ពីនេះ ពីនោះ
សំណាង និង​សុធី ខឹង​នឹង​ស្រីៗ​លក់​តាម​អន​ឡាញ​បង្ហាញ​កេរ្តិ៍ខ្មាស និង​ប្រើ​សម្តី​អាសអាភាស​
26, Dec 2019 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សំណាង និង សុធី មកដល់​ហាង​កាហ្វេ​នៅ​ម៉ោង​៧​ព្រឹក​។ នៅថ្ងៃនេះ សុធី និង​សំណាង មិន​ទាស់សម្តី​គ្នា​ដូច​រាល់ដង​ឡើយ​។ តែ​សំឡាញ់​ទាំងពីរ​នាក់​ខឹង​រឿង​នារីៗ​មួយចំនួន​លក់​តាម​អន​ឡាញ​បង្ហាញ​កេរ្តិ៍ខ្មាស និង​ប្រើពាក្យ​អាសអាភាស​ជ្រុល​ពេក​។

 
​សំណាង​៖ អា សុធី អ្ហែង​មើល​អ្ហា ស្រីៗ​លក់​តាម​អន​ឡាញ​ឥឡូវ​និយាយ​ចំអេសចំអាស​ម្ល៉េះ​? និយាយ​ចំៗ​រឿង​ផ្លូវភេទ​។ ពិបាក​ទាំង​មើល ពិបាក​ទាំង​ស្តាប់​។ 
 
​សុធី​៖ និយាយ​ដល់​រឿងនេះ អញ​ឈឺក្បាល​យូរហើយ អា សំណាង​។ មិន​ត្រឹមតែ​ចំអេសចំអាស​ពាក្យសម្តី​ទេ តែ​ថែមទាំង​បង្ហាញ​កេរ្តិ៍ខ្មាស​ទៀតផង​។ បង្ហាញ​ខាងលើ ខាងក្រោម គ្មាន​សល់​អី​បន្តិច​ទេ​។ អញ​ខឹង​ខ្លាំងណាស់​តែ​មិនដឹង​ធ្វើ​ម៉េច​ទេ​? ចុះ​អ្ហែង​គិតថា ធ្វើ​ម៉េច​វិញ អា សំណាង​? 
 
​សំណាង​៖ អញ​គិតថា ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួងពាណិជ្ជកម្ម ត្រូវតែ​គិតគូ​រឿងនេះ​ឲ្យ​ទាន់ពេលវេលា​។ បើ​មិន​ដូច្នេះ​ទេ ក្មេងៗ​វ៉​ល់​អស់ហើយ​។ ព្រោះ​មើលទៅ ដូចជា​មិនមែន​លក់​ផលិតផល​ទេ ហាក់បីដូចជា​លក់​…​។ 
 
 
​សុធី​៖ អ្ហែង​ចង់​និយាយថា​ម៉េច អ្ហា​? 
 
 
​សំណាង​៖ អញ ពិបាក​ហាមាត់​និយាយ​ណាស់ ព្រោះ​របៀប​លក់​ហ្នឹង​វា​ជ្រុល​ពេក​។ សឹងតែ​ដាក់លក់ […] ទៅហើយ​។ 
 
​សុធី​៖ រឿងនេះ​មិន​ពិបាក​ទេ អា សំណាង​។ បើ​ការលក់ដូរ​តាម​អន​ឡាញ​អត់​ច្បាប់ ហើយ​ដើរ​ហួស​ពី​គន្លង​ប្រពៃណី ក្រសួង​ពាក់ព័ន្ធ​អាច​ចាត់ការ​តាមផ្លូវ​ច្បាប់​បាន​។ 
 
​សំណាង​៖ តើ​មានច្បាប់​គ្រប់គ្រង​ជំនួញ​អន​ឡាញ​ដែរ​ទេ អា សុធី​?​។ 
 
​សុធី​៖ អញ​មិន​ច្បាស់​ទេ តែ​អញ​ដូចជា​ធ្លាប់​លឺថា​មានច្បាប់ E-Commerce (​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​)​។ 
 
​សំណាង​៖ អើ បើ​មានច្បាប់​នេះហើយ អ្នកលក់​ឡេ ឬ​អ្នកលក់​ទាំងឡាយណា​ដែល​ល្មើ​សនឹង​ប្រពៃណី ត្រូវតែ​ទទួលទោស​។ 
 
 
​នៅ​ព្រឹក​នេះ សំឡាញ់​ទាំងពីរ​នាក់​បែក​គ្នា​នៅ​ម៉ោង​៩​ព្រឹក ហើយ​អ្នក​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​ថ្ងៃស្អែក​បន្តទៀត​៕  

© រក្សាសិទ្ធិដោយ thmeythmey.com