាល​រាជធានី​បាងកក ។ អាជ្ញាធរ​ថៃ បាន​ចោទ​ប្រកាន់ពួក​បក្សប្រឆាំង​នេះ​ថា ធ្វើ​សកម្មភាព​តវ៉ា​ដោយ​ពុំ​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​ជាមុន​, រាំងស្ទះ​ចរាចរណ៍​, បរាជ័យ​ក្នុងការ​គ្រប់គ្រង​ពួក​បាតុករ និង​ប្រើប្រាស់​ប្រដាប់​បំពង​សំឡេង​ដោយ​គ្មាន​ការអនុញ្ញាត​ជាដើម​។ 
 
​គួរ​រម្លឹក​ដែរ​ថា បាតុករ​ប្រមាណ ២ ទៅ ៣​ពាន់​នាក់ បាន​មាន​វត្ត​មាននៅ​ថ្ងៃទី ១៤ ធ្នូ ដើម្បី​បង្ហាញ​ពី​កំហឹង​ពួកគេ​ប្រឆាំង​រដ្ឋាភិបាល និង​គាំទ្រ​លោក Thanathorn ក្រោយ​ការសម្រេច​កាត់ក្តី​ពី​សំណាក់​តុលាការ​ធម្មនុញ្ញ​ថៃ​ក្នុងការ​ដកហូត​តំណែង​សមាជិកសភា​របស់លោក​។ សម្រាប់​ការដកហូត​នេះដែរ តុលាការ​ថៃ អះអាងថា លោក​បាន​បំពាន​ច្បាប់​ការបោះឆ្នោត​ថៃ​មួយ ដោយ​ហាមឃាត់​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ការ​ចូលធ្វើ​តំណាងរាស្ត្រ​។ តុលាការ​បាន​បដិសេធ​ការអះអាង​របស់លោក Thanathorn ថា លោក​បាន​លក់​ភាគហ៊ុន​របស់លោក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន​ផលិតកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ មុនពេល​លោក​ឈរឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​៕

Tag:
 ​ថៃ​
  Thanathorn
  បក្ស​អនាគត​ឆ្ពោះទៅមុខ​
  រាជានិយម
© រក្សាសិទ្ធិដោយ thmeythmey.com