ជាតិ
ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ដើម្បី​បន្ត​ជួយ​ដល់​ស៊ីម៉ាក់​
24, Dec 2019 , 4:35 pm        
រូបភាព
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​លោក Yuichi Sugano ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA ) បាន​ចុះហត្ថលេខា​រួមគ្នា​ស្តីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​នៃ​គម្រោង​ពង្រឹង​តួនាទី​អង្គភាព​ស៊ីម៉ាក់​រយៈពេល​៤​ឆ្នាំ និង​ការទទួល​ថវិកា​ជា​ជំនួយឥតសំណង​១,៧៨​លាន​ដុល្លារ​អាមេរិក​។ ពិធី​ត្រូវបាន​រៀបចំឡើង​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ ក្រោម​វត្តមាន​ផងដែរ​ពី​សំណាក់​លោក មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​កងវិស្វកម្ម​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ខឹម សោ​ភ័​ណ្ឌ ប្រធាន​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់ និង​លោក Masahiro Mikami ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 
​ក្រោម​គម្រោង​រយៈពេល​៤​ឆ្នាំ ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដល់​ខែកុម្ភៈ ឆ្នាំ​២០២៤  ភាគី​ជប៉ុន​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស  កសាង​សមត្ថភាព​បច្ចេកទេស​របស់​អង្គភាព​ស៊ីម៉ាក់​ឲ្យ កាន់តែ​ល្អប្រសើរ​ថែមទៀត​។  
 
​ទាក់ទង​នឹង​ជំនួយឥតសំណង​ចំនួន​ជាង​១​លាន​៧៩​ម៉ឺន​ដុល្លារ​អាមេរិក  ជប៉ុន​បន្ត​គាំទ្រ​អង្គភាព​ស៊ីម៉ាក់​លើ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​ការសង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ ជំនួយ​នេះ​ផ្តល់ជូន​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​គម្រោង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​-​ជប៉ុន​។​
 
​លោក ហេង រតនា អគ្គនាយក CMAC បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​ថា គម្រោង​នេះ នឹង​ជួយ​ដល់​ការបណ្ដុះបណ្ដាល ក៏ដូចជា​ការជ្រើសរើស​អ្នកជំនាញ​បន្ថែម​លើ​កម្លាំង​ដែលមាន​ស្រាប់​ប្រមាណ​៤៥០​នាក់ ហើយនឹង​បន្ត​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​៥​ក្នុង​ខេត្តបាត់ដំបង​។​
 
«​កម្ពុ​ជាមាន​តម្រូវការ​ជាង​៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ សម្រាប់​អនុវត្ត​គម្រោង​បោះ​សម្អាត​មីន​នៅ​ទូទាំងប្រទេស​ដើម្បី​ឲ្យ​សម្រេច​តាម​គោល​ការលុបបំបាត់​គ្រប់​មីន​ប្រឆាំង​មនុស្ស​នៅ​ឆ្នាំ​២០២៥»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង រតនា​។ 
 
​លោក ហេង រតនា បាន​បន្ថែមថា បញ្ហា​នៅ​កម្ពុ​ជាមាន​៤ គឺ​បញ្ហា​គ្រប់​មីន​ប្រឆាំង​មនុស្ស គ្រប់​បែក​ចង្កោម គ្រប់​មិនទាន់​ផ្ទុះ និង​គ្រប់​បែក​គីមី​។ CMAC បាន​បោះ​សម្អាត​មីន​ជាង​៤​លាន​គ្រប់ ដែល​ក្នុងនោះ​មាន គ្រប់​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ប្រមាណ​៣​លាន​គ្រប់​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​១៩៩៨​ដល់​ឆ្នាំ​២០១៩​នេះ ជប៉ុន​បានផ្ដល់​ជំនួយ​ប្រមាណ​៥០​លាន​ដុល្លារ ដែល​ក្នុង​ប្រមាណ​៧០​លាន​ជា​ថវិកា ប្រមាណ​៥០​លាន​លើ​ឧបករណ៍ និង​ផ្សេងៗ​ទៀត​ជា​ជំ​នួន​របស់​អង្គការ​ដៃគូ​អភិវឌ្ឍន៍​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com