អន្តរជាតិ
លោក ពូ​ទីន​៖ បើ​ចង់​ឈ្នះ​សង្គ្រាម រុស្ស៊ី​ត្រូវមាន​អាវុធ​ខ្លាំង​ជាង​គូប្រជែង​
25, Dec 2019 , 3:48 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ថ្លែងក្នុងកិច្ចប្រជុំនៅក្រសួងការពារជាតិ។ រូបភាព Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ថ្លែងក្នុងកិច្ចប្រជុំនៅក្រសួងការពារជាតិ។ រូបភាព Xinhua
​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២៤ ខែធ្នូ បានប្រកាស​ពី​អានុភាព​កងទ័ព​រុស្ស៊ី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញបេសកកម្ម​ការពា​រ​ទឹកដី​។ នា​កិច្ចប្រជុំ​មួយ​នៅ​ក្រសួងការពារជាតិ លោក ពូ​ទីន ទម្លាយ​ពី​ការកើនឡើង​អានុភាព​សព្វាវុធ​ទំនើប​ដែល​រុស្ស៊ី​អភិវឌ្ឍ​បានសម្រេច តែ​ប្រទេស​ផ្សេង​មិនទាន់មាន​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក លោក ពូ​ទីន អះអាងថា បើ​ចង់​ឈ្នះ​សង្គ្រាម រុស្ស៊ី​តែ​ត្រូវតែ​ខ្លាំង​គូប្រជែង​របស់ខ្លួន​។​

 
​ចំពោះមុខ​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​ជាច្រើនរូប លោក​ប្រធានាធិបតី វ៉ា្ល​ឌី​មៀ ពូ​ទីន ប្រកាស​ច្បាស់ៗ​ថា រុស្ស៊ី​ចំណាយ​លើ​វិស័យ​យោធា​តិចជាង​ប្រទេស​ផ្សេង តែមាន​ប្រសិទ្ធភាព​ជាង​ដោយបាន​អភិវឌ្ឍ​អាវុធ​ទំនើបៗ​ដែល​ប្រទេស​ផ្សេង​ព្យាយាម​ធ្វើតាម​ដែរ​។ លោក ពូ​ទីន ចាត់ទុក​រឿងនេះ ជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​រុស្ស៊ី ព្រោះ​កន្លងមក​អតីត​សហភាពសូវៀត មិនអាច​ធ្វើបែបនេះ​បានឡើយ និង​មានតែ​អភិវឌ្ឍ​តាម​ប្រទេស​ផ្សេង​។ 
 
​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​២៤ ខែធ្នូ លោក ពូ​ទីន បាន​និយាយ​ដល់​អាវុធ​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី​។ បើតាម​ទូរទស្សន៍​រុស្ស៊ី RT ប្រធានាធិបតី​រុស្ស៊ី​បញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មាន​ប្រទេស​ណា​មាន​អាវុធ​បែបនេះ​ទេ កុំថាឡើយ​ដល់​អាវុធ​លឿន​ជាង​សំឡេង​បាញ់​ឆ្លង​ទ្វីប​នោះ​។ រុស្ស៊ី មាន​អាវុធ​ប្រភេទ​នេះ​ដែល​ភ្ជាប់​ជាមួយ​មី​ស៊ី​ល Kinzhal ខណៈដែល​មី​ស៊ី​ល​លឿន​ជាង​សំឡេង Avangard កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​យោធា​ផងដែរ​។​
 
​លើសពីនោះ សព្វាវុធ​នុយក្លេអ៊ែរ​រ​បស់​រុស្ស៊ី​ដែល​បាញ់​ចេញពី​លើគោក ក្នុង​ទឹក និង​ការទម្លាក់​ពី​អាកាស បាន​កើន​ឡើងដល់​ទៅ​៨២​ភាគរយ​នៃ​អាវុធ​ទំនើបៗ​របស់​រុស្ស៊ី​។ នេះ​ជាការ​បន្ថែម​របស់លោក ពូ​ទីន ដែល​បន្តថា កងទ័ព​រុស្ស៊ី​មាន​សមត្ថភាព​ការពារ​ផលប្រយោជន៍​របស់ខ្លួន​បាន​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu ប្រកាសថា នៅ​ឆ្នាំក្រោយ ទ័ព​រុស្ស៊ី​នឹង​ទទួលបាន​មី​ស៊ី​ល​អន្តរទ្វីប Yars និង Avangard ថែម ខណៈ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​ធុន Borei អាច​ប្រើប្រាស់​បាន​ផងដែរ​។ នាវាមុជទឹក​ធុន Borei ចំនួន​៦​គ្រឿង​ទៀត នឹងដាក់​ឲ្យ​ប្រើប្រាស់​បន្តបន្ទាប់​
 
​ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក លោក​បន្តថា អាវុធ​របស់​រុស្ស៊ី​ត្រូវតែ​ល្អ​លើស​គូប្រជែង​។ «​ប្រសិនបើ​ចង់​ឈ្នះ​សង្គ្រាម បច្ចេកវិទ្យា​របស់​យើង ត្រូវបាន​ខ្លាំង​ជាង​អាវុធ​កម្រិត​ពិភពលោក​។ វា​មិនមែនជា​ការលែង​អុក​ដែល​ការប្រកួត​មាន​ស្មើ​នោះឡើយ​។​» លោក ពូ​ទីន និយាយ​ដូចនេះ​ក្នុង​កិច្ចប្រជុំ​ដដែល​។ 
 
​ក្រៅពី​រឿង​អាវុធ លោក ពូ​ទីន ក៏​និយាយ​ការប្រកួតប្រជែង និង​ការប្រឈមមុខ​ជាមួយ​អាមេរិក​ក្រោយ​ការដើរ​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម​។ ប្រមុខ​ការទូត​អាមេរិក ម៉ាក អេ​ស្ពើ ជា​អ្នក​បង្ហើប​ទីតាំង​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន​។ មេដឹកនាំ​រុស្ស៊ី បានចេញ​បញ្ជា​ឲ្យ​តាមដាន​ឲ្យ​ម៉ត់ចត់​លើ​គម្រោង​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​ខ្លី និង​មធ្យម​របស់​អាមេរិក​នៅ​ទូទាំង​ពិភពលោក ពិសេស​នៅ​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នៅជាប់​រុស្ស៊ី​បំផុត​៕ 

Tag:
 អាមេរិក​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com