សង្គមអន្តរជាតិ​
អន្តរជាតិ
ជើងហោះហើរ​មួយ​បាន​បក​ក្រោយ ដោយសារ​ស្ត្រី​ម្នាក់​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​បាន​កន្លែង​អង្គុយ​ទូលាយ
27, Dec 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នា​ក់នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​ចោទប្រកាន់ថា បានធ្វើ​ពុត​ជា​ឈឺ ដើម្បី​ទទួលបាន​កន្លែង​អង្គុយ​ទូលាយ​នៅក្នុង​យន្តហោះ​។ បើតាម​ការផ្សាយ​របស់ CNN ករណីនេះ បាន​បង្ខំ​ឲ្យ​យន្តហោះ​បក​ក្រោយ​ចុះចត​នៅ​អាកាសយានដ្ឋាន​វិញ​។​

 
​កាលពីដើម​ខែធ្នូ កន្លងមក យន្តហោះ​របស់​ក្រុមហ៊ុន American Eagle ស្ថិតក្នុង​ដំណើរ​ពី​ក្រុង Pensacola ទៅ​ក្រុង Miami សហរដ្ឋអាមេរិក​។ អង្គុយ​ក្បែរ​បង្អួច ថ្លង់​សំឡេង​ក្មេង​យំ និង​មនុស្ស​និយាយ​គ្នាច្រើន បាន​បង្ខំ​ឲ្យ​អ្នកដំណើរ​ស្ត្រី​ម្នាក់ ធ្វើ​រឿង​មួយ​ដែល​មិន​នឹង​ស្មាន​ដល់​។ 
 
​យោងតាម CNN ស្ត្រី​រូបនោះ បាន​ត្អូញត្អែរថា ខ្លួន​មិនមាន​កន្លែង​អង្គុយ​សមរម្យ ហើយ​ស្នើសុំ​ទីតាំង​ដែល​ទូលាយ ដោយសារតែ​គាត់​មាន​ជំងឺផ្លូវចិត្ត​។ ក្រុម​បាហុនិកា មិនអាច​ឆ្លើយតប​តាម​សំណូមពរ​គាត់​បាន​នោះឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​យន្តហោះ សម្រេចចិត្ត​បើក​បក​ក្រោយ​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​វិញ​។​
 
​ក្នុងពេល​ធ្វើដំណើរ​ត្រឡប់ក្រោយ ក្រុម​បាហុនិកា សង្កេតឃើញ​ច្បាស់​ថា អ្នកដំណើរ​នោះ មិនមាន​ជំងឺ​អ្វី​នោះឡើយ​។ ពេល​ចុះចត ក្រុមប៉ូលិស​បាន​ចុះទៅ​អន្តរាគមន៍​ដល់​លើ​យន្តហោះ ប៉ុន្តែ​ស្ត្រី​អ្នកដំណើរ​បដិសេធ​ចុះ​ពី​យន្តហោះ​។ ក្រោយ​ការបង្ខំ និង​បញ្ចុះបញ្ចូល​រយៈពេល​ដ៏​យូរ​ទើប​គាត់​សម្រេចចិត្ត​ចុះ​។​
 
​ប៉ូលិស​ក្រុង Pensacola បាន​នាំ​ស្ត្រី​រូបនោះ ទៅកាន់​មន្ទីរ​ពិនិត្យ​ចិត្តសាស្ត្រ​មួយ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺ ប៉ុន្តែ​គេ​រក​មិនឃើញ​ភាពមិនប្រក្រតី​ណាមួយ​ឡើយ​។ ច្បាប់​នៅ​រដ្ឋ Florida បាន​តម្រូវ​ឲ្យ​ឃុំខ្លួន​មនុស្ស​ដែល​ធ្វើ​ពុត​ជា​ឈឺ​ដោយសារ​ជំងឺផ្លូវចិត្ត​។ 
 
CNN បានបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រី​ដែល​មិន​ត្រូវបាន​បង្ហើប​ឈ្មោះ​រូបនោះ មាន​សេរីភាព​វិញ​ហើយ ប៉ុន្តែ​គាត់​ក៏​មិនអាច​គេច​ផុតពី​ការពិន័យ​នោះដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com