ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិ​បារាំង​ដ៏​ល្បី​ម្នាក់ ប៉ង​រស់នៅ​កម្ពុជា​ជា​រៀងរហូត ព្រោះ​ស្រឡាញ់​ទំនៀមទម្លាប់​ខ្មែរ
29, Dec 2019 , 8:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក  Piquard Jérémie (​ពី​កាត ជឺ​រ៉េមី​) គឺជា​ជនជាតិ​បារាំង​ម្នាក់ ដែល​លេចធ្លោ​ក្នុងការ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម បរិស្ថាន និង​រឿងរ៉ាវ​នានា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប រហូត​មានឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង ក្នុង​ស្រទាប់​យុវជន​ខ្មែរ​។ លោក​អះអាងថា ការ​ឈឺឆ្អាល​អំពី​បញ្ហា​ប្រយោជន៍​រួម​នេះ ក៏​ព្រោះតែ​លោក​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ចង់​រស់នៅ​កម្ពុជា​ជា​រៀងរហូត​។   


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖



 
​លោក  Piquard Jérémie ត្រូវមាន​មហាជន​ខ្មែរ​ស្គាល់ តាមរយៈ​វេ​ហោ​សាស្ត្រ​ជា​ភាសា​ខ្មែរ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Jeremie KC Khmer Cartoons​។ លោក​ជាម​នុស្ស​ឈឺឆ្អាល រឿង​ប្រយោជន៍​រួម​ម្នាក់ ដោយ​តែងតែ​បង្ហាញ​មតិយោបល់​របស់ខ្លួន​ជុំវិញ​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម​ផ្សេងទៀត បើទោះបី​លោក​មិនមែន​ជាតិ​ជាតិខ្មែរ​ក៏ដោយ​។ 
 
​ជា​ជនជាតិ​បារាំង តែមាន​ភរិយា​ជនជាតិខ្មែរ បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​លោក​ចូលចិត្ត​និយាយ​រឿងរ៉ាវ​ទាំងនេះ ក៏​ព្រោះ លោក​ចង់បង្ហាញ​យោបល់​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​ខ្វល់ខ្វាយ​ពី​បញ្ហា​សង្គម ដែល​លោក​កំពុង​រស់នៅ​ដែរ និង​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​។   
 
​លោក  Piquard Jérémie ដែល​បានចាត់ទុក​ខ្លួនឯង​ជា​ជន​ខ្មែរ ទាំង​ខ្លួន​មិនទាន់​ទទួលបាន​សញ្ជាតិ​ខ្មែរ បាន​អះអាងថា​៖«​ខ្ញុំ​ចូលចិត្ត​ការពារ​អ្វីដែល​ខ្ញុំ​ស្រឡាញ់ ហើយ​បើ​នរណា​និយាយ​អាក្រក់​ពី​ប្រទេស​កម្ពុជា ខ្ញុំ​ចង់​ប្រាប់​យោបល់​ខ្ញុំ​ដូចគ្នា​»​។​


 
​ស្រឡាញ់​ទំនៀមទម្លាប់​ប្រជាជន​កម្ពុជា ទើប​ជនជាតិ​បារាំង​រូបនេះ ចង់​ផ្ញើ​ឆ្អឹង​នៅ​កម្ពុជា​
 
​លោក Piquard Jérémie ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ បានល្អ​គ្រាន់បើ​ដែរ  ដើម្បី​ទំនាក់ទំនង​ការងារ និង​ស្វែងយល់​ពី​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​។ បើតាម​លោក Piquard Jérémie លោក​បាន​ខិត​ខំរៀន​ភាសា​ខ្មែរ​តាំងពី​លោក​នៅ​ប្រទេស​បារាំង តាមរយៈ​ការស្រាវជ្រាវ​លើ​អ៊ី​ន​ធឺ​ណេ​ត​។ បន្ទាប់ពី​ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ​បាន​ខ្លះ លោក​ក៏បាន​សម្រេចចិត្ត មក រកស៊ី និង​រស់នៅ​កម្ពុជា​។ 
 
​លោក​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​រស់នៅ​ប្រទេស​កម្ពុជា ដោយសារតែ​កាល​នៅ​ប្រទេស​បារាំង ខ្ញុំ​មានឱកាស មក​ដើរលេង​ស្រុក​ខ្មែរ​ជាមួយ​ប្រពន្ធ​ខ្ញុំ​។ ពេលនោះ ខ្ញុំ​ចាប់អារម្មណ៍​ពី​វប្បធម៌​ខ្មែរ ទេសភាព​ស្រស់ស្អាត ម្ហូប​ឆ្ងាញ់ និង​ប្រជាជន​រួសរាយ​មែនទែន និង​ចិត្តល្អ​។ ទាំងអស់​ហ្នឹង ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់នៅ​កម្ពុជា​»​។ 
 
