ជាតិ
ស៊ីម៉ាក់​បាន ២,៥​លាន​ដុល្លារ​សម្រាប់​គម្រោង «​ជំនួយ​ចិន​ដើម្បី​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​»
26, Dec 2019 , 7:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា
រូបភាពពីទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្តល់ជំនួយ​២​លាន​៥​សែន​ដុល្លារ​អាមេរិក ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោស​សំ​អាមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។

 
​លោក ហេង រតនា នាយក​នៃ​អង្គភាព​ស៊ីម៉ាក់​បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​២០១៩ ថា ជំនួយឥតសំណង​ចំនួន​២,៥​លាន​ដុល្លារ របស់​រដ្ឋាភិបាល​ចិន​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្ត​គម្រោង «​ជំនួយ​ចិន​ដើម្បី​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​»​។ 
 
​គម្រោង​នេះ គាំទ្រ​ការពង្រាយ​កម្លាំង​ប្រតិ​ប​តិ្ត​ការ​របស់​អង្គភាព​ស៊ីម៉ាក់​នៅ​ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តស្ទឹងត្រែង រួមទាំង​កម្លាំង​អន្តរាគមន៍​នៅ​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ជាដើម លើ​ផែនការ​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​ជាង​១៧​គីឡូម៉ែត្រ​ក្រឡា​។ 
 
​គម្រោង​ជំនួយ​ចិន​ដើម្បី​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​នេះ ត្រូវការ​កម្លាំង​ជំនាញ​ជិត​៣០០​នាក់ ក្នុង​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃទី​១​មករា​ដល់​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០២០​។ គម្រោង​ជំនួយឥតសំណង​រដ្ឋាភិបាល​ចិន​នេះ មាន​រយះពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០​ដល់​២០២២ ហើយ​ជំនួយ​២.៥​លាន​ដុល្លារ​នេះ គឺជា​ឆ្នាំ​ទី​១​។​
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ចុះ ផ្សព្វផ្សាយ​ការអប់រំ ពី​ការយល់ដឹង​អំពី គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ ដល់​ពលរដ្ឋ​ជាង​៥៣​ម៉ឺន​នាក់​។ ជាមួយគ្នា​ដែរ អង្គភាព​ស៊ីម៉ាក់ បាន​កម្ទេចចោល​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ជាង​៣.៦​ម៉ឺន​គ្រាប់​៕ 

Tag:
 CMAC
  បោសសម្អាត​មីន​
  ជំនួយ​ចិន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com