ជាតិ
រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ភ្លើង​លម្អ​ក្រុង ត្រៀម​ស្វាគមន៍​ឆ្នាំ​សកល​
28, Dec 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ភ្លើង​លម្អ​ជាច្រើន​កន្លែង ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ដំឡើង និង​រៀបចំ​រួចរាល់​ហើយ សម្រាប់​ការទទួល​ស្វាគមន៍​ឆ្នាំ​សកល ឆ្នាំ​ថ្មី ឆ្នាំ​២០២០​។ នៅ​ឆ្នាំនេះ រដ្ឋបាលខេត្ត​គ្រោង​រៀបចំ​កម្មវិធី​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​សួនច្បារ​ព្រះរាជដំណាក់ ដែល​គ្រោង​មាន​អ្នកចូលរួម​ច្រើន​កុះករ​។​

 
​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ពិសេស​តំបន់​ផាប់​ស្ទ្រី​ត និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រូវបាន​រៀបចំ​ដំឡើង​ភ្លើង​ចម្រុះ​ពណ៌ និង​ផ្ទាំង​បដា ត្រៀម​ស្វាគមន៍​ឆ្នាំ​សកល ឆ្នាំ​២០២០ ដែល​នឹង​មកដល់​នាពេល​ឆាប់​ខាងមុខនេះ​។ នៅ​ឆ្នាំ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​ស្វាគមន៍​ឆ្នាំ​សកល​នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ដែល​គ្រោង​មាន​កម្មវិធី​កម្សាន្ត ការតាំងពិព័រណ៍ ការសម្ដែង​សិល្បៈ រួម​និង​ការបាញ់​កាំជ្រួច​នៅ​ទីនោះ​ផង​។ អភិបាលខេត្ត លោក ទៀ សីហា ក៏​គ្រោង​ចូលរួម​កម្មវិធី​ដ៏​ពិសេស​នេះដែរ​។​
 
​ក្រៅពី​ការរៀបចំ​របស់​ខេត្ត ក្នុងនោះ​នៅតាម​បណ្ដា​សណ្ឋាគារ និង​ស្ថាប័ន​ធំៗ ក៏មាន​ការរៀបចំ​ភ្លើង​ដ៏​ស្រស់ស្អាត​ផងដែរ​។ នាពេល​រាត្រី ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​កម្សាន្ត និង​ផ្តិតរូប​លេង​យ៉ាង​សប្បាយរីករាយ​។​
 
​ទាក់ទង​នឹង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​នេះដែរ រដ្ឋបាល​ខេត្តសៀមរាប​បានចេញ​សារា​ចរណ៍ ប្រកាស​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន​នៅ​តំបន់​ផ្លូវ​ជុំវិញ​ផាប់​ស្ទ្រី​ត ដោយ​ទុក​សម្រាប់​អ្នក​ថ្មើរជើង បង្ការ​ក្រែង​មានការ​កកស្ទះ​ដោយ​រថយន្ត​ធុន​ធំ​៕













Tag:
 ភ្លើង​លម្អ​ក្រុង​
  ផាប់​ស្ទ្រី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com