​លោក​បន្តថា​៖«​បរទេស​ភាគច្រើន ប្រាប់ថា​ខ្មែរ​មាន​ស្នាមញញឹម​រហូត​។ ហើយ​លក្ខណៈ​វិជ្ជមាន​របស់​ខ្មែរ គឺ​ចេះ​ជួយ​គ្នា​ពេល​មាន​បញ្ហា និង​រួសរាយ​មែនទែន​ជាមួយ​អ្នកដទៃ​។ នៅ​ប្រទេស​កម្ពុជា ក៏មាន​យុវជន​ច្រើន​ដែរ ហើយ​ពួកគាត់​មាន​ទេពកោសល្យ​ច្រើន គួរ​ឲ្យ​ចាប់អារម្មណ៍​។ ចំណែក​លក្ខណៈ​អាក្រក់ ខ្ញុំ​គិតថា គ្រប់​ប្រទេស​ណា ក៏មាន​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ​។ នៅទីនេះ ក៏មាន​មនុស្ស​អាក្រក់​។ ខ្ញុំ​ធ្លាប់​លឺថា មាន​អ្នក​លួច​ឥ​វ៉ាន់​គេ បោកប្រាស់​យក​ទូរស័ព្ទ ប៉ុន្តែ វា​ជា​រឿង​ធម្មតា នៅ​ប្រទេស​ណា​ក៏មានដែរ​»​។ 
​ក្រៅពី​ឧស្សាហ៍ Live និយាយ​ពី​ប្រយោជន៍​រួម លោក​ក៏​យក​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​នេះ ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ពី​ហាង​ប៊ឺ​ហ្គឺ​របស់លោក​ផងដែរ​។ 


 
Piquard Jérémie ចង់​បន្ត​របរ​ឪពុក​ខ្លួន​នៅ​កម្ពុជា 
 
​លោក  Piquard Jérémie គឺជា​អ្នកជំនួញ​ម្នាក់ ដែល​បាន​ចូលមក​រកស៊ី និង​រស់នៅ​កម្ពុជា​តាំងពី​៤​ឆ្នាំមុន​មកម្ល៉េះ​។ លោក​ជា​ម្ចាស់​ហាង​ប៊ឺ​ហ្គឺ​មួយ នៅ​ទី​រួម​ខេត្តបាត់ដំបង​។ មាន​ឪពុក​ជា​អ្នកផលិត​នំ​បុ័ង និង​មាន​ហាង​លក់​នំ​បុ័ង​នៅ​ប្រទេស​បារាំង ទើប​បុរស​រាង​ខ្ពស់​រូបនេះ មានចំណេះដឹង​ផ្នែក​ផលិត​នំ​បុ័ង និង​របៀប​គ្រប់​គ្រង់​ហាង​ពី​ឪពុក រហូត​វិ​វត្ត​ខ្លួន ក្លាយជា​អ្នកលក់​ប៊ឺ​ហ្គឺ​ដ៏​ល្បី​មួយ​នៅ​ខេត្តបាត់ដំបង​។​
​បើតាម លោក Piquard Jérémie ប្រជាជន​បារាំង មាន​ទម្លាប់​ញ៉ាំ​នំ​បុ័ង និង​ប៊ឺ​ហ្គឺ​តាំងពីដើម​មក​។ ដូច្នេះ ទើប​លោក​ហាក់​មិន​ពិបាក ក្នុងការ​បើកហាង​ប៊ឺ​ហ្គឺ​នោះឡើយ​។ ជាងនេះទៅទៀត លោក​ថែមទាំង​បន្ថែម​នូវ​រសជាតិ​ប៊ឺ​ហ្គឺ​កូនកាត់ ដោយសារតែ​គ្រឿងផ្សំ​មួយចំនួន លោក​បាន​យក​ពី​ប្រទេស​កម្ពុជា ដូចជា​ការធ្វើ​ទឹកជ្រលក់​មាន​ម្រេច​កំពត និង​សាច់គោ​ខ្មែរ​ជាដើម​។ 
​មាន​រាង​ខ្ពស់ស្រឡះ និង​មាន​ចរិត​រួសរាយ Piquard Jérémie បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​បាន​បើកហាង​ប៊ឺ​ហ្គឺ​នៅ​បាត់ដំបង ដោយសារ​តែមាន​ភ្ញៀវ​បរទេស​ខ្លះ មិនចេះ​ញ៉ាំ​ម្ហូប​ខ្មែរ​ទេ ហើយ​ក៏មាន​យុវជន​ខ្មែរ​ចង់​សាក​ម្ហូប​បារាំង​ដែរ​។ ខ្ញុំ​ក៏មាន​បទពិសោធ​ធ្វើ​ម្ហូប ដោយសារ​ប៉ា​ខ្ញុំ​ជា​អ្នកធ្វើ​នំ​បុ័ង ចឹ​ង​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ជួយ​គាត់​ធ្វើ​នំ​បុ័ង និង​ធ្វើ​ម្ហូប​ដែរ​»​។​
 
​តាមពិតទៅ លោក​ជា​អតីត​និស្សិត​ជំនាញ Design នៅ​បារាំង ហើយ​បច្ចុប្បន្ន លោក​ក៏​ធ្វើ​ការងារ​ជំនាញ​នេះដែរ បន្ទាប់ពី​ទំនេរ​ពី​ការគ្រប់គ្រង​ហាង​។ ទន្ទឹមនឹង​ប្រកបការងារ លោក​ក៏​ជា​មនុស្ស​ដ៏​សកម្ម​ម្នាក់ ដែល​តែងតែ​ឈឺឆ្អាល​ពី​បញ្ហា​ពលរដ្ឋ​កម្ពុជា នៅលើ​បណ្តាញ​សង្គម​។ ការ​ឈឺឆ្អាល​នេះ ក៏​ព្រោះតែ​លោក​ស្រឡាញ់​ប្រទេស​កម្ពុជា រហូត​លោក​ចង់​រស់នៅ​ប្រទេស​កម្ពុជា​ជា​រៀងរហូត​។ ក្រៅពី​បញ្ចេញ​មតិយោបល់ នៅ​ថ្ងៃ​ខាងមុខ លោក​ចង់​បង្កើត​អង្គការ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​ទៀតផង​៕              









Tag:
 Jeremie
  ជនជាតិ​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com