អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ចោទ​លោក ពូ​ទីន ថា និយាយ​កុហក​ពី​មូលហេតុ​ផ្ទុះ​សង្គ្រាមលោកលើកទីពីរ​
30, Dec 2019 , 5:51 pm        
រូបភាព
នាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki ប្រតិកម្មនឹងសម្ដីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជុំវិញការផ្ទុះសង្រ្គាមលោកលើកទីពីរ។
នាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki ប្រតិកម្មនឹងសម្ដីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជុំវិញការផ្ទុះសង្រ្គាមលោកលើកទីពីរ។
​នាយករដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki នៅ​ថ្ងៃទី​២៩ ខែធ្នូ បាន​ប្រតិកម្ម​តប​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បាន​ទម្លាក់កំហុស​លើ​ប៉ូឡូញ​ជុំវិញ​ការផ្ទុះ​សង្គ្រាមលោកលើកទីពីរ​។ ប្រមុខ​រដ្ឋាភិបាល​ប៉ូឡូញ អះអាងថា មេដឹកនាំ​រុស្ស៊ី​និយាយ​កុហក​ដើម្បី​បិទបាំង​បរាជ័យ​ក្នុងស្រុក​ខ្លួន​ប៉ុណ្ណោះ​។

 
​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​កុហក​ពី​ប៉ូឡូញ​ជាច្រើនលើក ហើយ​គាត់​តែងតែ​ធ្វើ​ដោយមាន​ចេតនា​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៩ ខែធ្នូ ដើម្បី​ឆ្លើយតប​នឹង​ការលើកឡើង​នៅពេល​ថ្មីៗ​នេះ​របស់លោក ពូ​ទីន ដែល​ចោទ​ប៉ូឡូញ​ថា ធ្វើ​ឲ្យ​មាន​សង្គ្រាមលោកលើកទីពី​រ​។ 
 
​កាលពី​ដើមខែ​នេះ លោក ពូ​ទីន និយាយ​ក្នុងជំនួប​មួយ​ដោយ​ចោទ​ប៉ូឡូញ និង​ប្រទេស​លោកខាងលិច​ថា នៅ​ពីក្រោយ​សង្គ្រាមលោកលើកទី​ពីរ​តាមរយៈ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ជាច្រើន​ជាមួយ​ណា​ស៊ី​អាល្លឺម៉ង់​មុន​សង្គ្រាម​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៣៩​។ ទីក្រុង​វ៉ា​សូវី ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​រុស្ស៊ី​ទៅ​តវ៉ា​លើ​ការលើកឡើង​បែបនេះ និង​ប្រាប់​វិញ​ថា ប្រជាជន​ប៉ូឡូញ​ជាង​៦​លាន​នាក់ បាន​បង់ជីវិត​ដោយសារ​ជម្លោះ​ដ៏​ធំ​មួយ​នេះ​។​
 
​ទំនង​មិន​ពេញ​ចិត្តនឹង​រឿងនេះ លោក Morawiecki ដែល​ចោទ​លោក ពូ​ទីន ចំៗ​ថា​និយាយ​កុហក​នោះ អះអាងថា សម្ដី​មិន​ពិត​បែបនេះ តែង​កើតមាន​នៅពេលដែល​អាជ្ញាធរ​រុស្ស៊ី​រង​សម្ពាធ​អន្តរជាតិ​ដោយសារ​ទង្វើ​របស់​ពួកគេ​។ លោក​បន្តថា ក្នុងពេល​សប្ដាហ៍​ថ្មីៗ​នេះ រុស្ស៊ី​រង​បរាជ័យ​ធ្ងន់ៗ​ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បរាជ័យ​របស់​រុស្ស៊ី​ដែល​លោក Morawiecki និយាយ​មានដូចជា ការអូសបន្លាយ​ពេល​ដាក់ទណ្ឌកម្ម​របស់​អឺរ៉ុប​លើ​រុស្ស៊ី​ទាក់ទង​ការ​លេប​យក​តំបន់​គ្រី​មេ អត្ត​ព​លិ​ក​រុស្ស៊ី​ត្រូវ​ហាម​ចូលរួម​សកម្មភាព​កីឡា​បួន​ឆ្នាំ និង​បរាជ័យ​ក្នុងការ​គ្រប់គ្រង​បេឡា​រុស​ជាដើម​។ នាយករដ្ឋមន្ត្រី​ប៉ូឡូញ​រូបនេះ មិនបាន​និយាយ​ឲ្យ​ច្បាស់លាស់​ឡើយ​លើ​បញ្ហា​ទាំងនេះ តែ​បញ្ជាក់ថា ការណ៍​ដែល​លោក ពូ​ទីន និយាយ​កុហក គឺ​ដើម្បី​បិទបាំង​បញ្ហា​ក្នុងស្រុក​ទាំង​អម្បាលម៉ាន​។​
 
​ទាក់ទង​សង្គ្រាមលោកលើកទីពីរ​នេះ មុនពេល​អាល្លឺម៉ង់​ឈ្លានពាន​ប៉ូឡូញ​ក្នុង​សង្គ្រាម​ផ្លេកបន្ទោរ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ ក្រុម​ណា​ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង Molotov-Ribbentrop ជាមួយ​សហភាពសូវៀត​ដែល​ពុះ​ច្រៀក​អឺរ៉ុប​ខាងកើត​ជា​ពីរ​។ អំឡុងពេល​ផ្ដើម​សង្គ្រាមលោក​លើក​ពីរ ទ័ព​ក្រហម​ក៏​វាយលុក​ប៉ូឡូញ ហើយ​ទ័ព​ណា​ស៊ី ក៏​បើក​ការវាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើ​សហភាពសូវៀត​នៅ​ឆ្នាំ​១៩៤១ ៕

Tag:
 ប៉ូឡូញ​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Mateusz Morawiecki
© រក្សាសិទ្ធិដោយ thmeythmey.com