ONE Championship
កីឡាជាតិ
ជាតិ
ប្រធាន ONE Championship ជួប​អតីត​ប្រធានាធិបតី​អាមេរិក Obama
24, Dec 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បាន​ជួប​ជាមួយ​លោក Barack Obama អតីត​ប្រធានាធិបតី​អាមេរិក​។ លោក Sityodtong អះអាងថា លោក Obama បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​សំខាន់​របស់​ស្ថាប័ន ONE Championship ដែល​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ និង សង្គម ដើម្បី​អ្នកជំនាន់ក្រោយ​ជុំវិញ​ពិភពលោក​។​


 
​លោក Obama បានធ្វើ​ដំណើរ​ទស្សនកិច្ច​ជុំវិញ​ទ្វីបអាស៊ី​ជាមួយ​ក្រុមការងារ​អង្គការ Obama Foundation របស់លោក​។  Obama Foundation  គឺជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​ដែលមាន​បេសកកម្ម «​លើកទឹកចិត្ត​មនុស្សជាតិ​ក្នុង​ការធ្វើ​កិច្ចការ​នានា​, ផ្ដល់​អំណាច​ឲ្យ​ពួកគេ​ផ្លាស់ប្ដូរ​ពិភពលោក​កាន់តែ​ល្អប្រសើរ និង ត​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​ឲ្យ​ពួកគេ​មាន​សមិទ្ធផល​រួមគ្នា​»​។ 
 
​លោក Obama បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធី 2019 Obama Foundation Leaders: Asia-Pacific Convening នា​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​កាលពី​សប្ដាហ៍​មុន​។  ទោះជា​បែបណា​ក្ដី លោក Obama បាន​ជួប​ថៅកែ​ក្រុមហ៊ុន និង ថ្នាក់ដឹកនាំ​សហគ្រាស​ជាច្រើន​នៅ​តំបន់​អាស៊ាន​ក្នុងនោះ​រួមបញ្ចូល​ទាំង​លោក​ប្រធាន និង ជា​នាយក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong ផងដែរ​អមដោយ​កិច្ចពិភាក្សា​ដ៏​ស្និទ្ធស្នាល​មួយ​។ 


 
«​ខ្ញុំ​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​អង្គុយ​ទល់មុខ​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ក្នុង​កិច្ចប្រជុំ​ឯកជន​មួយ​នៅ​បន្ទប់​សណ្ឋាគារ ជាមួយ​នាយក​ប្រតិបត្តិ​មកពី​ក្រុមហ៊ុន​ផ្សេងទៀត​ពីរ​បីនាក់​ទៀត​។  យើង​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​ដើម្បី​ជជែក​គ្នា​អំពី​មុខ​ជំនួញ​នៅ​តំបន់​អាស៊ី​»​។ លោក Sityodtong បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​។ 
 
​តាមរយៈ​កិច្ចប្រជុំ​រយៈពេល​ប្រហែល​៦០​នាទី លោក Obama បានទទួល​ភ្ញៀវ​ប្រកប​ដោយ​ភាព​ក្លៀវក្លា​។ អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ​មិន​ត្រឹមតែ​បានផ្ដល់​មេរៀន​ជាច្រើន​តាមរយៈ​ផ្នត់គំនិត និង កាយវិការ​របស់លោក ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​លោក​ក៏បាន​យល់ដឹង​ច្រើន​អំពី​មុខ​ជំនួញ​នៅក្នុង​តំបន់​ផងដែរ​។ 
 
​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ ONE Championship បាន​គូស​បញ្ជាក់ទៀតថា​៖«​ក្នុងនាម​ជា​អ្នកគាំទ្រ​កីឡា​ដ៏​ងប់ងុល និង ជា​កីឡាករ​បាល់បោះ​ផង​នោះ លោក Obama បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​សំខាន់​របស់​ស្ថាប័ន ONE Championship ដែល​ផ្សារភ្ជាប់​ទៅនឹង​វប្បធម៌ , តម្លៃ និង សង្គម ដើម្បី​អ្នកជំនាន់ក្រោយ​ជុំវិញ​ពិភពលោក​»​។ 
 
​នៅក្នុង​កិច្ចប្រជុំ​នេះ លោក Obama បានទទួល​ស្គាល់​ច្បាស់​អំពី​បេសកកម្ម​របស់ Sityodtong ដែល​បង្ហាញ​ឲ្យ​ឃើញថា សារ​ដ៏​សំខាន់​របស់ The Home Of Martial Arts កំពុង​នាំទៅ​កាន់​ទស្សនិកជន​ទូទាំង​ពិភពលោក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ 
 
Facebook របស់លោក Sityodtong
 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com