ជាតិ
ទោះ​មិនសូវមាន​អ្នកទិញ អ្នកស្រី ស្រអែម នៅតែ​បន្ត​របរ​កែច្នៃ​ត្រឡោក ដែល​ចេះ​ពី​ឪពុក
27, Dec 2019 , 8:59 am        
រូបភាព
អ្នកស្រី ស្រអែម កំពុងអង្គុយច្នៃវត្ថុអនុស្សាវរីយ៍  និងរូបត្រឡោកដូងច្នៃរួច (រូបភាពអ្នកស្រី ស្រអែម)
អ្នកស្រី ស្រអែម កំពុងអង្គុយច្នៃវត្ថុអនុស្សាវរីយ៍ និងរូបត្រឡោកដូងច្នៃរួច (រូបភាពអ្នកស្រី ស្រអែម)
​អ្នកស្រី សង ស្រអែម បន្ត​កែច្នៃ​ត្រឡោក​ដូង​ជា ប៉ាន់ ចាន វែក និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ អ្នកស្រី ស្រអែម មិន​ហ៊ាន​ផលិត​ច្រើន​នោះទេ ព្រោះ​មិនសូវមាន​ទីផ្សារ​។ យ៉ាងណាក៏ដោយ អ្នកស្រី ស្រអែម ដែល​ចេះ​ជំនាញ​កែច្នៃ​នេះ ពី​ឪពុក​ខ្លួន ប្ដេជ្ញា​នៅ​បន្ត​ប្រកបមុខរបរ​នេះ ដោយ​មិន​បោះបង់ចោល​នោះទេ ។ 


 
​សិប្បកម្ម​ច្នៃ​ត្រឡោក ជា​លក្ខណៈ​គ្រួសារ ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់ ឃុំ​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប របស់​អ្នកស្រី ស្រអែម បាន​ដំណើរការ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​បន្ត​មុខរបរ​នេះ ពី​ឪពុក​ខ្លួន​។ ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ អ្នកស្រី ស្រអែម អាច​លក់​ប៉ាន់ ដែល​ច្នៃ​ពី​ត្រឡោក​ដូង​បាន​ជាង​១០​ប៉ាន់​ប៉ុណ្ណោះ ដោយសារ​មិនសូវមាន​អ្នកគាំទ្រ ខណៈ​ទំនិញ​ប្រភេទ​នេះ មានការ​នាំចូល​ពី​ក្រៅប្រទេស​ផងដែរ​។​
 
«​ភាគច្រើន​លក់ដាច់​ភ្ញៀវ​បរទេស ចំណែក​ខ្មែរ​វិញ​មានតែ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​នេះឯង ដែល​ទិញ​យកទៅលក់​បន្ត ប៉ុន្តែ​មិន​ច្រើន​ទេ ក្នុង​មួយខែ​ខ្ញុំ​លក់បាន​ប្រហែល​១៥​ប៉ាន់ និង​របស់​អនុស្សាវរីយ៍​មួយចំនួនទៀត​។ បើតាម​ខ្ញុំ​ដឹង​របស់​ដែល​ច្នៃ​ពី​ត្រឡោក​ដូង​នេះ មាន​នាំចូល​ពី​វៀតណាម​រួមទាំង​តម្លៃ​ធូរ​ថ្លៃ​ជាង​របស់​នៅក្នុង​ស្រុក​»​។ នេះ​បើតាម​ម្ចាស់​សិប្បកម្ម​អ្នកស្រី ស្រអែម ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​។ 


ត្រឡោកដូងដែលច្នៃរួច (រូបភាពពីអ្នកស្រី សង ស្រអែម)
 
​ទន្ទឹមនឹងនេះ អ្នកស្រី ស្រអែម បាន​បន្តថា ប៉ាន់​ដែល​អ្នកស្រី​លក់ មានតម្លៃ​១​ម៉ឺន​៥​ពាន់​រៀល​ទៅ​២​ម៉ឺន​រៀល ហើយ​វែក​តម្លៃ​ជាង​៦​ពាន់​រៀល​។ រយៈពេល​មួយខែ ម្ចាស់​សិប្ប​កម្មនេះ អាច​រកចំណូលបាន​ជា​ង​៥០​ម៉ឺន​រៀល ដែល​ក្នុងនោះ ចំណូល​ពី​ការលក់​ប៉ាន់​បាន​២០​ទៅ​៣០​ម៉ឺន​រៀល​។ ក្នុង​មួយថ្ងៃៗ អ្នកស្រី ស្រអែម និង​ស្វាមី អាចមាន​លទ្ធភាព​ធ្វើ​ប៉ាន់តែ វែក និង​ចាន ចំនួន​៨​ប៉ុណ្ណោះ ដោយសារ​ត្រូវ​ចំណាយពេល​ខាត់​និង​ផ្ចិតផ្ចង់​ផ្គុំ​ប​ញ្ជូ​ល​គ្នា​។  
 
​បើតាម​អ្នកស្រី ស្រអែម  វត្ថុធាតុដើម មិន​ពិបាក​រក​នោះទេ គឺ​ទិញ​នៅ​កន្លែង​លក់​ដូង​តាម​ផ្សារ ដោយ​ត្រឡោក​ដូង មួយ​ការុង តម្លៃ​៥​ពាន់​រៀល​។ ចំណែកឯ ត្រឡោក​ដែល​បញ្ជា​ឲ្យ​ឈ្មួញ​អារ​ទុក សម្រាប់ធ្វើ​ប៉ាន់​ត្រឡោក​មួយ តម្លៃ​១​ពាន់​រៀល​។​
 
«​មុខរបរ​នេះ អាច​ទ្រទ្រង់បាន​លើ​ការរស់នៅ តែ​មិនឆាប់​មាន​ធូរធារ​នោះទេ ព្រោះ​គ្មាន​ទីផ្សារ​ធំដុំ​។ ខ្ញុំ​នៅតែ​បន្តធ្វើ​ការងារ​នេះ រហូត​ហ្នឹង ព្រោះ​ការងារ​នៅ​មួយកន្លែង ហើយ​ខ្ញុំ​ចេះ​ស្រាប់​ពី​ឪពុក​ខ្ញុំ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​របស់​អ្នកស្រី ស្រអែម ដោយ​បន្ថែមថា អំឡុង​ខែធ្នូ​នេះ កំពុងមាន​អ្នកបញ្ជា​ទិញ ដែល​អាច​លក់បាន​ចន្លោះ​២០​ទៅ​៣០​ក្នុង​មួយថ្ងៃ​៕ 


​ប៉ាន់តែច្នៃពីត្រឡោកដូង (រូបភាពពី អ្នកស្រី ស្រអែម)

Tag:
 សិប្បកម្ម​
  ត្រឡោក​
© រក្សាសិទ្ធិដោយ thmeythmey.com